ភ្នំពេញៈ នៅព្រឹកម៉ោង ៩ ថ្ងៃទី១០ ខែមីនានេះ ក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិបានបន្តជួបពិភាក្សាគ្នាជាថ្មីម្ដងទៀតនៅវិមានព្រឹទ្ធសភា ដើម្បីបន្ដពិភាក្សាគ្នាទៅលើការកែទម្រង់ការបោះឆ្នោតបញ្ហា៣ចំណុចសំខាន់ៗនោះរួមមាន៖ ទីមួយស្នើរ បង្កើតគណៈកម្មាការចម្រុះមួយដោយមានសមាសភាពស្មើគ្នា ទីពីរ ដើម្បីកំណែទម្រង់ការបោះឆ្នោតគណៈកម្មការចម្រុះត្រូវរៀបចំឲ្យមានសិក្ខាសាលា ដើម្បីបើកទូលាយឲ្យមានការចូលរួមយោបល់ និងអនុសាសន៍ពីដៃគូពាក់ព័ន្ឋជាតិ អន្តរជាតិ និងគណបក្សនយោបាយ និងទី៣ ត្រូវបង្កើតវេទិការសាធារណៈ ដើម្បីទទួលបានយោលបល់ និង សំណូមពរ ពីប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការនៃកំណែទម្រង់ការបោះឆ្នោត។
កិច្ចពិភាក្សាគ្នា កាលពីថ្ងៃទី០៣ មីនា ដែរ គណៈកម្មការចម្រុះនៃគណបក្សទាំងពីរ មានចំនួនសមាសភាពស្មើគ្នាដែលគណបក្សនិមួយៗមានចំនួន ៦នាក់។ ក្រុមការងារបច្ចេកទេស នៃគណបក្ស ប្រជាជនកម្ពុជា ដឹកនាំដោយ លោក ប៊ិន ឈិន, លោក ជាម យៀប, លោក ឈាង វុន, លោក ស៊ិក ប៊ុនហុក, លោកស្រី គ្រួច សំអាន និងលោក ប៉ែន បញ្ញា។ចំណែកក្រុមការងារបច្ចេកទេសនៃគណបក្សសង្គ្រោះជាតិ មានដូចជា លោក សុន ឆ័យ, លោក យឹម សុវណ្ណ, លោក គួយ ប៊ុនរឿន, លោក យ៉ែម បុញ្ញឫទ្ធិ ,លោក អេង ឆៃអ៊ាង និង លោក ម៉ៅ មុនីវណ្ណ។
សូមបញ្ជាក់ថា ជំនួបចរចាកាលពីថ្ងៃចន្ទដើមសប្ដាហ៍មុននេះ ក្រុមការងារ នៃគណបក្សទាំងពីរ បានឯកភាពទៅលើ បីចំណុចរួមមាន ការរៀបចំការចុះឈ្មោះ អ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានានិងការពារសិទ្ធិ បោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប, រៀបចំបង្កើតច្បាប់ស្ដីពីហិរញ្ញរបស់គណបក្សនយោបាយ, និងក្របខណ្ឌផ្សព្វ ផ្សាយ កំណែទម្រង់ការបោះឆ្នោតផ្សេងៗទៀតដូចជា ការកែទម្រង់ស្ថាប័ន រៀបចំការបោះឆ្នោត, យន្តការនៃការ ដោះស្រាយវិវាទនៃការបោះឆ្នោត, ប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយសម្រាប់គណបក្សនយោបាយ៕ ដោយៈភីនរ៉ា