ភ្នំពេញ៖ ប្រទេស CLMV កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដែលស្ថិតក្នុងតំបន់ដងទន្លេមេគង្គ បានបង្ហាញការព្រួយបារម្ភ ដូចគ្នាទៅលើបញ្ហាសន្តិសុខស្បៀង ទឹក និងថាមពលអគ្គីសនី ខណៈដែលបញ្ហា ការប្រែប្រួលអាកាសធាតុនិងកក្តាមនុស្សកំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងៗឥតឈប់ឈរ។
ថ្លែងក្នុងសនិ្នសីទថ្នាក់តំបន់នៅព្រឹកថ្ងៃទីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤នេះ សម្តេច នរោត្តម សិរីវុឌ្ឍ ទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានក្រុមប្រឹក្សាភិបាល នៃឧត្តមក្រុមប្រឹក្សា ព្រះមហាក្សត្រ មានបន្ទូលថា ទឹក ស្បៀង និងថាមពលជាបញ្ហាដ៏សំខាន់ត្រូវតែធ្វើការដោះស្រាយ ដោយមិនត្រឹមតែនៅថ្នាក់មូលដ្ឋានប៉ុណ្ណោះទេ គឺកម្រិតតំបន់ផងដែរ គឺវាធានាបាននូវការជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិ។
ការលើកឡើងដូច្នេះ បានធ្វើឡើងខណៈដែលប្រទេសនានាក្នុងតំបន់មេគង្គ កំពុងតែចាប់ផ្តើមសាងសង់ទំនប់វារីអគ្គីសនី កាត់តាមទន្លេមេនៃដងទន្លេមេគង្គ ដើម្បីទាញយកថាមពលអគ្គិសនីបំពេញសេចក្តីត្រូវការរៀងខ្លួន ប៉ុន្តែវានឹង រងផលប៉ៈពាល់រយៈពេលវែងប្រើសិនបើបញ្ហាទឹក និងសន្តិសុខស្បៀងមិនត្រូវបានពិចារណាឲ្យបានដិតដល់ទេនោះ។
សម្តេចបានបញ្ជាក់ថា បញ្ហាទឹកស្បៀង និងថាមពលអាចមាននិរន្តរភាព ទៅបានទាល់ តែវិស័យទាំងបីនេះមានដំណើរការល្អប្រសើរព្រមគ្នា ដូច្នេះសន្និសីទថ្នាក់តំបន់នេះ ត្រូវតែពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើម្បីស្វែងរកជំរើសនយោបាយ និងបច្ចេកវិទ្យាឲ្យសមស្រប សម្រាប់ឆ្លើយតបទៅ នឹងបញ្ហាខាងលើ។
លោក Wolhem Hofeimster ប្រធានមូលនិធិខុនរ៉ាដ ប្រចាំប្រទេសសិង្ហបុរី និងជាប្រធានកិច្ចពិភាក្សាកម្មវិធីនយោបាយប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា ការពិភាក្សាគ្នាជាលក្ខណៈតំបន់នាពេលនេះ ពិតជាមានសារៈ សំខាន់ណាស់ ដើម្បីរួមគ្នាស្វែងរកយន្តការ ឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធិភាព ដោយសារតែប្រ ទេសទាំង៤នេះងាយប្រឈមខ្ពស់លើបញ្ហា អសន្តិសុខស្បៀង។
លោក ស៊ីន ខណ្ឌី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថាសម្រាប់ប្រទេសកម្ពុជា សន្តិសុខទឹក និងសន្តិសុខថាមពល នៅជាបញ្ហាប្រឈមនៅឡើយ ដោយសារតែប្រទេសកម្ពុជាបានពឹងផ្អែក ទាំងសុ្រងលើប្រពន្ធ័អាងទឹកដែលមានលក្ខណៈឆ្លងដែន ចំណែក ថាមពលមានតម្លៃថ្លៃបើធៀបទៅនឹងប្រទេសជិតខាងផ្សេងទៀត។
លោកបញ្ជាក់ថា រាល់ការអភិវឌ្ឍនានា ដូចជាវារីអគ្គីសនី រាជរដ្ឋាភិបាលបានគិតគូរ លើបញ្ហាគ្រប់វិស័យជានិច្ច ដោយមិនភ្លេចលើវិស័យណាមួយឡើយ ព្រោះវានឹង ធ្វើឲ្យធនធានទាំងនោះ នៅតែមាននិរន្តរភាពសម្រាប់ប្រជាជាតិ។
សូមបញ្ជាក់ថា សន្និសីទថ្នាក់តំបន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមលើបញ្ហាសន្តិសុខទឹក ស្បៀង និងថាមពលនេះ មានរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព ហើយគ្រោងប្រមូលយកលទ្ធផលនៃកិច្ចប្រជុំទាំងនេះបញ្ជូនទៅគ្រប់ក្រសួងស្ថាបន័ពាក់ពន្ធ័តាមប្រទេសនិមួយៗ សម្រាបរៀបចំជាគោល នយោបាយឆ្លើយតបចំពោះមុខ និងទៅថ្ងៃខាងមុខ៕ ដោយ ៖ សស្អាត