ភ្នំពេញ៖ អត្រាឈឺនិងស្លាប់ដោយជំងឺគ្រុនចាញ់ ក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១១-២០១៣ នេះ មានការថយ ចុះគួរឲ្យកត់សម្គាល់ និងស្មានមិនដល់ បើប្រៀបធៀបទៅនឹងទស្សវត្សរ៍ ឆ្នាំ២០០០-២០១០កន្លងទៅនោះ។នេះបើ តាមរបាយការណ៍ផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត កម្ពុជា នៅថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៤នេះ។
របាយការណ៍ផ្សព្វផ្សាយខាងលើបានឲ្យដឹងថា ចំនួនស្លាប់ដោយគ្រុនចាញ់ និងស្ថិតិប្រជាជនតាមឆ្នាំនីមួយៗ អត្រា ស្លាប់ដោយគ្រុនចាញ់ ក្នុងទស្សវត្សឆ្នាំ២០០០-២០១០ ត្រូវបានកាត់បន្ថយប្រមាណ៧.៧ ភាគរយប៉ុណ្ណោះគិត ជា មធ្យម ។ បន្ទាប់មកក្នុងរយៈពេល៣ឆ្នាំដំបូង នៃការអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិ លុបបំបាតជំងឺគ្រុនចាញ់ ឆ្នាំ ២០១១-២០២៥ របស់រាជរដ្ឋាភិបាល អត្រាស្លាប់នេះ បានថយចុះកាន់តែលឿនគួរឲ្យកត់សម្គាល់ គឺកាត់បន្ថយអស់ រហូតដលទៅ៤០ភាគរយក្នុងឆ្នាំ២០១១ហើយ៥១ភាគរយក្នុងឆ្នាំ២០១២ និង៧៤ភាគរយនៅឆ្នាំ២០១៣ កន្លងទៅថ្មី ៗនេះ។មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានឲ្យដឹងទៀតថា ឆ្នាំ២០០០ មានអ្នកស្លាប់ដោយសារជំងឺនេះចំនួន៦០៨ នាក់ ហើយរយៈពេល១០ឆ្នាំក្រោយ នៅឆ្នាំ២០១០មានអ្នកស្លាប់១៥១នាក់ ចំណែកអ្នកស្លាប់ដោយគ្រុនចាញ់ឆ្នាំ២០១១មានចំនួន៩៣នាក់ ក្នុងឆ្នាំ២០១២មាន៤៦នាក់ និងឆ្នាំ២០១៣មានចំនួន១២នាក់តែប៉ុណ្ណោះ។
មានន័យថាចំនួនស្លាប់ដោយគ្រុនចាញ់ ក្នុងប្រជាជន១សែននាក់ ជាសូចនាករស្នួល១ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា បានថយចុះពី ៥,១៦នាក់ នាឆ្នាំ២០០០ មកនៅត្រឹម១,០៩នាក់ នាឆ្នាំ២០១០ និង ០,៦៦នាក់នាឆ្នាំ២០១១គឺទាបជាង០,៧៨នាក់ ដែលជាគោលដៅអភិវឌ្ឍន៍សហស្សវត្ស២០១៥ ហើយបន្ទាប់មកបានបន្តចុះកាន់តែលឿនរហូតមកដល់០,៣២នាក់ នាឆ្នាំ២០១២ និងដល់០,០៨នាក់ នាឆ្នាំ២០១៣។ដោយឡែកទាក់ទិននិងករណីគ្រុនចាញ់ដែលព្យាបាល ដោយសេវាសាធារណៈ ឬភ្នាក់ងារស្ម័គ្រចិត្តភូមិក្នុងឆ្នាំ២០១៣ មានចំនួន៤១,៨៤៩ករណី គឺថយចុះ៤០ភាគរយ បើប្រៀបធៀបឆ្នាំ២០១២ដែលមាន៦៩,៥៥១ករណី។
ចំណែកករណីគ្រុនចាញ់ ដែលព្យាបាលដោយសេវាសាធារណៈ ក្នុងប្រជាជន១០០០នាក់ ដែលជាសូចនាករតាមដាន១ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា បានថយចុះពី១១,០ករណីនាឆ្នាំ២០០០ មកនៅត្រឹម៤,២ នាឆ្នាំ២០១០ និង៤,០ករណី ឆ្នាំ២០១១ គឺស្មើគោលដៅឆ្នាំ២០២៥ បន្ទាប់មកបន្តចុះកាន់តែលឿនជាងមុនមកដល់ ២,៨ និង១,៥ករណី នាឆ្នាំ ២០១២ និងឆ្នាំ២០១៣។
គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាបានអនុវត្តន៍សម្រេចមុនផែនការ គោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជាឆ្នាំ២០១៥ ដែលទាក់ទិននឹងអត្រាឈឺនិងស្លាប់ ដោយជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្តនិងបាណកសាស្រ្តនៅឆ្នាំ២០១១ ពោលក្នុងរយៈពេល៣ឆ្នាំមុនរយៈកាលកំណត់៕ ដោយ៖ សស្អាត