ភ្នំពេញ៖ នៅទូទាំងប្រទេសនាពេលបច្ចុប្បន្នការផ្គត់ផ្គង់អគ្គិសនីមានការកើនឡើងពីប្រមាណ ៣០ មេហ្គាវ៉ាត់នៅឆ្នាំ២០០៨ មកប្រមាណ ៨០០ មេហ្គាវ៉ាត់ ដែលបង្ហាញឲ្យឃើញពីការរីកចម្រើនមួយលើវិស័យអគ្គិសនីនៅកម្ពុជា។លោក ស៊ុយ សែម អតីតៈរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែនិងថាមពលថ្លែងនៅក្នុងពិធីផ្ទេរតំណែងក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ គាត ឈន់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៣នេះ។
លោក ស៊ុយ សែម បានលើកឡើងបន្តថា នៅឆ្នាំ១៩៩៨ ប្រព័ន្ធអគ្គិសនីមានលក្ខណៈជាប្រព័ន្ធទោលដាច់ពីគ្នា ហើយបច្ចុប្បន្នបានជំរុញអភិវឌ្ឍន៍មូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមានខេត្តក្រុងចំនួន ១៣ បានតភ្ជាប់គ្នា និងបានសាងសង់ខ្សែបណ្តាញតង់ស្យុងខ្ពស់ចំនួន ១.២១៦ គ.ម ខ្សែបណ្តាញតង់ស្យុងមធ្យមចំនួន ៧.៣០៩ គ.ម ត្រង់ស្វូចែកចាយចំនួន ៤.៩៣៣ គ្រឿង ខ្សែបណ្តាញចែកចាយតង់ស្យុងទាបចំនួន ៩.៧៤៣ គ.ម អនុញ្ញាតឲ្យយើងអាចចូលរួមចំណែកផ្គត់ផ្គង់អគ្គិសនីរួមជាមួយអ្នកកាន់អាជ្ញាប័ណ្ណតូចៗដ៏ទៃទៀតបានចំនួន៧១៨៧ភូមិ ត្រូវជាប្រមាណ ៥១% នៃភូមិទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។
អតីតៈរដ្ឋមន្រ្តីរូបនេះបន្តទៀតថារហូតមកដល់ពេលនេះមានប្រភពអគ្គិសនីជាច្រើនបានសាងសង់រួចនិងដាក់ឲ្យដំណើរការរួមមាន៖ ការនាំចូលពីប្រទេសវៀតណាម ១៧០ មេហ្គាវ៉ាត់ ការនាំចូលអគ្គិសនីពីប្រទេសថៃ៨០មេហ្គាវ៉ាត់ វារីអគ្គិសនីគីរីរម្យ១អនុភាព១២មេហ្គាវ៉ាត់ វារីអគ្គិសនីកំចាយ១៩៣ មេហ្គាវ៉ាត់ វារីអគ្គិសនីគីរីរម្យ៣អនុភាព១៨មេហ្គាវ៉ាត់ រោងចក្រដុតកាកសំណល់អំពៅនៅតំបន់ឱរ៉ាល់ ២០ មេហ្គាវ៉ាត់ នៅក្រចេះ២០មេហ្គាវ៉ាត់រោងចក្រដើរដោយធ្យូងថ្មនៅខេត្តព្រះសីហនុ១០០មេហ្គាវ៉ាត់ និងវារីអគ្គិសនីស្ទឹងអាតៃ១២០មេហ្គាវ៉ាត់។
សូមបញ្ជាក់ថា នៅមានគម្រោងមួយចំនួនទៀតនឹងដាក់ឲ្យដំណើរការជាបន្តបន្ទាប់នាពេលដ៏ខ្លីខាងមុខនេះរួមមាន វារីអគ្គិសនីឬស្សីជុំក្រោម៣៣៨មេហ្គាវ៉ាត់ វារីអគ្គិសនីស្ទឹងតាតៃ ២៤៦មេហ្គាវ៉ាត់ អគ្គិសនីដុតធ្យូងថ្ម ៤០៥ មេហ្គាវ៉ាត់ (២៧០មេហ្គាវ៉ាត់-១៣៥មេហ្គាវ៉ាត់) និងគម្រោងវារីអគ្គិសនីសេសាន្តក្រោម២ដែលនឹងមានអនុភាព៤០០មេហ្គាវ៉ាត់៕ដោយ៖ ស.ស្អាត