ភ្នំពេញ៖ កម្លាំងនគរបាលចរាចរណ៍រាជធានី កំពុងធ្វើការស្រាវជ្រាវទៅលើសំនុំរឿងម្ចាស់រថយន្តសេរីទំនើបម៉ាកODមួយគ្រឿង ដើម្បីតាមចាប់យកមកធ្វើការសាកសួរ និងបញ្ជូនទៅតុលាការ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ កញ្ញា ២០១៣ នៅតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
លោកប៉ែន ឃុន នាយករងការិយាល័យចរាចរណ៍ផ្លូវគោករាជធានីបានឲ្យដឹងថា រថយន្តODមួយគ្រឿង បានធ្វើដំណើរតាមផ្លូវលេខ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន បានជ្រុលទៅបុកម៉ូតូម៉ាកកូនទាមួយគ្រឿង បើកបរដោយបុរសម្នាក់ នៅចំណុចជិតខារ៉ាអូខេយីហោលុច្សសារី កែងផ្លូវលេខ៣១៨។ លោកបន្តថា ក្រោយពេលរថយន្តបុកម៉ូតូរួច វាបានបណ្តាលឲ្យម៉ូតូគៀបជាប់នៅខាងក្រោយរថយន្ត ធ្វើឲ្យម្ចាស់ម៉ូតូខ្ទាត់ទៅម្ខាងរងរបួសធ្ងន់ រឺឯម្ចាស់រថយន្តមិនបានចុះមកដោះស្រាយទេ បែរជាបើករត់គេចខ្លួនទាំងម៉ូតូជាប់ជាមួយរថយន្តផងដែរ។ រហូតមកដល់ទឹកដីខណ្ឌទួលគោក ទើបជ្រុលទៅបុកផ្ទះលក់គ្រឿងសំណង់ ហើយរេទៅបុកបង្គោលភ្លើងសាធារណៈថែមទៀត ទើបបង្កឲ្យមានការឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ ផ្អើលអស់ប្រជាពលរដ្ឋ។
លោកសេង ចន្ទ័ថន ប្រធានផ្នែកវាស់វែងគ្រោះថ្នាក់ចរាចរណ៍រាជធានីបានស្រាវជ្រាវរកឃើញថា មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដំបូងបង្អស់ នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន គឺដោយសារភាគីខាងរថយន្ត បានបើកបរក្នុងល្បឿនលឿននៅលើដងផ្លូវ លុះមកដល់ចំណុចកើតហេតុ ដែលស្ថិតនៅក្បែរកែងផ្លូវ៣១៨ រថយន្តបានជ្រុលទៅបុកម៉ូតូកូនទាមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យគៀបជាប់ម៉ូតូនៅខាងក្រោមរថយន្ត អូសជាច្រើនម៉ែត្រ។ លោកបន្តថា ករណីនេះនៅមិនទាន់រកឃើញអ្នកបើកបរនៅឡើយទេ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណម្ចាស់រថយន្តរួចហើយ គឺឈ្មោះ លឹម អ៊ុយហួរ ស្នាក់នៅផ្ទះលេខបេ៣៧ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកបញ្ជាក់ថា៖« រថយន្តបង្កហេតុបានចុះបញ្ជីរត្រឹមត្រូវតាមផ្លូវការ នៅក្រសួងសាធារណៈការនិងដឹកជញ្ជូន ដូច្នេះតាមរយៈឯកសារមួយនេះ យើងកំពុងកសាងសំនុំរឿងបញ្ជូនទៅតុលាការ»។
ពាក់ពន្ធ័និងហេតុការណ៍នេះដែរ កាលពីយប់វេលាម៉ោង១២និង៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ មន្ត្រីផ្នែកពន្លត់អគ្គីភ័យបានប្រើប្រាស់កម្លាំង និងរថយន្តពន្លត់អគ្គីភ័យអស់មួយគ្រឿង ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់កន្លែងកើតហេតុ។
បើតាមមន្ត្រីផ្នែកពន្លត់អគ្គីភ័យបានសន្និដ្ឋានករណីដែលនាំឲ្យរថយន្តឆាបឆេះ គឺបណ្តាលមកពីរថយន្តបើកបររត់គេចក្នុងល្បឿនលឿនអូសម៉ូតូជាច្រើនម៉ែត្រ ដូច្នេះធ្វើឲ្យម៉ាស៊ីក្តៅបុកជាមួយបង្គោលភ្លើងទៀតនោះ ទើបបង្កឲ្យមានការផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ »។ ដោយ៖ អភិរក្ស