ភ្នំពេញ៖ ស្ទើតែមិនគួរឱ្យជឿថាម្រុំជាដំណាំធម្មជាតិម្យ៉ាង ដែលប្រជាជនកម្ពុជានិយម យកមក ធ្វើជាបន្លែសម្រាប់ស្លស្លុកពិសារនោះ បានក្លាយជារុក្ខជាតិដ៏សំខាន់ ក្នុងការទាក់ទាញ អ្នកវិនិយោគពីបណ្តារប្រទេសធំៗ និង ជារុក្ខជាតិឱសថដ៏មានប្រសិទ្ធភាព សម្រាប់ព្យាបាលជំងឺ ការទ្រទ្រង់សរីរាង្គមនុស្ស និងជាអាហារបំប៉នសុខភាពដ៏អស្ចារ្យទៅវិញសោះ។
ក្រុមអ្នកប្រាជ្ញ ផ្នែកវិទ្យាសាស្ត្រ មកពីប្រទេសបារាំង តាមរយៈក្រុមហ៊ុនដ៏ធំមួយ (Medikhmer Pharmaceutical Co., Ltd) បានមកសិក្សាស្រាវជ្រាវ ទៅលើរុក្ខជាតិឱសថ នៅក្នុងប្រទេសកម្ពុជា អស់រយៈកាលជាង៥ឆ្នាំ បានរកឃើញថា នៅក្នុងប្រទេសកម្ពុជាសម្បូរទៅដោយរុក្ខជាតិឱសថ ដែលអាចផលិតជាឱសថ សម្រាប់សុខភាពមនុស្ស ។ ក្នុងការស្រាវជ្រាវនោះ បានចាប់អារម្មណ៍ខ្លាំងបំផុតទៅលើរុក្ខជាតិម៉្យាង ដែលមានថាមពលដ៏អស្ចារ្យក្នុងការទ្រទ្រង់សុខភាពមនុស្សគឺ រុក្ខជាតិម្រុំ ។
លោកសាស្ត្រាចារ្យ Daniel Cohen ជាអ្នកប្រាជ្ញវិទ្យាសាស្ត្រដំបូងគេ ដែលលោករកឃើញ កូដសម្រាប់អាន DNA លោកបានអញ្ជើញមកប្រទេសកម្ពុជាជាង៥ឆ្នាំ និងបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតលើរុក្ខជាតិម្រុំ បង្ហាញថា ម្រុំជារុក្ខជាតិឱសថដ៏អស្ចារ្យ រាប់តាំងពី សំបក, ឬស,ស្លឹក,គ្រាប់ និង ផ្កា ត្រូវបានគេប្រើ ដើម្បីធ្វើជាឱសថបុរាណនៅក្នុងប្រទេសជាច្រើន ។
ជាមួយគ្នានេះលោកសាស្ត្រាចារ្យ Daniel Cohen បានបង្ហាញពីអត្ថប្រយោជន៍និមួយៗរបស់រុក្ខជាតិប្រភេទនេះគឺ ជារុក្ខជាតិមានវីតាមីនច្រើនមុខ ស្លឹកវាសម្រាប់ទ្រទ្រង់រាងកាយ ប្រឆាំងជំងឺ បានច្រើនប្រភេទ ហើយផ្លែវាអាចធ្វើជាម្ហូប និងចំណីហិរបាន មិនតែប៉ុណ្ណោះ គ្រាប់វាអាច ផលិតជាប្រេងលាបធ្វើឱ្យស្បែកភ្លឺរលោង និងធ្វើជាប្រេងរំអិលដាក់ក្នុង សម្ភារៈប្រើប្រាស់មានគុណភាពខ្ពស់ និងអាចផលិតជាវត្ថុធាតុដើមបានច្រើនមុខទៀត នៅ ក្នុងវិស័យឧស្សាហកម្ម និយាយជារួមសូម្បីកាកសំណល់ចម្រាញ់រួចក៏មានប្រយោជន៍ដែរ។
លោកបញ្ជាក់ថា គោលបំណង នៃការមកកម្ពុជាពេលនេះ ដើម្បីសិក្សាស្រាវជ្រាវពីរុក្ខជាតិឱសថ យកមកពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា លើការវិនិយោគនូវគម្រោង ការជាច្រើន ជាពិសេសគម្រោងការដាំដើមម្រុំ ដែលមានផលប្រយោជន៍ជាច្រើន តាំងពីដើមស្លឹក រហូតដល់ផ្លែនិងគ្រាប់របស់វា។
