ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា (ADB) បានបង្ហាញឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថមថយមកនៅត្រឹម៧,០ភាគរយនៅក្នុងឆ្នាំ២០១៤ ប្រៀបនឹង៧,២ភាគរយកាលពីឆ្នាំ២០១៣ ហើយនឹងកើនឡើងវិញដល់៧,៣ភាគរយ នៅក្នុងឆ្នាំ២០១៥ខាងមុខ។
របាយកាណ៍ដដែលបានចុះថ្ងៃទី១ ខែមេសា បន្តថា ការថមថយដែលរំពឹងថា នឹងកើតមានឡើងនៅក្នុងឆ្នាំ២០១៤ ឆ្លុះបញ្ចាំងពីភាពតានតឹងផ្នែកនយោបាយ ចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិ ក្នុងខែកក្កដា ឆ្នាំ២០១៣កន្លងមក និងការទាមទារឲ្យមានការបង្កើនប្រាក់ឈ្នួលពីសំណាក់កម្មករកាត់ដេរ ដែលនាំឲ្យទំនុកចិត្តរបស់វិនិយោគិនមានការធ្លាក់ចុះ និងបានបង្កឲ្យមានការរំខាន ដល់ផលិតកម្មសម្លៀកបំពាក់ និងស្បែកជើងមួយចំនួននៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។ ភាពមិននឹងនរនេះអាចធ្វើឲ្យការវិនិយោគថយចុះ និងជះឥទ្ធិពលមកលើវិស័យទេសចរណ៍សំណង់ និងអចលនទ្រព្យនៅឆ្នាំនេះ។
លោក Eric Sidgwick នាយក ADB ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាមានភាពមិននឹងនរផ្នែកនយោបាយ និងទីផ្សារពលកម្មដែលអាចកើតមានបន្តទៀតយ៉ាងណាក៏ដោយ គេរំពឹងថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចយ៉ាងល្អប្រសើរ នៅក្នុងរយៈពេល២ឆ្នាំទៅមុខទៀត ដែលឆ្លុះបញ្ចាំងពីកំណើនការនាំចេញ កំណើនក្នុងវិស័យសេវាកម្ម និងការពង្រឹងការស្តារសេដ្ឋកិច្ចឡើងវិញ នៅតាមបណ្តាប្រទេសឧស្សាហកម្មធំៗ។
កំណើនសេដ្ឋកិច្ច កម្ពុជានឹងថមថយមកនៅត្រឹម ៧,០%នៅក្នុងឆ្នាំ ២០១៤ ពី ៧,២%នៅឆ្នាំ ២០១៣ ហើយ នឹងកើនឡើងដល់ ៧,៣%នៅក្នុងឆ្នាំ ២០១៥ ។ ADO ២០១៤ បានកត់សម្គាល់ថា លំហូរ ចូលនៃការវិនិយោគផ្ទាល់ពីបរទេសសុទ្ធ មានភាពល្អប្រសើរត្រឹមកម្រិត ១,៣ ពាន់លាន ដុល្លារ នៅក្នុងឆ្នាំ ២០១៣ បើទោះបីជាតួលេខនេះបង្ហាញពីការថយចុះតិចតួច បើធៀបជា មួយឆ្នាំកន្លងមកក៏ដោយ ។
ADO ២០១៥ នេះ បានជំរុញឲ្យមានការអភិវឌ្ឍបន្ថែមទៀតនូវសហគ្រាសខ្នាតតូច និងមធ្យម ក្នុងន័យធានានិរន្តរភាព និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច។ វិស័យឯកជនរបស់ប្រទេសកម្ពុជា សម្បូរទៅដោយសហគ្រាសក្រៅប្រព័ន្ធដែលមានទំហំតូចៗបំផុត។ សហគ្រាសធំៗ ដែលភាគច្រើនស្ថិត ក្នុងវិស័យផលិតសម្លៀកបំពាក់កម្មន្តសាលធុនស្រាល សំណង់ ទេសចរណ៍ និងកសិពាណិជ្ជកម្មមានត្រឹមតែ១ភាគរយប៉ុណ្ណោះ ហើយមានសហគ្រាសត្រឹមតែ២,១ភាគរយប៉ុណ្ណោះ ដែលស្ថិតចូលទៅក្នុងប្រភេទសហគ្រាសខ្នាតតូច និងមធ្យម។ ក្រៅពីនេះចំណុចខ្សោយនៃផ្នែកសហគ្រាសខ្នាតតូច និងមធ្យម នៅក្នុងរចនាសម្ព័ន្ធនៃ វិស័យឯកជនជាកត្តាដែលនាំឲ្យរាំងស្ទះដល់ការអភិវឌ្ឍ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
សេចក្តីប្រកាសព័ត៌មាន ADB បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ ២០១៤ កំណើននៃឧស្សាហកម្ម ដោយសារការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ទៅកាន់ទីផ្សារ អាម៉េរិក និងសហ ភាពអឺរ៉ុប ត្រូវបានព្យាករណ៍ថាមានការថយចុះមកនៅ ៨,៧% ពី ១០,៥% កាលពីឆ្នាំកន្លង ទៅ ។
ដោយឡែក ការចំណាយរបស់រដ្ឋាភិបាលត្រូវបានកំណត់ត្រឹមកម្រិត ១៩,៨% នៃ GDP ខណៈពេលដែលចំណូលគ្រោងទុកមានកម្រិត ១៥,០%នៃ GDP ។ ដោយសារតែមានការថយចុះនៃកំណើននៃការនាំចេញទំនិញ ឱនភាពគណនីចរន្ត (ដោយមិនរាប់បញ្ចូលការផ្ទេរធនធានជាផ្លូវការ) នឹងមានការកើនឡើងដល់ ១១,៣% នៃ GDP ពី ១០,៨% នៅក្នុងឆ្នាំ ២០១៣ មុននឹងថយចុះមកវិញក្នុងឆ្នាំ ២០១៥។ ការរឹតបន្តឹង ការប្រមូលពន្ធគយនឹងបន្តដាកើសម្ពាធខ្លះលើតម្លៃទំនិញនាំចូលនៅ ដើមឆ្នាំ ២០១៤ ។ ដូច្នេះគេរំពឹងថា អត្រាអតិផរណា ជាមធ្យម នឹងកើនដល់ ៣,៥% ហើយនៅបន្តក្នុងកម្រិតជុំវិញអត្រានេះនៅក្នុងឆ្នាំ២០១៥ ស្របពេលដែលកំណើនសេដ្ឋកិច្ចមានការកើនឡើង៕
ដោយ៖ ភិនរ៉ា