បាត់ដំបង៖ អ្នកទោសឧក្រិដ្ឋម្នាក់បានរត់គេចខ្លួនពីពន្ធនាគារខណៈដែលក្រុមឆ្មាំបញ្ចេញឲ្យទៅធ្វើការនៅខាង
ក្រៅពន្ធនាគារកាលពីម៉ោង៩ព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៣។ដោយមានរថយន្តកាមរី២គ្រឿងចាំរំដោះឧក្រិដ្ឋ
ជននោះនៅលើផ្លូវមួយឆ្ងាយពីពន្ធនាគារប្រហែលជាង១គីឡូម៉ែត្រ។
មន្ត្រីពន្ធនាគារបានឲ្យដឹងថាឧក្រិដ្ឋជននោះឈ្មោះសួម វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំត្រូវបានតុលាការសម្រេចឃុំ
ខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ដោយចោទពីបទ«ប្លន់» ត្រូវជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ
។ក្រោយពីហេតុការណ៍នេះកើតឡើងក្រុមអនុរក្សបានថតចម្លងរូបឧក្រិដ្ឋជននេះរាប់សិបសន្លឹកដើម្បីបង្ហាញជា
សាធារណៈឲ្យគេជួយពិនិត្យផ្តល់។
ឆ្មាំគុកបញ្ជាក់ថា ពេលកំពុងបណ្ដើរអ្នកទោសទៅកន្លែងធ្វើការនៅខាងក្រៅគុក ជននេះបានសុំបត់ជើងក្បែរគុម្ពោតព្រៃមួយលុះឆ្មាំគុកភ្លេចមើលស្រាប់តែរត់គេចខ្លួនតែម្តង។ ឧក្រិដ្ធជនរូបនេះជាប់គុកបានជិត១ឆ្នាំកន្លះ
ក្នុងកំរិតទោសមានរយៈពេល៣ឆ្នាំហើយប្រធានគុកទើបអនុញាតិឲ្យជននេះចេញធ្វើការងារខាងក្រៅទើបតែ
បានជិត១សប្ដាហ៍ប៉ុណ្ណោះ។
ប្រជាពលរដ្ឋនិយាយថាពេលសមត្ថកិច្ចកំពុងតាមស្វែងរកទណ្ឌិតរូបនោះគេឃើញមានរថយន្តកាមរីចាស់២
គ្រឿងដែលមួយគ្រឿងពណ៌ស្លែនិងមួយគ្រឿងទៀតពណ៌ស ឈប់នៅខាងមុខវត្តកំពង់សីម៉ាក្នុងសង្កាត់វត្ត
គរក្រុងបាត់ដំបងខាងត្បូងគុកប្រហែលជាង២គីឡូម៉ែត្រ។
ប្រជាពលរដ្ឋដដែលបន្តថាបន្តិចក្រោយមកគេឃើញបុរសម្នាក់គ្មានអាវមានភិនភាគដូចឧក្រិដ្ឋជនខាងលើបាន
ដើរចេញពីភូមិរួចឡើងរថយន្តពណ៌ស្លែហើយរថយន្តទាំង២ក៏បើកចេញបន្តគ្នាយ៉ាងលឿនទៅទិសខាងត្បូង
ឆ្ពោះទៅស្រុកបាណន់។
គួររម្លឹកថាអ្នកទោសក្នុងពន្ធនាគារខេត្តបាត់ដំបងធ្លាប់រត់ចេញជាបន្តបន្ទាប់ក្នុងអំឡុងក្រោមការគ្រប់គ្រងរបស់
លោក កង សារ៉េន (មេគុកចាស់) ភាគច្រើនជាអ្នកទោស”ឧក្រិដ្ឋ។ ក្រោយមកក៏មានការផ្លាស់ប្ដូរមេគុកថ្មីដើម្បីកែសម្រួលនិងរឹតបន្ដឹងផ្នែកការពារសន្តិសុខឲ្យបានល្អប្រសើរជាងមុនប៉ុន្តែទីបំផុតពន្ធ នាគារដែលសម្បូរទៅ
ដោយរឿងអាស្រូវមួយនេះនៅតែមានការធ្វេសប្រហែសបណ្ដោយឲ្យអ្នកទោសឧក្រិដ្ឋរត់រួចដូចអ្នកកាន់កាប់
ចាស់ដដែល។
បញ្ហានេះបានធ្វើឲ្យមជ្ឈដ្ឋាននានារិះគន់យ៉ាងខ្លាំងចំពោះភាពធូរលុងរបស់ឆ្មាំគុក។មន្ត្រីច្បាប់ម្នាក់បាននិយាយ
ថាអ្នកទោសឧក្រិដ្ឋមិនត្រូវផ្ដល់សេរីភាពឲ្យចេញក្រៅគុកទេ។\
ជុំវិញបញ្ហានេះប្រធានពន្ធនាគារខេត្តបាត់ដំបងលោកអុលធារិទ្ធមិនបានពន្យល់លំអិតអំពីមូលហេតុពិតប្រាកដ
ដែលនាំឲ្យអ្នកទោសរត់ចេញពីពន្ធនាគារនោះទេ។លោកបានប្រាប់ថា ខ្ញុំកំពុងពិនិត្យមើលនិងរៀបចំរបាយការ
ណ៍ហើយក៏មិនទាន់ដឹងថាអ្នកទោសនោះជាប់ពីបទអ្វីនិងប៉ុន្មានឆ្នាំដែរ ព្រោះអ្នកទោសមានច្រើនណាស់មិន
មែនមានតែម្នាក់ហ្នឹងទេ។
យ៉ាងណាក៏ដោយមន្ត្រីពន្ធនាគារបានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃដដែលថា សមត្ថកិច្ចនៅតែបន្តតាមប្រម៉ាញ់ឧក្រិដ្ឋជននោះនៅឡើយតែគ្មានតម្រុយពីមុខសញ្ញានេះទេប៉ុន្តែរូបថតឧក្រិដ្ឋជននេះរាប់សិបសន្លឹកត្រូវបានគេបង្ហាញជាសាធារណៈឲ្យជួយពិនិត្យផងដែរ៕ ដោយ៖ ស.ស្អាត