ដើមម្រុំត្រូវបានគេស្គាល់ថាជាដើមដែលមានការលូតលាស់យ៉ាងច្រើន នៅភ្នំហេម៉ាឡៃនៃប្រទេសឥណ្ឌាបែកខាងជើង។ រុក្ខជាតិមួយនេះគឺសម្បូរទៅដោយជីវជាតិដ៏មានតម្លៃយ៉ាងច្រើន ហើយក្រុមអ្នកស្រាវជ្រាវផ្នែកសុខភាព បានចាប់ផ្តើមឲ្យឈ្មោះវាថាជាដើមឈើផ្តល់សំណាង និង ទឹកអម្រិតសម្រាប់ជីវិតដ៏យូរអង្វែង ដោយសារតែវាមានសមត្ថភាពក្នុងការជួយឲ្យរបួសឆាប់ជាយ៉ាងអស្ចារ្យ។
លោកសាស្រ្តាចារ្យបញ្ជាក់ថា ម្រុំជាជារុក្ខជាតិដែលផ្ទុកទៅដោយ ជាតិអង់ទីអុកស៊ីដង់ (សារធាតុប្រឆាំងអុកស៊ីតកម្ម) ដ៏មានសារៈសំខាន់បំផុតនៅលើផែនដី មានវីតាមីន C វីតាមីន A ដែលអាចជួយបន្សាប់ឥទ្ធិពលអាក្រក់របស់រ៉ាឌីកាលសេរីបាន នឹងជួយកាត់បន្ថយការកើតជំងឺមហារីក និង ជំងឺផ្សេងៗបានដូចជា ជំងឺភ្នែក Macular Degeneration និងជំងឺ Cystic Fibrosis និងផ្ទុកទៅដោយអាស៊ីតអាមីណេ ដើម្បីបង្កើតជា ប្រូតេអ៊ីន សម្រាប់រាងកាយ បង្កើតសាច់ដុំ, ឆ្អឹងខ្ចី, ឆ្អឹង, ស្បែក និងឈាម ហើយវាក៏ជាតម្រូវការសម្រាប់បង្កើតជាអង់ស៊ីម អ័រម៉ូន ។ បរិភោគស្លឹកម្រុំ ផ្តល់នូវជាតិកាល់ស្យូម និងម៉ាញ៉េស្យូម សម្រាប់បង្កើតឆ្អឹង និងធ្មេញ ហើយសម្រាប់បឺតស្រូបជាតិកាល់ស្យូម មកទ្រទ្រង់សរីរាង្គ ពិសេសសម្រាប់អ្នកជំងឺពុកឆ្អឹង និងជំងឺឆ្អឹងផ្សេងៗទៀត។
ក្រៅ ពីនេះរុក្ខជាតិម្រុំពោរពេញទៅដោយជីវជាតិយ៉ាងច្រើនខុសៗ ដូចជា កាលស្យូម ប៉ូតាស្យូម វីតាមីន A វីតាមីន B3 ម៉ាញ៉េស្យូម ជាតិដែក ជាតិអ៊ីយ៉ូត, សារធាតុ Lutein, ស័ង្គសី, សេឡេញ៉ូម, សារធាតុ Zeatin និង Beta-carotene ជាតិរ៉ែ និងជីវជាតិបន្ថែមច្រើនទៀតជួយដល់ ផ្នែកសរសៃផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន Medikhmer Pharmaceutical Co., Ltd ជាបុត្រសម្ភ័នរបស់ក្រុមហ៊ុន PHARNEXT និងជាក្រុមហ៊ុនផ្នែកស្រាវជ្រាវ និងផលិតឱសថលំដាប់ពិភពលោក នៅប្រទេសបារាំង បានស្រាវជ្រាវតាមបែបវិទ្យាសាស្ត្របង្ហាញថា ម្រុំគឺជា multivitamins ហើយក្រុមហ៊ុនគ្រោងនឹងដាំវានៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នកំពុងបណ្តុះពូជដែលនាំយកមកពីប្រទេសឥណ្ឌា សម្រាប់ផលិតជាឱសថ និងអាហារបំប៉ន បំរើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងចែកចាយនៅលើពិភពលោក ៕
ដោយ៖ សស្អាត