​រមណី​យ​ដ្ឋាន​ធ​ម្មជាតិ​ដ៏​​ទាក់ទាញ​សំខាន់​ៗ​ស្ថិត​នៅ​ក្នុង​ដែនដី​ខេត្ត​កោះ​កុង ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ កោះកុង មាន​តំបន់​ទេសចរណ៍​ជាច្រើន​ ដែល​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​នេះ និង​មកពី​ខេត្ត​ក្រុង​ផ្សេង​ៗ​​ទៀត​និយម​ទៅ​លេង​កម្សាន្ត។ តំបន់​ទេសចរណ៍​ទាំងនោះ​មាន​ដូចជា រមណីយដ្ឋាន​ព្រៃ​កោងកាង​ បាងកាយ៉ាក ឃុំ​ពាមក្រសោប ទឹកជ្រោះ​តាតៃ ទឹកជ្រោះ​តាប៉ន និង​តំបន់​ច្រកទ្វារ​អន្តរជាតិ​កម្ពុជាថៃ​ ចាំយាម។

      បាងកាយ៉ាក​ ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ឆ្នេរសមុទ្រ​នៃ​ព្រៃ​កោងកាង​ ដែល​ស្ថិត​នៅក្នុង​ឃុំ ​ពាមក្រសោប ​ស្រុក​មណ្ឌលសីមា ​ខេត្ត​កោះកុង​ និង​មាន​ផ្ទះសំណាក់​លម្ហែកាយ​តាម​របៀប​ម៉ូតែល​ ដោយ​ផ្ទះ​នីមួយៗ​នៅ​ដាច់​ពី​គ្នា​ ខ្លះ​មាន​បន្ទប់​មួយ​ ខ្លះ​មាន​ពីរ​បន្ទប់​ សង់​ឡើង​នៅលើ​ផ្ទៃទឹក​ តាម​ចន្លោះ​ដើម​កោងកាង​ និង​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ ទូទឹកកក​ទៀត​ផង​។​ ប៉ុន្តែ​អ្វី​ដែល​ទាក់ទាញ​ជាង​នេះ នៅពេល​រាត្រី​ចូល​មក​ដល់​ ពិសេស​នៅ​រដូវ​ប្រាំង ភ្ញៀវ​ទេសចរ​ទាំងឡាយ​ដែល​ភាគច្រើន​ជា​ជនបរទេស ក្រៅពី​ទស្សនា​នៅពេល​ថ្ងៃ​រួច​ហើយ​នោះ ​នៅពេល​រាត្រី​ គេ​បាន​នាំគ្នា​ជិះ​ទូក​កាត់​ព្រៃ​កោងកាង​មើល​ពន្លឺ​អំពិលអំពែក​ហាក់បី ​ដូច​ហ្វូង​តារា​រយពាន់​នៅលើ​មេឃ​ ដែល​ទិដ្ឋភាព​បែប​នេះ​កម្រ​បាន​ឃើញ​វា​ណាស់​ ពោល​គឺ​មាន​នៅ​តែ​បាងកាយ៉ាក​មួយ​គត់ ។

