ភ្នំពេញៈយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ. ជ.ប)បានបញ្ជាក់ឲ្យដឹងថាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌមានរយៈពេលដប់ប្រាំថ្ងៃគឺចាប់ពីថ្ងៃទី២ដល់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ។សេចក្តីជូនដំណឹងដដែលបាន បន្តថា ឲ្យស្ថានីយវិទ្យុ និងទូរទស្សន៍ឯកជនដែលមានបំណងលក់ម៉ោង ឬជួលម៉ោងផ្សាយដល់ គណបក្សនយោបាយត្រូវប្រកាសជាសាធារណៈ អំពីចំនួនម៉ោងដែលខ្លួនមានសម្រាប់លក់ ឬជួលក្នុងរយៈពេលដប់ប្រាំថ្ងៃនេះ។
បើតាមលោកអ៊ឹម សួស្តី ក៏បានប្រកាសថា អ្នកគ្រប់គ្រងស្ថានីយវិទ្យុ និងទូរទស្សន៍ឯកជនត្រូវជូនដំណឹងអំពីការលក់ម៉ោងឬជួលម៉ោងផ្សាយហើយ ផ្តល់ឲ្យគ.ជ.ប និងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នៅឆ្នាំ២០១៤។
ប្រភពដដែលបានបង្ហាញទៀតថា ការលក់ម៉ោង ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនយោបាយ ត្រូវផ្អែកទៅតាមគោលការណ៍ស្មើភាពតម្លៃស្មើៗគ្នានិងតាមលំដាប់មុនក្រោយ។ការលក់ម៉ោង ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ មិនត្រូវបានអនុញ្ញាតឲ្យអ្នកគ្រប់គ្រងស្ថានីយវិទ្យុ និងទូរទស្សន៍លក់ម៉ោង ឬជួលម៉ោងផ្តាច់មុខឲ្យគណបក្សនយោបាយណាមួយឡើយ។សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២នឹងធ្វើឡើងជាលក្ខណៈអសកលនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ ពោលគឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ប៉ុណ្ណោះជាអ្នកបោះឆ្នោត។ ការបោះឆ្នោតនោះមានគណបក្ស៥ ចូលរួមដាក់បេក្ខជនចូលរួមបោះឆ្នោត៕ ដោយ៖ ភីនរ៉ា