រតនគីរី ៖ លំនៅដ្ឋានមួយកន្លែងដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោក ឡាក់ វណ្ណរិទ្ធិ ហៅ ចេកមានតួនាទីជាអធិការរង ស្រុកអណ្តូងមាស ទទួលបន្ទុកផ្នែកសន្តិសុខ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត សហការណ៍ជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុកអណ្តូងមាសនិងនគរបាលប៉ស្តិ៍ឃុំម៉ាលិក ចុះឆែកឆេរ កាលពីវេលាម៉ោង ៤ល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣នេះ ។
ករណីចុះឆែកឆេលំនៅដ្ឋានរបស់លោកអធិការរងនគរបាលស្រុកអណ្តូងមាសស្ថិតក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាសខេត្តរតនគីរី រកឃើញឈើប្រណិតជាច្រើនប្រភេទរួមមាន៖ បេង, នាងនួននិងធ្នង់ជាច្រើនដុំបើគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។ ប្រតិបត្តិការចុះឆែកឆេរនេះដឹកនាំដោយលោក ម៉ម វណ្ណដាព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និងមានការចូលរួមពីលោកវរសេនីយ៍ឯកនូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុប្រាប់បន្តទៀតថាបន្ទាប់ពីធ្វើការឆែកឆេររួច កម្លាំងសមត្ថកិច្ចឃើញមានឈើប្រណីតជាច្រើនប្រភេទ ដូចជា បេង, នាងនួន និងធ្នង់ជាច្រើនដុំបើគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ។ ប៉ុន្តែការចុះប្រតិបត្តការនេះ ម្ចាស់ផ្ទះលោកឡាក់ វណ្ណរិទ្ធិហៅចេក ហាក់បីដូចជាដឹងខ្លួនមុន ក៏គេចខ្លួនបាត់បន្សល់ទុកតែប្រពន្ធនៅផ្ទះប្រឈមមុខចំពោះក្រុមសមត្ថកិច្ច ។
បន្ទាប់មកក្រុមសមត្ថកិច្ច បានប្រមែប្រមូលឈើប្រណីតជាច្រើនដុំនៅក្នុងផ្ទះធ្វើកំណត់ហេតុ ដើម្បីឲ្យប្រពន្ធ លោក អធិការរងរូបនេះផ្តិតមេដៃទទួលស្គាល់ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តមកថ្នាក់លើតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថា លោក ឡាក់ វណ្ណរិទ្ធិ ហៅ ចេកក្រៅពីមានតួនាទីជាអធិការរងនគរបាល ស្រុក អណ្តូងមាសនោះលោកក៏មានឈ្មោះជាមេឈ្មួញដ៏ធំ និងរកស៊ីឈើដុះស្លែនៅតំបន់នោះផងដែរ ។ ករណីចុះបង្រ្កាបនេះគឺលើកដំបូងដែលក្រុមសមត្ថកិច្ចដឹកនាំដោយស្ថាប័នតុលាការបង្ក្រាបជាក់ស្តែងនៅក្នុងផ្ទះមេឈ្មួញរកស៊ីឈើដ៏យូឆ្នាំ និងមានតួនាទីជាអធិការរងនៅក្នុងស្រុកនេះ ៕
ដោយ ៖ សស្អាត