      រមណីយដ្ឋាន​ព្រៃ​កោងកាង​នៅ​ ជាប់​គ្នា​នឹង​ផ្ទះ​សំណាក់​លម្ហែ​បាងកាយ៉ាក​ នៅ​ទី​នោះ​គេ​បាន​ធ្វើ​ស្ពាន​ថ្មើរជើង​ បេតុង​តូច​មួយ​ប្រវែង​១ ០០០​ ម៉ែត្រ ​ដែលអាចឲ្យភ្ញៀវនាំ​យើង​ដើរ​ទស្សនា​តំបន់​ទេសចរណ៍​ធម្មជាតិ​បឹង​កាយ៉ាក បានទាំងមូល​។​ តាម​ដងស្ពាន​យើង​បាន​ឮ​សំឡេង​បក្សាបក្សី​ស្រែក​ខ្ញៀវខ្ញារ​ លាយឡំ​នឹង​សំឡេង​សត្វ​ស្វា​លោត​ចុះ​លោត​ឡើង​ និង​ទស្សនា​កូន​ក្តាម​ ខ្យង​ វាររវើក​ក្រោម​ឫស​កោងកាង​ និង​កូនត្រី​សមុទ្រ​ហែល​ប្រដេញ​គ្នា​លេង​។ មាន​កន្លែង​សម្រាក​កម្សាន្ត​រាប់​សិប​ត្រូវ​បាន​សាងសង់​ប្រប​តាម​ស្ពានថ្ម ថ្មើរ​ជើង​ទំហំ​មួយ​ម៉ែត្រ​ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ​សម្រាក​ស្រូប​យក​ ខ្យល់​អាកាស​បរិសុទ្ធ​ និង​ មើល​សត្វ​ព្រៃ​នានា​។ នៅឯ​ចុង​ស្ពាន​មាន​ស្ពានយោល​មួយ​ដែល​ចម្លង​ភ្ញៀវ​ទៅ​ដល់​ប៉ម​មួយ​ទៀត​ មាន​កម្ពស់​ដប់​ប្រាំ​ម៉ែត្រ​ សម្រាប់​ទស្សនា​សម្រស់​ធម្មជាតិ​ព្រៃ​កោងកាង​ និង​ស្ពាន​ក្នុង​ព្រៃ​កោងកាង​ ព្រមទាំង​ដង​អូរ​នានា​ ។

      ទឹកជ្រោះ​តាប៉ន​ដែល​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​ ៤៨​ មាន​ចម្ងាយ​ជាង​ ៥​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ក្រុង​ខេមរ​ភូមិន្ទ​ ទី​នោះ​ជា​អតីត​តំបន់​ដាំ​កញ្ឆា មាន​ឈ្មោះ​ពិត តាម៉ាន​ ។ នៅ​ក្រោយ​ទសវត្សរ៍​ឆ្នាំ​១៩៨០ មាន​មន្ត្រីយោធា​ម្នាក់​ឈ្មោះ ​ចុង​ ប៉ន​ ចាប់​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ហើយ​បាន​សាងសង់​ផ្លូវ​ជាតិ​លេខ​ ៤៨​ ដែល​ធ្វើ​ឆ្លងកាត់​ត្រង់​ចំណុច​នោះ ​ក៏​រៀបចំ​អភិវឌ្ឍ​ធ្វើ​ជា​កន្លែង​ងូតទឹក​កម្សាន្ត​។ បច្ចុប្បន្ន​ទី​នោះ​ក៏​ទទួល​បាន​ការ​ពេញនិយម​ខ្លាំង​ណាស់​ដែរ​ ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​។

      រមណីយដ្ឋាន​ធម្មជាតិ តាតៃ ស្ថិត​នៅ​ភាគ​ខាង​កើត​ទីប្រជុំជន​ខេត្ត​ក្រុង​កោះកុង​ និង​ភាគ​ខាង​ត្បូង​ភ្នំ​ក្រវាញ​ ហើយ​​ទី​នោះ​ក៏​ជា​ចំណុច​កណ្ដាល​ទីក្រុង​បាងកក​ និង​ភ្នំពេញ​ផង​ដែរ​។​ រមណីយដ្ឋាន​នេះ​ស្ថិតនៅលើ​ស្ទឹង​បែក​ជា​បួន​ អម​ជាមួយ​នឹង​សម្រស់​ធម្មជាតិ​ស្រស់​ឆើតឆាយ​ នៃ​ដងទន្លេ​កាច់កុង​ពត់ពេន​ ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​គយគន់​មិន​ចេះ​ធុញ​ទ្រាន់​ ​ ដូចជា​អ័ព្ទ​ប៉ប្រះ​ទឹក​នៅ​ពេល​ព្រឹក​ បញ្ចេញ​រស្មី​សុរិយា​ក្រហមទុំ​ដុត​បញ្ឆេះ​រាត្រី​អន្ធការ​ឲ្យ​មាន​ពន្លឺ ​និង​ជា​កន្លែង​​ស្ងប់សុខ​សម្រាប់​អ្នក​ចង់​បន្ធូរ​អារម្មណ៍​តានតឹង​ពី​ ការងារ។ ​ជាមួយ​សម្រស់​ធម្មជាតិ​ដ៏​ទាក់ទាញ​ រមណីយ​ដ្ឋាន​ទេសចរណ៍​ធម្មជាតិ​តាតៃ ក៏​ត្រូវ​បាន​ភ្ញៀវទេសចរ​ភាគច្រើន​ប្រសិទ្ធនាម​ថា ជា​រមណីយដ្ឋាន​ឋានសួគ៌​ដ៏​ប្រពៃ​នៃ​ទេសចរនិយម​ការ​ផ្សងព្រេង។

