ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានកិច្ចសហប្រតិការសម្រាប់ឆ្នាំ២០១៤-២០១៦ សរុបប្រមាណ៧៧៣លានដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានឥណទានសម្បទានពី ADBចំនួន៥៧៣លានដុល្លារអាមេរិក និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលផ្តល់តាមរយៈ ADB ចំនួន២០០លានដុល្លារអាមេរិក។ ក្នុងជំនួបពិភាក្សាការងារ រវាង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក Stephen P.Groff អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៧ខែមិនា នៅទីស្តីការក្រសួងសេដ្ឋកិច្ច តំណាង ADB រូបនេះបានបញ្ជាក់ថា ក្រៅពីហិរញ្ញប្បទានកិច្ចសហប្រត្តិការ ADBក៏គ្រោងនឹងផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេសក្នុងទឹកប្រាក់សរុបចំនួន២២.៣លានដុល្លារអាមេរិកដល់កម្ពុជាផងដែរ។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះ ADB ដែលនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងភាពជាដៃគូល្អនិង ស្មើភាព និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការល្អប្រសើររបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងនោះរួមគ្នាអភិវឌ្ឍន៍គម្រោងស្តារប្រព័ន្ធផ្លូវដែកកម្ពុជា ឱ្យទទទួលបានជោគជ័យ។ចំពោះគម្រោងស្តារប្រព័ន្ធផ្លូវដែកកម្ពុជា លោក រដ្ឋមន្ត្រីលើកឡើងថា ការស្តារផ្លូវដែកទិសខាងត្បូងមានវឌ្ឍនភាពល្អប្រសើរ ដោយកំណាត់ផ្លូវដែកពីភ្នំពេញទៅខេត្តព្រះសីហនុ ប្រវែង២៥៦គ.ម ត្រូវបានបញ្ចប់ជាស្ថាពរ កាលពីចុងខែឧសភាឆ្នាំ២០១៣។ដោយឡែកផ្លូវដែកទិសខាងជើង ពុំទាន់អាចបញ្ចប់ទាំងស្រុងបាននៅឡើយទេ ដោយមូលហេតុថវិកាមានកម្រិត ប៉ុន្តែកំពុងដំណើរការសិក្សាបន្ថែមសម្រាប់ទិសដៅផែនការទៅអនាគត ដើម្បីស្វែងរកថវិកាតភា្ជប់ខ្សែផ្លូវដែកទាំងពីរទិសឱ្យមានដំណើរការពេញលេញ។ គួរបញ្ជាក់ថា នេះជាការផ្តល់ជំនឿចិត្តមួយទៀតពីធនាគារអភិវឌ្ឍន៍ចំពោះរាជរដ្ឋាភិបាលអាណត្តិទី៥នេះ ក្នុងការដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍន៍ជានិរន្តរ៍៕
ដោយ៖ រតនា