ភ្នំពេញ៖សហរដ្ឋអាមេរិក និង រាជរដ្ឋាភិបាលកម្ពុជា រួមគ្នាក្នុងលំហាត់សមយុទ្ធយោធាមួយ ដែលមានឈ្មោះថា ឆ្មាំអង្គរ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៣ នៅខេត្តកំពង់ស្ពឺ។ នេះបើតាម
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ ។
ឆ្មាំអង្គរឆ្នាំ២០១៣ គឺជាលំហាត់សមយុទ្ធទ្វេភាគីធំមួយ ដែលជាការបន្តការខិតខំប្រឹងប្រែងលើរយៈពេល
ច្រើនឆ្នាំ របស់កងកំលាំងទ័ពសហរដ្ឋអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក និងបញ្ជាការដ្ឋានសហរដ្ឋអាមេរិក
ប្រចាំតំបន់ប៉ាស៊ីហ្វិក ដើម្បីចូលរួមអោយបានសកម្មជាមួយកងយោធពលខេមរភូមិន្ទ ហើយពង្រីកប្រតិបត្តិ
ការថែរក្សាស្ថេរភាព និងសន្តិភាព។
លោក Jeff Daigle អនុប្រធានស្ថានទូតសហរដ្ឋអាមេរិក នឹងចូលរួមបើកលំហាត់សមយុទ្ធនៅថ្ងៃព្រហស្បតិ៍
ទី១៦ ខែឧសភានេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកំលាំងថែរក្សាសន្តិភាពពហុជាតិ នៅតាមផ្លូវជាតិលេខ៤
ក្នុងភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ក្នុងលំហាត់សមយុទ្ធរយៈពេល១៤ ថ្ងៃ កងកំលាំងទ័ពសហរដ្ឋអា
មេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក និងកងយោធពលខេមរភូមិន្ទ ផ្តោតលើប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌
និងថែរក្សាសន្តិភាព ដែលរួមមានលំហាត់សមយុទ្ធតាមកងវរសេនាតូច លំហាត់សមយុទ្ធលើទីលានប្រឆាំងយុទ្ធភណ្ឌផ្ទុះកែច្នៃ សកម្មភាពពេទ្យក្នុងសមរភូមិដើម្បីជួយកងទ័ពកម្ពុជា ក្នុងបេសកកម្មថែរក្សាសន្តិភាព
របស់អង្គការសហប្រជាជាតិ។
សេចក្តីប្រកាសខាងលើបន្តទៀតថា នៅក្នុងលំហាត់សមយុទ្ធនេះ បុគ្គលិកទាហានអាមេរិក និងកម្ពុជាដែល
ចូលរួម នឹងទទួលបានការបង្រៀន លើប្រព័ន្ធទំនាក់ទំនង និងកុំព្យូទ័រ ការបណ្តុះបណ្តាលបុគ្គលិក និងការ
កសាងក្រុម។ សកម្មភាពទាំងនេះ មានភាពចាំបាច់សំរាប់ដោះស្រាយភារកិច្ចស្មុគស្មាញផ្នែកសន្តិសុខ។
លើសពីនេះទៀត អ្នកចូលរួមនឹងមានការផ្លាស់ប្តូរបទពិសោធន៍គ្នា ស្តីពីការងារតាមអង្គភាពតូចៗដែលធ្វើ
បានល្អ និងការវាយតំលៃកងទ័ព ដែលមានបំណងសង្គ្រោះជីវិតនិងការពារកុំឲ្យមានការរាំងស្ទះដល់ប្រតិ
បត្តិការរបស់យោធា។
ជាមួយគ្នានេះសេចក្តីប្រកាសព័ត៌មានក៏បានបង្ហាញអំពី លំហាត់សមយុទ្ធទ្វេភាគីប្រចាំឆ្នាំនេះ ដែលឧបត្ថម្ភ
ដោយកងកំលាំងទ័ពសហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក ដោយកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់
ផ្ទះ។ ហើយក៏ជាលំហាត់សមយុទ្ធចុងក្រោយ ក្នុងចំណោមលំហាត់សមយុទ្ធដែលមានលក្ខណៈស្វិតស្វាញ
និងច្រើនវិញ្ញាសារបន្តបន្ទាប់គ្នា ដើម្បីលើកកំពស់សន្តិភាព និងសន្តិសុខក្នុងតំបន់៕