ភ្នំពេញ៖កម្មករកម្មករនីរោងចក្រChanh Gateដែលមានទីតាំងនៅសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានី
ភ្នំពេញជាង៧០០នាក់ បាននាំគ្នាតវ៉ាបិទផ្លូវលេខ៣៧១ទាមទារឲ្យថៅកែបើកប្រាក់ខែខណៈ ដែលពួកគេ
បានធ្វើការតវ៉ារយៈពេល៣ថ្ងៃមកហើយតែនៅមិនទាន់បានជោគជ័យ។
កម្មការិនីមួយរូបឈ្មោះសុផានីបានឲ្យដឹងថាកម្មករ-កម្មការិនីប្រមាណជា៧០០នាក់បានមកនាំគ្នាតវ៉ាបិទ
ផ្លូវលេខ៣៧១ដោយសារតវ៉ាបីថ្ងៃហើយតែថៅកែមិនព្រមរកដំណោះស្រាយបើកប្រាក់ខែជូនកម្មករ។
ការតវ៉ាបិទផ្លូវលេខ៣៧១ពីសំណាក់កម្មករ-កម្មការិនីធ្វើឲ្យមានការកកស្ទះផ្លូវពេញមួយព្រឹក។ នគរបាល
ចរាចរអាជ្ញាធរពាក់ព័ន្ធបានចុះទៅរំសាយ ដើម្បីបើកផ្លូវធ្វើចរាចរឡើងវិញតែក្រុមកម្មករទាំងនោះមិនព្រម
រំសាយឡើយ។
តាមការឲ្យដឹងពីក្រុមកម្មករ-កម្មការិនី បានឲ្យដឹងថាកម្មករសម្រេចចិត្តផ្ទុះការតវ៉ាដោយសារដឹង ថាក្រុម
ហ៊ុនរោងចក្រមួយនេះក្ស័យធននិងដឹងដំណឹងថារោងចក្របានលក់ទៅឲ្យភាគីថៅកែរោងចក្រមួយទៀត
ដោយពុំមានដោះស្រាយបើកប្រាក់ខែឲ្យកម្មករនោះទេ។
សូមជម្រាបថាក្រុមកម្មករ-កម្មការិនីទាំងអស់នោះបានតវ៉ាអស់រយៈពេល៣ថ្ងៃមកហើយចាប់តាំងពី ថ្ងៃ៨
ខែឧសភា ដោយថៅកែយកលេសថានឹងបើកប្រាក់ខែឲ្យតែគ្រាន់តែជាសន្យាខ្យល់ទើបពួកគេធ្វើការតវ៉ា
ជាលក្ខណៈទ្រង់ទ្រាយធំបិទផ្លូវលេខ៣៧១ដើម្បីដាក់សម្ពាធឲ្យក្រុមភាគីពាក់ព័ន្ធរកដំណោះស្រាយ៕