ភ្នំពេញ៖ លោក គាំម កុសល នាយខុទ្ទកាល័យនិងជាអ្នកនាំពាក្យរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
ប្រធានរដ្ឋសភា បានមានប្រសាសន៍ប្រាប់អ្នកសរព័ត៌មានក្រោយពីជំនួបរវាងសម្តេចប្រធានរដ្ឋសភាជាមួយ
លោក S. Premjith SADASIVAN ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋសឹង្ហបូរី ប្រចាំកម្ពុជាដែលត្រូវបញ្ចប់អាណត្តិ
នាពីព្រឹកថ្ងៃទី១២ ខែមិថុនានៅវិមានរដ្ឋសភាថា ប្រទេសសឹង្ហបូរីបានជួយបណ្តុះបណ្តាលមន្រ្តីកម្ពុជាបានយ៉ាង
ច្រើន ដែលពេលនេះមានគ្រោងបើកវគ្គបណ្តុះបណ្តាលអ្នកចរចារផ្នែកពាណិជ្ជកម្ម និងផ្នែកទំនាក់ទំនងការ
ទូតនៃប្រទេសទាំងពីរបន្ថែមទៀត។
លោកគាំម កុសល បញ្ជាក់ថា នៅក្នុងជំនួបជម្រាបលានោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយ
តម្លៃខ្ពស់ចំពោះលោកឯកអគ្គរដ្ឋទូតសឹង្ហបូរី ដែលបានបំពេញភារកិច្ចបេសកកម្មការទូតនៅកម្ពុជា ដោយបាន
សហការល្អជាមួយនឹងស្ថាប័ន នីតិបញ្ញតិ នីតិប្រតិបត្តិ និងបណ្តាក្រសួងនានានៅក្នុងប្រទេសកម្ពុជា ព្រមទាំង
បានជំរុញនូវ ទំនាក់ទំនងសាមគ្គីភាព មិត្តភាព ពិសេសកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រជាជននិងប្រទេស
ទាំងពីរ កម្ពុជា-សឹង្ហបូរី ឲ្យកាន់តែល្អប្រសើរនិងរឹងមាំ។
សម្តេចបានបន្តថា សាធារណរដ្ឋសឹង្ហបូរី កំពុងមានតួនាទីយ៉ាងសំខាន់លើគ្រប់វិស័យនៅ ក្នុងប្រទេសកម្ពុជា
ទាំងទំនាក់ទំនងការទូត និងទំនាក់ទំនងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល ដោយមានការជួយ
បណ្តុះបណ្តាលធនធានមនុស្ស ដល់កម្ពុជា។
ជាមួយគ្នានេះ គិតពីឆ្នាំ១៩៩៤ មកដល់ឆ្នាំ២០១១ ប្រទេសសឹង្ហបូរី បានបោះទុនវិនិយោគនៅក្នុងប្រទេស
កម្ពុជាគិតជាទឹកប្រាក់ជាង៦រយលានដុល្លារ ដោយមានគម្រោងចំនួន៤ធំៗគឺវិនិយោគទៅលើវិស័យទេស
ចរណ៍ផ្នែកសណ្ឋាគារ ឧស្សាហកម្មកាត់ដេរ ផ្នែកកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គីសនី និងផែស្ងួត។
សម្តេចពញាចក្រីក៏បានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលសឹង្ហបូរី ដែលចូលរួមជួយដល់ប្រជា
ជនកម្ពុជា នៅគ្រប់ដំណាក់កាលសំរាប់ការអភិវឌ្ឍប្រទេស ហើយសម្តេចមានជំនឿថា នៅពេលអនាគត សឹង្ហបូរីនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការចំណងមិត្តភាពសាមគ្គីភាព ជាមួយនិងកម្ពុជា ឲ្យកាន់តែរឹង
មាំខ្លាំងក្លាថែមទៀត។
សម្តេចពញាចក្រី ហេង សំរិន បានសម្តែងការស្វាគមន៍ចំពោះលោកស្រីជាឯកអគ្គរាជទូតដែលទើបតែង
តាំងថ្មីរបស់ប្រទេសអូស្រ្តាលីប្រចាំកម្ពុជា ដោយតាមរយៈបេសកកម្មបំពេញការទូតនៅកម្ពុជា លោកស្រី នឹងខិតខំធ្វើឲ្យទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង
និងពង្រីកឲ្យកាន់តែល្អប្រសើរថែមទៀត។
សម្តេចក៏បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយឧបត្ថម្ភគាំទ្រដល់
ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេសជាតិឡើងវិញ ។ ជាមួយគ្នានេះដែរ ប្រទេសអូស្ត្រាលី បានជួយកម្ពុជា នៅលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ការ
ផ្តល់អាហារូបករណ៍ និងការផ្តល់ជំនួយសំរាប់ការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច និងសង្គម ដោយផ្តោតលើ
វិស័យធំៗចំនួន៣ រួមមានការកាត់បន្ថយភាពក្រីក្រ នៅតំបន់ជនបទ ការធ្វើឲ្យប្រសើរឡើងផ្នែកសេដ្ឋកិច្ច
និងការគ្រប់គ្រងធនធានធម្មជាតិ និងពង្រឹងការអនុវត្តច្បាប់។
លើសពីនេះទៅទៀត ប្រទេសអូស្រ្តាលី ក៏បានផ្តល់ជំនួយសំរាប់ការបោះឆ្នោតសាកលកាលពី ខែកក្កដា ឆ្នាំ២០០៨ ជំនួយផ្គត់ផ្គង់ការប្រើប្រាស់ថាមពលអគ្គីសនី ទ្រទ្រង់គំរោងស្តារផ្លូវដែកនិងសហគ្រាសធុនតូច
នៅជនបទ ជំនួយដល់សាលាក្តីខ្មែរក្រហម និងជំនួយផ្នែកយោធាដល់កម្ពុជា។ សម្តេចបានបន្តទៀតថា
ជំនួយឧបត្ថម្ភដែលប្រទេសអូស្រ្តាលី ជួយដល់ប្រទេសកម្ពុជា បានរួមចំណែកវិភាគទានដល់ការបង្រួប
បង្រួមជាតិ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ នៅកម្ពុជា ហើយតាមរយៈការទូតនៃប្រទេសទាំង
ពីរ នឹងត្រូវពង្រឹងនិងពង្រីក ចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
កាន់តែខ្លាំងក្លា និងល្អប្រសើរថែមទៀត។
ចំណែក លោក S. Premjith SADASIVAN បានលើកឡើងថា សឹង្ហបូរីនៅតែបន្តប្តេជ្ញាចិត្តជួយបណ្តុះ
បណ្តាលធនធានមនុស្ស នៅកម្ពុជាតទៅទៀត ហើយក្រៅពីនោះជម្រុញឲ្យជំនាក់ទំនងរវាងស្ថាប័ននី
តិបញ្ញត្ត និង នីតិប្រតិបត្ត ពិសេសប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរថែមទៀត ។ ជាមួយគ្នានេះលោកបានសន្យាថានឹងជម្រុញឲ្យមានអ្នកវិនិយោគទុនសឹង្ហបូរីមករកស៊ីឲ្យបានច្រើន
នៅក្នុងប្រទេសកម្ពុជា បើទោះជាលោកត្រូវចប់អាណត្តិហើយក្តី៕ដោយ៖ ស.ស្អាត