ភ្នំពេញៈ ព្រឹកថ្ងៃទី១៩ ខែមិនា នេះ ប្រជាសហគមន៍បុរីកីឡា និងបឹងកក់ ប្រមាណជិត១០០នាក់ បានប្រមូលផ្តុំគ្នានៅសាលាដំបូងរាជធានីភ្នំពេញ ទាមទារឲ្យតុលាការពន្លឿនដោះស្រាយបណ្តឹងរបស់ពួកគេ ដែលប្តឹងអាជ្ញាធរខណ្ឌ៧មករា ពីបទប្រើហិង្សាលើប្រជាសហគមន៍បុរីកីឡា ជាពិសេសស្ត្រីមានផ្ទៃពោះ កាលពីថ្ងៃ១៤ ខែកុម្ភៈ។ ប្រជាសហគមន៍បុរីកីឡា និងបឹងកក់ ប្រមូលផ្តុំគ្នានៅសាលាដំបូងរាជធានីភ្នំពេញ ទាមទារឲ្យតុលាការដោះស្រាយបណ្តឹងរបស់ពួកគេ ដែលប្តឹងអាជ្ញាធរខណ្ឌ៧មករា ពីបទប្រើហិង្សា។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ អ្នកមានជម្លោះដីធ្លី នៅអតីតសហគមន៍បុរីកីឡា ៧នាក់រងរបួស ដែលមានទាំងស្ត្រីមានផ្ទៃពោះផង ក្រោយអាជ្ញាធរវាយបណ្តេញឲ្យចេញពីអាគារទី៩ របស់ក្រុមហ៊ុនផានអ៊ីមិច ដែលសង់លើដីកំពុងមានជម្លោះ។ ស្ត្រីរងគ្រោះដីធ្លីនៅបុរីកីឡា និងតំបន់បឹងកក់ កាលពីថ្ងៃទី១១ ខែមិនា បានពាក្យប្តឹងអភិបាលខណ្ឌ៧មករា និងបក្សពួក ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយទារសំណងក្នុងម្នាក់២៥០០ដុល្លារ ពីបទប្រើហិង្សាលើប្រជាពលរដ្ឋបុរីកីឡា ជាពិសេសស្ត្រីមានផ្ទៃពោះ ប៉ុន្តែមកដល់ថ្ងៃនេះ តុលាការនៅពុំទាន់ចាត់ការលើបណ្តឹងនោះ ទើបពួកគេលើកគ្នាទៅតវ៉ានៅមុខសាលាដំបូង នៅថ្ងៃនេះ។
នៅម៉ោង ៩ព្រឹកនេះ មន្ត្រីសាលាដំបូង បានអនុញ្ញាតឲ្យតំណាងពួកគាត់ ៧នាក់ ចូលជួប ខណៈដែលអ្នកផ្សេងទៀត ឈរកាន់បដាទាមទាររកយុត្តិធម៌ និងតុលាការត្រូវតែឯករាជ្យ។ តែទោះយ៉ាងណា ការប្រមូលផ្តុំនៅព្រឹកនេះ គេពុំឃើញមានសមត្ថកិច្ច និងសន្តិសុខសាលារាជធានីភ្នំពេញ ដាក់ពង្រាយការពារ ឬបំបែកនោះទេ៕
ដោយៈ ភីនរ៉ា