ភ្នំពេញ៖ ក្នុងរយៈពេល ១ ឆ្នាំ២០១៣កន្លងមកនេះ មានមនុស្ស ៦នាក់បានស្លាប់ និង១៥នាក់រងរបួស ដោយ សារ គ្រោះអគ្គិភ័យតួលេខអ្នកស្លាប់ថយចុះ៣នាក់និងអ្នករបួសថយចុះ១០ បើប្រៀបធៀបនឹងឆ្នាំមុន។នេះបើតាមការ អះអាងរបស់លោក នេត វន្ថា នាយការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានី ភ្នំពេញបានឱ្យដឹងកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៤។
លោក នេត វន្ថា បានបញ្ជាក់ថា អគ្គិភ័យបានបំផ្លាញផ្ទះថ្មក្រោមឈើលើ២៦ ខ្នង ផ្ទះល្វែង ៥ ល្វែង ផ្ទះឈើសុទ្ធ៣៦ ខ្នង រថយន្ត ៧ គ្រឿង រោងសិប្បកម្ម ៤ រោងចក្រក្រដាស ៥ អគារ និងក្រណាត់ ១.០០០ ឡូត៍។ មូលហេតុនេះការ កើនឡើងនៃចំនួនអគ្គិភ័យនេះ គឺឆ្លងចរន្តអគ្គិសនីដោយសារតែម្ចាស់ផ្ទះប្រើប្រាស់ឧបករណ៍នៅក្នុងផ្ទះលើពីចំណុះ ភ្លើងដែលបានតភ្ជាប់ និងភាគច្រើនពួក គាត់ប្រើប្រាស់ឧបករណ៍ជជុះ ក៏អាចបណ្តាលឲ្យងាយឆ្លងចរន្តអគ្គិសនីដែរ និងការប្រើប្រាស់កំប៉ុងហ្គាសចាស់ៗជាដើម។
ដោយឡែក បើមន្ត្រីផ្នែកចែកចាយអគ្គិសនីកម្ពុជាប្រចាំរាជធានីភ្នំពេញមួយចំនួនបានប្រាប់ឲ្យដឹងថា ការឆ្លងចរន្ត លើបណ្តាញអគ្គិសនី (រដ្ឋ)នាំទៅដល់មានអគ្គិភ័យលើផ្ទះប្រជាពលរដ្ឋមិនធ្លាប់មានទេ បើមានអគ្គិសនីជាអ្នកទទួល ខុសត្រូវ តែកន្លងមកគឺមាន តែនៅតាមប្រអប់នាឡិកាភ្លើង។
មន្រ្តីអគ្គិសនីទាំងនោះបន្តទៀតថា ប្រអប់នាឡិកាភ្លើងនៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ មានរហូតដល់ប្រមាណ ១០ ម៉ឺនប្រអប់។ ប្រអប់មួយចំនួនបានរបើកគម្រប បាត់គម្រប ដោយសារអតិថិជនគាស់ ដើម្បីបើកភ្លើងដោយខ្លួនឯង បន្ទាប់ពីឌីសង់ទ័រលោតផ្តាច់ភ្លើងជាស្វ័យប្រវត្តិ។
មន្រ្តីផ្នែកចែកចាយអគ្គិសនីកម្ពុជាប្រចាំភ្នំពេញបានធ្ងន់ធ្ងរផងដែរថា ឯបញ្ហានាំទៅដល់មានគ្រោះអគ្គិភ័យកើត ចេញពីការឆ្លងចរន្តនៅក្នុងផ្ទះ ហើយឌីសង់ទ័រនៅក្នុងប្រអប់ដាក់នាឡិកាមិនលោតផ្តាច់ចរន្តជាស្វ័យប្រវត្តិនោះ
គឺ អាចបណ្តាលមកពីឌីសង់ទ័រខូច។ ឌីសង់ទ័រខូចអាចបណ្តាលមកពីការបិទបើកវាច្រើនដងក៏មាន។ លោក នេត វន្ថា នាយការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមាន បំពង់ពន្លត់អគ្គិភ័យគ្រប់ផ្ទះ ព្រោះវាអាចជួយការពារផ្ទះលោកអ្នកឲ្យខុសពីគ្រោះអគ្គិភ័យបាន។ បច្ចុប្បន្ន នៅក្នុង ទីក្រុងភ្នំពេញ ផ្ទះដែលមានបំពាក់បំពង់អគ្គិភ័យមានតែ ៤០ ភាគរយប៉ុណ្ណោះ។
គួររំលឹកថា នៅក្នុងឆ្នាំ២០១២ គ្រោះអគ្គិភ័យបានកើតឡើងនៅទូទាំងរាជធានីភ្នំពេញ កើតមានតាំងពីខែមករា ដល់ខែកក្កដា ដោយមានចំនួន ៤៨ករណី គឺបានបង្កឲ្យឆេះខូចខាតផ្ទះល្វែងចំនួន ៤៧ល្វែង ផ្ទះសង់ដោយថ្មខាងក្រោម ឈើលើជាង៣០ខ្នង រួមទាំងតូបលក់ដូរជាង២០តូបទៀត ប៉ុន្តែក្នុងចំណោមការឆាបឆេះនានាខាងលើនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទេ៕ ដោយ៖ ភីនរ៉ា