ភ្នំពេញ ៖ ក្រុមអ្នកប្រឈមខ្ពស់និងក្រុមអ្នកសារព័ត៌មានបានមកជួបជុំគ្នាពិភាក្សាលើកការងារផ្សព្វផ្សាយសំដៅលើកកម្ពស់ការរស់នៅក៏ដូចជាការអំពាវនាវផ្សេងៗ ក្នុងនោះការរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍និងអ្នករងគ្រោះដោយសារគ្រឿងញៀនជាដើម។ នៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីសកម្មភាពផ្សព្វផ្សាយលើបញ្ហានេះ ត្រូវបានធ្វើឡើងយ៉ាងសស្រាក់សស្រាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងការឆ្លងនិងការរីករាលដាលជំងឺនេះ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់គួរឲ្យករ់សម្គាល់។
ប្រធានអង្គការ KHANA លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព បានថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលមួយ រវាងក្រុមប្រឈមមុខខ្ពស់ ជាមួយក្រុមអ្នកសារព័ត៌មាន អំពីការកាត់បន្ថយភាពរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍ដែលបានធ្វើឡើងនៅសណ្ឋាគារ អ៊ីងធើកុងទីណង់តាល់កាលពីថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៣នេះថា កាលពីថ្ងៃទី០១ខែធ្នូកន្លងទៅថ្មីៗនេះដែលជាទិវាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នោះ អ្វីដែលកម្ពុជាចង់សម្រេចបាននៅក្រោមប្រធានបទ សំខាន់ៗចំនួន៣ចំណុចគឺកុំឲ្យមានឆ្លងថ្មី,មិនរើសអើងនិងកុំស្លាប់ដោយសារអេដស៍ ។
ជាទូទៅតាមគោលការណ៍មនុស្សជាតិលើពិភពលោកគឺបានតាំងចិត្តរួមគ្នា ចាប់ពីឆ្នាំ២០១១-២០១៥ ដោយលើកយកបញ្ហានេះ ធ្វើជាប្រធានបទក្នុងការពិភាក្សាគ្នានិង ណែនាំមនុស្សនៅទូទាំងពិភពលោក និងសហគមន៍ ពិសេសក្រុមយុវជនដែលជាទំពាំងស្នងឬស្សី ជាវ័យកំពុង ត្រេកត្រអាលឬក្រុមដែលកំពុងប្រឈមមុខខ្ពស់នានា ។លោកវេជ្ជបណ្ឌិតបន្តថា សម្រាប់កម្ពុជាយើងវិញគេពិនិត្យឃើញថា ការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍មកដល់ពេលនេះ គេបានដឹងឮទាំងអស់គ្នាទាំងរាជរដ្ឋាភិបាល សហគមន៍ អ្នកផ្តល់ជំនួយនិងសហគមន៍ដែលរងផលប៉ះពាល់ផ្ទាល់ពីមុន រួមទាំងសង្គមស៊ីវិល បានធ្វើកិច្ចការនេះយ៉ាងសស្រាក់សស្រាំប្រយោជន៍ឈានទៅលប់បំបាត់ក្នុងរង្វង់ឆ្នាំ២០២០ខាងមុខនោះ ។លោកវេជ្ជ.អ៊ុំ សុភាព បានបញ្ជាក់ថា ចំពោះកម្ពុជាអ្នកដែលមិនដឹងថា ខ្លួនឯងមានផ្ទុកមេរោគ អេដស៍មានប្រហែលមិនលើសពី១០.០០០នាក់, ហើយអ្នកផ្ទុកមេរោគអេដស៍វិញ មានប្រហែល៧២.០០០នាក់, អ្នកធ្វើតេស្តដឹងថា មានមេរោគអេដស៍ប្រហែល ៦០.០០០នាក់ និង ៥៥.០០០នាក់ កំពុងស្ថិតក្នុងការព្យាបាលប្រកបដោយប្រសិទ្ធភាព គឺពួកគាត់មានការព្យាបាលល្អនិងមានប្រហែលជា៥.០០០ទៅ៧.០០០នាក់ទៀតកំពុងរង់ចាំទទួលការព្យាបាល ។
ជាមួយគ្នានោះ លោក តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានលើកឡើងថា ពេលថ្មីៗនេះយើងបានជួបប្រជុំនៅថ្នាក់តំបន់ដែលហៅថា(អាយខាប់) លើកទី១១ នៅទីក្រុងបាងកកនៃប្រទេសថៃ បានកំណត់ថា ជំងឺ អេដស៍នៅមិនទាន់ ចេញ ឆ្ងាយពីពួកយើងទេ ហើយជំងឺនេះនៅតែជាបន្ទុកដ៏សំខាន់នៅក្នុងតំបន់ ។លោកបានបន្តថា ការពិភាក្សានៅថ្ងៃនេះ គឺការរើសអើងហើយតាមរយៈបទពិសោធន៍ទាំងថ្នាក់ អន្តរជាតិ ចំពោះការការរើសអើងនេះជារនាំងដ៏សំខាន់ដែលធ្វើឲ្យការអនុវត្តន៍របស់យើង មិនទទួលបានជោគជ័យ ។ យើងធ្វើយ៉ាងម៉េចធ្វើឲ្យជំងឺអេដស៍នេះក្លាយទៅជាជំងឺ ធម្មតា ដោយមិនត្រូវគិតថា អ្នកកើតជំងឺអេដស៍គឺជាមនុស្សកម្រិតទាបណាស់ដែលកើតជំងឺនេះ ។ ដូច្នេះយើងត្រូវតែដកនូវរនាំងនេះចេញបើយើងមិនដកទេ វាធ្វើឲ្យផែនការទស្សនៈវិស័យ ទាំងអង្គការសហប្រជាជាតិ ក៏ដូចកម្ពុជាដែលមានមហិច្ឆិតាកាត់បន្ថយការចម្លងថ្មី ការរើសអើង ការស្លាប់នេះ មិនបានទទួលជោគជ័យនៅពេលខាងមុខជាក់ជាមិនខាន ៕ ដោយ៖ ស.ស្អាត