ភ្នំពេញ៖ អង្គការសេដាក បាននិងកំពុងសម្របសម្រួលដឹកនាំដំណើរទស្សនកិច្ចសិក្សារបស់ក្រុមកសិករ និងបុគ្គលិកអង្គការហ្គ្រេត(GRET) ប្រមាណ២៣នាក់ មកពីប្រទេសភូមា ទៅកាន់សហគមន៍កសិករកម្ពុជាក្នុងខេត្តតាកែវនិងកំពត។នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សេដាកបង្ហាញថា ចាប់ពីថ្ងៃទី ៥ ដល់ ៧ ខែ មីនា ឆ្នាំ ២០១៤នេះ សេដាកនិងដឹកនាំដំណើរទស្សនកិច្ចសិក្សាពីកសិកម្មនៅកម្ពុជា ក្នុងគោលបំណងសិក្សារៀនសូត្រអំពីបទពិសោធន៍ការងាររបស់អង្គការសេដាក និងបទពិសោធន៍របស់កសិករខ្មែរទាក់ទងនឹង ការរៀបចំចងក្រងសមាគមកសិករ សមាគមសន្សំប្រាក់ រោងម៉ាស៊ីនកិនស្រូវសហគមន៍ និងការអនុវត្តន៍បច្ចេក ទេសកសិកម្មជាច្រើនទៀត ដូចជាកសិដ្ឋានពហុប្រយោជន៍ជាដើម។
ប្រធានអង្គការសេដាក លោក យ៉ង សាំងកុមារ បានឲ្យដឹងថា ការចាប់អារម្មណ៍ចង់រៀនសូត្រ អំពី បទពិសោធន៍អភិវឌ្ឍន៍សហគមន៍កសិករ និងការអនុវត្តន៍បច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាព របស់កសិករខ្មែរ ពីសំណាក់ក្រុមកសិករ និងអង្គការដៃគូរអភិវឌ្ឍន៍នៅក្នុងបណ្តាប្រទេស និងក្នុងតំបន់មានការកើនឡើង។ ហើយនេះជាលើកទី៣ហើយ ដែលអង្គការសេដាកបានទទួលទស្សនកិច្ចសិក្សាជាលក្ខណៈអន្តរជាតិពីប្រទេសភូមា ធ្វើឲ្យសេដាក មានមោទនភាពនិងមានផែនការក្នុងការពង្រីកការចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួនក៏ដូចជាបទពិសោធន៍របស់កសិករខ្មែរ ទៅដល់បណ្តារប្រទេសដទៃទៀតនៅក្នុងតំបន់។ តាមរយៈទស្សនកិច្ចសិក្សានេះដែរ កសិករខ្មែរក៏មានឱកាសរៀនសូត្រពីកសិករមកពីប្រទេសដទៃវិញផងដែរ។ អ្នកស្រី Celine Allaverdian អ្នកគ្រប់គ្រងគម្រោងថ្នាក់តំបន់របស់អង្គការ GRET និងជាប្រធានក្រុមទស្សនកិច្ចសិក្សានេះ មានឲ្យដឹងថា ដោយសារតែភាពចាស់ទុំ និងជោគជ័យរបស់អង្គការសេដាក នៅក្នុងការងារអភិវឌ្ឍន៍សហគមន៍ជនបទ ក្នុងវិស័យកសិកម្មប្រទេសកម្ពុជា ពិសេសបទពិសោធន៍ការងារចងក្រងសមាគមកសិករ សមាគមសន្សំប្រាក់ដើម្បីភាពអាស្រ័យលើខ្លួនឯងរបស់ក្រុមកសិករ ទើបអង្គការអ្នកស្រីក៏ដូចជាក្រុមកសិករនៅប្រទេសភូមា ចាប់អារម្មណ៍រៀនសូត្រ និងស្រង់យកបទពិសោធន៍ទាំងនោះ យកទៅអនុវត្តន៍នៅប្រទេសរបស់ខ្លួន។ លោកស្រីបញ្ជាក់ថា ហើយតាមរយៈដំណើរទស្សនកិច្ចសិក្សានេះដែរ ក្រុមប្រតិភូលោកស្រី នឹងខិតខំស្រូបយកបាននូវចំណេះដឹងបទពិសោធន៍ល្អៗពីកសិករកម្ពុជា ក៏ដូចជាបទពិសោធន៍ដឹកនាំរបស់អង្គការសេដាក ក្នុងការចងក្រងសមាគមន៍ដែលនាំឲ្យទទួលបានជោគជ័យដូចសព្វថ្ងៃនេះ៕
ដោយ៖ ស.ស្អាត