កំពង់ឆ្នាំង ៖ ស្របពេលរាជរដ្ឋាភិបាលកម្ពុជាកំពុងដំណើរការកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ និងដើម្បីអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី លើវិស័យជលផល រួម និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនិងបទល្មើសនោះ ខណ្ឌរដ្ឋបាលជលផល ខេត្ត បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន ក្រុមការងារក្រសួងកសិកម្ម អធិការដ្ឋានរដ្ឋបាលខាងត្បូងបឹងទន្លេសាប សហគមន៍នេសាទ កម្លាំងប្រដាប់អាវុធ បានសហការចុះបង្ក្រាបបទល្មើសនេសាទក្នុងទឹកដីខេត្តកំពង់ឆ្នាំង មុននឹងដំណាច់ខែមីនានេះ។ ក្នុងសកម្មភាពចុះបង្ក្រាបនេះដែរ ក៏បានផ្សព្វផ្សាយនូវបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយអនុក្រិតលេខ៣៧ អនក្រ.បក ផ្សព្វផ្សាយប្រកាសលេខ ៤៥៨ប្រក របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អនុសាសន៍៧ចំណុចរបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងបានផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ និងតាមដងទន្លេក្នុងខេត្តនេះផងដែរ ។ ចំពោះលទ្ធផលនៃការបង្ក្រាបនេះ ដោយបានបំផ្លាញចោលនូវវត្ថុតាងចំនួន៤១ករណី កំណត់ហេតុពិន័យ២ករណី កំណត់ហេតុបញ្ជូនទៅតុលាការ០១ករណី បំផ្លាញវត្ថុតាងចោលមានស្បៃមុង៦៣កន្លែង របាំងសាច់អួន៤៥កន្លែង របាំងព្រួលភ្ជិតព្រែក១០កន្លែង សម្រាស់២៤៨កន្លែង មកពាក់២កន្លែង លួស្បៃមុង៦៣គ្រឿង លូសាច់អួន៧៣គ្រឿង លប១២គ្រឿង ចាក់លែងកូនត្រីចំរុះ៣៩៥គ.ក្រ បង្គោល៨៩១៦ដើម និងព្រួល១៦ផែន ។
មួយវិញទៀត វត្ថុតាងដែលស្នើសុំតុលាកររឹបអូសមាន ទូកភ្ជាប់ម៉ាស៊ីន១គ្រឿង អាំងវែទ័រ១គ្រឿង អាគុយ១គ្រឿង ដងឆក់១គូ ។ រីឯវត្ថុតាងស្នើសុំពិន័យហើយដោះលែងវិញមាន បាឡាភ្ជាប់ម៉ាស៊ីន១គ្រឿង ម៉ាស៊ីនបូមទឹក១គ្រឿង សាច់ជន១វង់ ដងជន១គូ ធុងក្លាសេ១ ទោសដាក់ពន្ធនាការចំនួន២នាក់ និងសេចក្តីសម្រេចពិន័យ ២លានរៀល ។ ក្នុងសកម្មភាពបង្ក្រាបបទល្មើសជលផលនេះ លោក លី ឡា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានផ្សព្វផ្សាយ និងណែនាំដល់ប្រជានេសាទទាំងអស់ ដោយមិនអនិញ្ញាតឲ្យប្រើឧបករណ៍មងបង្ក្រាប ដែលជាឧបករណ៍មិនមានចែងក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមទាំងឧបករណ៍ចែរ៉ា និងមិនអោយប្រើម៉ាស៊ីនខ្យល់ ។ នាយ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោកសេង ប៊ុនឈឿន បានអះអាងថា លោកនឹងបន្តធ្វើការបង្ក្រាបនូវរាល់បទល្មើសដែលបានកើតឡើងក្នុងដែន សមត្ថកិច្ចរបស់ខ្លួនអោយបានជាប្រចាំ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយមានគោលការណ៍ បង្ក្រាបផ្ទាល់ពេលជួបជាក់ស្តែង បង្ក្រាបពេលក្រុមជនល្មើសធ្វើការហ៊ុំចាប់ត្រី និងបន្តធ្វើការផ្សព្វផ្សាយណែនាំស្តីពីច្បាប់ជលផល ជូនប្រជានេសាទ និងបន្តធ្វើការបង្ក្រាបរាល់បទល្មើសនេសាទដូចភ្លៀងរលឹមស្របពេល រាជរដ្ឋាភិបាលកម្ពុជាកំពុងដំណើរការកំណែទម្រង់ស៊ីជម្រៅគ្រប់វិស័យ យ៉ាងយកចិត្តទុកដាក់ក្នុងអាណត្តិទី៥នេះ៕
ដោយ៖ សស្អាត