ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបង្ហាញថា ប្រទេសកម្ពុជាយើងបាននាំចូលប្រេងឥន្ទន្ធៈចំនួន ៣០ម៉ឺនតោន ក្នុងរយៈពេល ២ខែ ដើមីឆ្នាំ២០១៤ នេះ បានកើនឡើងប្រមាណជា១៤ភាគរយ ពីចំនួន ២៧ម៉ឺន តោន បើគិតរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ យោងតាមរបាយការណ៍ពីក្រសួងបានបន្តថា តម្លៃនៃការនាំចូលបានកើនឡើង១៦,៥៨ភាគរយពោលគឺពីចំនួន ២៦២,៤២លានដុល្លារអាមេរិក រហូតដល់ ៣០៥,៩៣លានដុល្លារអាមេរិក។ កម្ពុជាបាននាំចូលប្រេងឥន្ទនៈទាំងស្រុងពីបរទេស ដែលក្នុងនោះភាគច្រើនពីប្រទេសថៃ វៀតណាមម៉ាឡេស៊ីនិងសឹង្ហបុរី។ រីឯក្រុមហ៊ុននាំចូល និងចែកចាយប្រេងនៅក្នុងប្រទេសនេះ មានដូចជា ក្រុមហ៊ុន កាល់តិច,សូគីម៉ិច, តូតាល់, តេលា, និងក្រុមហ៊ុនភីធីធី ជាដើម។
ដោយសាំងស៊ុបពែរក្នុង១លីត្រតម្លៃលក់នៅក្នុងរាជធានីភ្នំពេញសម្រាប់ ថ្ងៃច័ន្ទនេះមានតម្លៃចន្លោះពី ៥៣០០ ទៅ ៥៤០០រៀល ហើយតម្លៃសាំងធម្មតាវិញ គឺថ្លៃចន្លោះពី ៥១០០ទៅ ៥២០០រៀល។ តាមរបាយការណ៍ខាងលើនេះ បានបញ្ជាក់ឱ្យដឹងថា កំណើននៃការនាំចូលប្រេងឥន្ទន្ធៈនេះ គឺដោយសាតែមានតម្រូវការក្នុងស្រុក ដោយធ្វើឱ្យមានកើនឡើងទៅលើការធ្វើអាជីវកម្ម និងការប្រើប្រាស់ សម្រាប់យានយន្ត ខណៈដែលប្រទេសកម្ពុជាមិនទាន់មានរោងចក្រចម្រាញ់ ប្រេងកាតនៅឡើយ។ ជាក់ស្តែង បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងតែធ្វើការសាងសង់រោងចក្រចម្រាញ់ ប្រេងកាតនៅលើផ្ទៃដីប្រមាណជា ៣៤៥ហិកតា នៅក្នុងខេត្តព្រះសីហនុដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ក្នុងស្រុក Cambodian Petrochemical Co., Ltd និងក្រុមហ៊ុនរបស់ចិន Sinomach China Perfect Machinerry Industry Corp.Ltd។ ហើយគម្រោងវិនិយោគមួយនេះដែរ ត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវចំណាយទឹកប្រាក់ប្រមាណជា ២,៣ពាន់លាន ដុល្លារអាមេរិក ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងអំឡុងឆ្នាំ ២០១៥-២០១៦។ រោងចក្រនេះអាចមានសមត្ថភាពផ្គត់ផ្គង់ប្រេងបានប្រមាណជា ៥លានតោនក្នុង១ឆ្នាំៗ។
សូមបញ្ជាក់ថា បើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចូលប្រេងចំនួន ១,៥៣លានតោន និងគិត ជាតម្លៃទឹកប្រាក់ចំនួន ១,៤៧ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៣។ វាត្រូវបានប៉ាន់ប្រមាណថា តម្រូវការនឹងកើនឡើងទៅដល់ ៣ ឬ ៤ លានតោនក្នុងមួយឆ្នាំនៅប៉ុន្មានឆ្នាំខាងមុខ៕
ដោយៈ ភីនរ៉ា