ភ្នំពេញ ៖បើទោះជាគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ប្រទេសចិនជា មិត្តនៅតែបន្តគាំទ្រ និងពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយគ្នាគ្រប់ពេលវេលា មិន ថាគណបក្សរាជានិយមមួយនេះ មានអាសនៈ ឬ គ្មានអាសនៈនៅក្នុងរដ្ឋសភានោះទេ ប្រទេសចិននៅតែ
ប្រកាន់ជំហរឥតងាករេ ព្រមទាំងផ្តល់ការលើកទឹកចិត្តដល់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា ជាដៃគូរបន្តសហការគ្នា ដើម្បីប្រទេសជាតិមានការរីកចំរើនជឿនលឿនទៅថ្ងៃខាងមុខ។
នេះបើតាមប្រសាសន៍ក្នុងកិច្ចជំនួបដោយបិទទ្វារមួយ រវាងលោកLiu Yunshan សមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាសមាជិកលេខាធិការដ្ឋានមជ្ឈិមបក្សជាមួយសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជាប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច រសៀលថ្ងៃ
ទី១១ខែកញ្ញាឆ្នាំ២០៣ នាសណ្ឋាគារអាំងទែរកុងទីណង់តាល់។
លោកលីវយុនសានបានបង្ហាញជំហរថា ដោយផ្នែកលើកិច្ចទំនាក់ទំនងការទូតជាយូឆ្នាំ និងមានប្រវត្តិសាស្រ្តជាមហាមិត្តដ៏ជិតស្និតរបស់ប្រជាជនចិនទាំងមូល ប្រទេសចិននៅតែបន្តរក្សាកិច្ចសហប្រតិបត្តិការ ជាមួយនឹង គណបក្សហ៊្វុនស៊ិនប៉ិចនេះគ្រប់កាលៈទេសៈមិនថាមានអ្វីកើតឡើងនោះទេ។
លោក កែវ ពុទ្ធរស្មី ប្រធានឧត្តមក្រុមប្រឹក្សា គណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបទ្វេរភាគីនោះថា លោក Liu Yunshan បានបញ្ជាក់ប្រាប់ សម្តេច ព្រះ អនុជ នរោត្តម អរុណរស្មីថា បើទោះជាពេលនេះគណបក្សហ៊្វុនស៊ិនប៉ិច អត់មានសំឡេងនៅក្នុងរដ្ឋសភាក្តី ប៉ុន្តែមិត្តភាព
រវាងបក្សទាំងពីរជាង៣០ឆ្នាំមកនេះ គឺនៅតែបន្តជានិច្ចនិរន្ត។
លោកប្រធានឧត្តមក្រុមប្រឹក្សាបន្តថា លោកបានរំលឹកនូវចំណងមិត្តភាព ជាពិសេសនូវគុណសម្បត្តិសំខាន់ៗរបស់ព្រះមហាវរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានស្ថាបនានូវមិត្តភាពដ៏យូរលង់ជាមួយនឹងប្រទេសចិន។ ដូច្នេះលោករំលឹកថា ព្រះបរមរតនកោដ្ឋ គឺជាអ្នកប្រវត្តិសាស្រ្តក្នុងការធ្វើឲ្យមានមិត្តភាពនៃប្រទេសយើងទាំងពីរ ជាព្រះបិតានៃការផ្សះផ្សារជាតិនៃកម្ពុជា ព្រះអង្គបានធ្វើឲ្យកម្ពុជា មានសន្តិភាព និងស្ថិរភាពរហូតមកទល់សព្វថ្ងៃនេះ។
នៅក្នុងកិច្ចជំនួបទ្វេភាគីនោះដែរ លោក Liu Yunshan បានផ្តល់ការលើកទឹកចិត្ត និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច នាពេលកន្លងមកដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍន៍រីកចំរើនជឿនលឿន មានសុខសន្តិភាពពេញលេញ និងមានការគោរពសិទ្ធិ
មនុស្សថែមទៀតផង។ ដូច្នេះហើយប្រទេសចិន នៅតែចង់ឃើញកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរបន្តនៅរក្សាដដែល។
សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនដែលដឹកនាំដោយលោក Liu Yunshan បានមកដល់ព្រះរាជាណាចក្រកម្ពុជា នាពេលរសៀលថ្ងៃទី១១ កញ្ញា ហើយក្នុងរយៈពេលដំណើរទស្សនកិច្ចជាផ្លូវរបស់លោកចំនួនពីរថ្ងៃគឺថ្ងៃទី១១ដល់ថ្ងៃទី១២នេះ លោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង បានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាផងដែរ។
ជាមួយគ្នានេះគោលបំណងដ៏សំខាន់នៃដំណើរទស្សនកិច្ចនៅកម្ពុជានេះ គឺជាការបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូអង្វែងជាមួយគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងជំរុញដល់ស្ថានភាពនយោបាយរបស់កម្ពុជាឲ្យមានការចរចាគ្នាដោយសន្តិវិធី ប្រយោជន៍ដើម្បីសន្តិភាពសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា៕ ដោយ ៖ ស.ស្អាត