      ភូមិ​ពាមក្រសោប ​ស្ថិត​នៅក្នុង​សង្កាត់​កោះ​កាពិ​ ស្រុក​កោះកុង​ ខេត្ត​កោះកុង​ នា​ទិស​ទក្សិណ​នៃ​ក្រុង​ខេមរភូមិន្ទ​ មាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​។ ទី​នោះ​មិនមាន​ទេសភាព​អ្វី​ប្លែក ​ក្រៅពី​គេហដ្ឋាន​របស់​ប្រជា​នេសាទ សង់​ជា​ពីរ​ជួរ​អម​មាត់ព្រែក​ ជាមួយ​នឹង​ឧបករណ៍​នេសាទ​ដែល​នៅ​អម​ផ្ទះ​នោះ​ឡើយ ​។ ទីធ្លា​ភ្ជាប់ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​សុទ្ធ​តែ​ស្ពាន​ទាំងអស់​។​នៅ​ ក្រោម​ផ្ទះ​ពុំ​ប្រាកដ​ជា​ទឹក​ ឬ​ គោក​ទេ​ ព្រោះ​ធម្មតា​ទឹកសមុទ្រ​តែងតែ​មាន​ជោរនាច​ បើ​ពេល​ទឹក​ជោរ​មាន​ទឹក​ កម្ពស់​ពី​០,៥០​ ម៉ែត្រ​ ទៅ​១ ម៉ែត្រ បើ​ពេល​ទឹក​នាច​វិញ​គឺ​ដីគោក​ ឬ​ មាន​ទឹក​រហែលៗ​តាម​កន្លែង​ជ្រៅ ​រាក់។ នៅ​មុខ​ផ្ទះ​ មាន​ដៃសមុទ្រ ​និង​ តួ​ព្រែក​ នៅ​ក្រោយ​ផ្ទះ​មាន​ព្រៃ​ដែល​ដុះ​សុទ្ធ​តែ​ដើម​កោងកាង​។ ប៉ុន្តែ​ទោះ​ជា​ទិដ្ឋភាព​នៅ​ទី​នោះ​សាមញ្ញ​យ៉ាង​នេះ​ក៏​ដោយ ភ្ញៀវ​ក៏​មិន​ដែល​រំលង​ដែរ ។

      ដោយឡែក​នៅ​ច្រក​អន្តរជាតិ​កម្ពុជា-ថៃ​ ច្រកចាំយាម ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ឆ្លងកាត់​កាន់តែ​ច្រើន​ឡើងៗ។ នៅ​ទី​នោះ​ក៏​មាន​រមណីយដ្ឋាន​មួយ ​ដ៏​ទាក់ទាញ​ដែរ គឺ​រមណីយដ្ឋាន​ចាំយាម ​មាន​ចម្ងាយ​១០​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​កោះកុង​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ជា​ប្រភេទ​រមណីយដ្ឋាន​ ធម្មជាតិ​ និង​កែច្នៃ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៧​។ ​នៅ​ទីនោះ​មាន​ទេសភាព​ស្រស់​ស្អាត​ និង​មាន​សួន​សត្វ​ផង​ដែរ​ដែល​ទេសចរ​អាច​កម្សាន្ត​សប្បាយ​រីករាយ៕ ដោយ៖ មករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

នៅព្រឹកនេះ​ក្រុមការងារ​គណបក្ស​ទាំងជួបគ្នា​ជាថ្មី​

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈនេះ មានជំនួប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [496]


​ការប្រណាំង​ទូកមិត្ត​ភាពកម្ពុជា​-ឡាវ ​នៅខេត្តព្រះវិហារ​

ព្រះវិហារ​៖​ ​ទិវារ​វប្បធម៌​រួមគ្នា​រវាង​ខេត្តព្រះ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [487]


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គ្រោងបើកសម្ពោធសាខារបស់ខ្លួនថែមទៀតនៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាគ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [540]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 466 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 843 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230942​ នាក់