ភ្នំពេញ:ចំណូលប្រចាំថ្ងៃ របស់អ្នករត់ម៉ូតូកង់បី និងអ្នករត់ម៉ូតូឌុប កំពុងប្រឈមទៅនឹងការបាត់ចំណូលយ៉ាងគំហុក ចាប់តាំងពីក្រោយថ្ងៃបោះឆ្នោតមកម្លេះ។លោក ហូយ ប្រុស អ្នករត់ម៉ូតូកង់បីចល័ត បានឲ្យដឹងថា កាលពីមុនបោះឆ្នោត នីតិកាលទី៥ ចំណូលក្នុងមួយថ្ងៃ នៃការរត់ឌុប អាចបានពី ២០-២៥ ដុល្លារ (ព្រោះមានភ្ញៀវទេសចរច្រើន ធ្វើដំណើរទស្សនា តាមរម៉ក់កងបី នៅក្នុងរាជធានីភ្នំពេញ។លោក បានបន្តទៀតថា នៅថ្ងៃ និងក្រោយការបោះឆ្នោតជាតិមក ចំណូលរបស់លោក បានធ្លាក់ចុះបន្តិចដោយសារភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវជាតិ មិនសូវធ្វើដំណើរ ដូច្នេះក្នុងមួយថ្ងៃ លោកអាចរកបានត្រឹមតែ១០ដុល្លារឬច្រើនជាងនេះបន្តិចបន្តួចប៉ុណ្ណោះ។
លោកបានបន្ថែមទៀតថាការបិទផ្លូវរបស់អាជ្ញាធរសមត្ថកិច្ចគឺជាបញ្ហាមួយដែលកាន់តែធ្វើអោយក្រុមរ៉ឺម៉កកង់បីកាន់តែលំបាករកម៉ូយបន្ថែមទៀត។កត្តាទាំងនេះ វាកាន់តែប៉ះពាល់ជីវភាពអ្នករកស៊ីដូចលោកធ្ងន់មួយកម្រិតទៀត។ចំណែកឯ អ្នករត់ម៉ូតូឌុប នៅម្តុំផ្លូវ៣១០ លោក ម៉ក់ ឌី បានឲ្យដឹងដែរថា ឥឡូវ លោក អាចរកចំណូលពីការរត់ឌុបបានត្រឹមតែ៥.០០០រៀល ឬលើសពីនេះបន្តិចប៉ុណ្ណោះដោយសារមិនសូវមានអ្នកជិះ ឬធ្វើដំណើរទៅណាមកណាទេ ខុសកាលពីមុន លោកអាចរកបានពី៣០.០០០ -៣៥.០០០រៀលហើយថ្ងៃខ្លះលើសពីនេះក៍មានដែរ។លោក បានបន្ថែមទៀតថា ចាប់តាំងពីបោះឆ្នោតរួចមក នៅថ្ងៃខ្លះ លោក រត់ឌុបរហូតដល់ពេលយប់ ប៉ុន្តែអាចរកបានត្រឹមជាង ១០.០០០រៀល ដែលជាហេតុធ្វើឲ្យគ្រួសារ និងកូនបីនាក់ នៅក្នុងបន្ទុកគ្រួសារស្ទើតែរកបាយញ៉ាំពុំបាន។មិនខុសគ្នាប៉ុន្មានទេ លោក វណ្ណា អ្នករត់ម៉ូតូឌុបចល័ត បានឲ្យដឹងថា ក្រោយការបោះឆ្នោតមកគ្មានថ្ងៃណា ដែលអាចរកលុយបានលើសពី១០.០០០រៀលទេ គឺក្នុងមួយថ្ងៃអាចបានតិចតួច ហើយថ្ងៃខ្លះ រកមិនដល់៥.០០០រៀលក៏មាន។ប្រជាពលរដ្ឋទូទៅ អ្នករកស៊ី និងអាជីវករធំៗ សុទ្ធតែ បានអំពាវនាវអោយអ្នកនយោបាយគិតគូរពីផលលំបាកដល់ប្រជាជន ដោយងាកមកចូលតុចរចា ដោះស្រាយផលប្រយោជន៍ជាតិ៕
ដោយៈ រតនា