ភ្នំពេញ៖ ពិការភាពគឺជាបញ្ហាពហុវិស័យ ដែលទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការយក
ចិត្តទុកដាក់គិតគូរនិងដោះស្រាយ។ យោងតាមការលើកឡើងក្នុងរបាយការណ៍ពិភពលោកស្តីពីពិការភាព
ដែលចេញផ្សាយដោយធនាគារពិភពលោក (World Bank) និងអង្គការសុខភាពពិភពលោកនៅឆ្នាំ២០១១
ចំនួនជនពិការមានប្រមាណ១៥%នៃចំនួនប្រជាជនពិភពលោក។ ដោយឡែកនៅកម្ពុជាអត្រាជនពិការ មាន
ចំនួន១,៤%នៃចំនួនប្រជាជនសរុប២សែននាក់។
នៅក្នុងសិក្ខាសាលាអបអរសាទរខួបលើកទី៤ នៃការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីកិច្ចការពារ និងលើក
កម្ពស់សិទ្ធិជនពិការក្រោមប្រធានបទ«រួមគ្នាលើកកម្ពស់សិទ្ធិទទួលបានការងាររបស់ជនពិការ» កាលពីថ្ងៃទី
១៦ សីហា ២០១៣ នៅសណ្ឋាគារភ្នំពេញ លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជាបាន
ថ្លែងថា អង្គការជនពិការកម្ពុជាមានសមាជិកជាជនពិការជាង១៥.០០០ នាក់ និង អង្គការតំណាងជនពិការ
ចំនួន៥៦ទូទាំង២៤រាជធានី\ខេត្ត ។
លោកបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានអនុម័តលើអនុក្រឹត្យចំនួន៤ និងប្រកាសចំនួន២ ដើម្បីធានាការអនុ
វត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការឱ្យកាន់តែ មានប្រសិទ្ធភាព។ លោកបន្តថា អង្គការ
របស់លោក នៅតែបន្តការផ្សព្វផ្សាយដល់អង្គការនានាដែលពាក់ព័ន្ធនឹង ជនពិការទូទាំង២៤ រាជធានី\ខេត្ត
ដើម្បីឱ្យពួកគាត់មានលទ្ធភាពយកទៅផ្សាព្វផ្សាយបន្តដល់ប្រជាជន និងមិត្តជនពិការក្នុងសហគមន៍របស់
ពួកគាត់។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក អ៊ិត សំហេង បានថ្លែងក្នុងពិធីលើកកម្ពស់
នោះថា សិក្ខាសាលនេះ ផ្តោតលើគោលបំណងសំខាន់៣ចំណុចគឺ ទី១ ផ្សព្វផ្សាយពីសារៈសំខាន់នៃការអនុ
វត្តច្បាប់ និងលិខិតបទដ្ឋាននានាទាក់ទងនឹងសិទ្ធិជនពិការ ទី២បង្ហាញពីគោលជំហរជនពិការកម្ពុជាលើច្បាប់
ស្តីពីកិច្ចការពារ និងលើក កម្ពស់សិទិ្ធជនពិការ និងទី៣នោះ ចង់បង្កើនការយល់អំពីសិទ្ធិទទួលបានការងារ
ធ្វើរបស់ជនពិការដល់ សាធារណជន។
លោករដ្ឋមន្ត្រី បន្តថា ភាគច្រើននៃជនពិការគឺជាជនក្រីក្រ ហើយងាយរងគ្រោះជាងគេនៅក្នុងសង្គម។ពួកគាត់
តែងតែជួបប្រទះនូវឧបសគ្គនិងការរើសអើងពីមនុស្សជាច្រើននៅក្នុងសង្គម។ ជនពិការមានឱកាសតិចតួចក្នុង
ការទទួលបានសេវាកម្មដូចជា សុខភាពអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនិងការបង្កើនប្រាក់ចំណូល។
លោករដ្ឋមន្រ្តីបញ្ជាក់ថា បរិបទបងប្អូនជនពិការយើងបច្ចុ ប្បន្នក៏មានលក្ខណៈល្អប្រសើរផងដែរ ដោយសារ
ពួកគាត់ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងការជួយជ្រោមជ្រែងពីអង្គការជនពិការក្រុមជួយ
ខ្លួនឯងរបស់ជនពិការ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដែលធ្វើការលើវិស័យពិការភាព និងបណ្តា
ដៃគូអភិវឌ្ឍនានាក្នុងការលើកកម្ពស់សិទ្ធិការស្តារលទ្ធភាពពលកម្ម និងការពង្រឹងសមត្ថភាពរបស់ពួកគេ។
សូមរំលឹកថា កាលពីចុងឆ្នាំ ២០១២ ជនពិការទទួលបានការងារធ្វើនៅតាមក្រសួង ស្ថាប័នរដ្ឋ មានចំនួន
១៤៧២នាក់ ស្មើនឹង០,៧៨% នៃចំនួនមន្ត្រីរាជការសរុប។ បើធៀបនឹងអត្រាកំណត់២% គឺក្រសួងស្ថាប័នរដ្ឋ
ត្រូវជ្រើសរើសជនពិការចូលបម្រើការងារចំនួន១,២២%បន្ថែមទៀត សម្រាប់ផែនការឆ្នាំ២០១៣ ក្នុងករណី
ក្រសួងស្ថាប័នរដ្ឋដែលពុំបានបំពេញកាតព្វកិច្ចជ្រើស រើសជនពិការចូលបម្រើការងារតាមអត្រាកំណត់ នឹង
ត្រូវបង់វិភាគទានចូលហឹបមូលនិធិជនពិការដែលអត្រានៃការបង់នេះ គឺស្មើនឹង៥០%នៃបៀវត្សមូលដ្ឋានប្រចាំ
ខែរបស់មន្ត្រីរាជការក្នុង១ខែ នៃប្រភេទក្របខណ្ឌខ២.១ សម្រាប់មន្ត្រីរាជការជាជនពិការ១នាក់ ជារៀងរាល់ខែ៕
ដោយ៖ ស.ស្អាត