អ្នកទទួលខុសត្រូវជាន់ខ្ពស់នៃរដ្ឋាភិបាល ក្រុងសេអ៊ូលអះអាងកាលពីព្រឹកថ្ងៃទី១០ មេសាថា យើងកំណត់ឃើញរថយន្តពី៤ទៅ៥គ្រឿងដែលដឹកមីស៊ីលនៅខេត្ត HAMGYONG បន្ថែមលើមីស៊ីលបាញ់បានចម្ងាយមធ្យមធុន MUSUDAN ចំនួន២ ដែលកំណត់ឃើញក្នុងតំបន់វ៉ុនសាន ខេត្ត KANGWON របស់កូរ៉េខាងជើង ។
សញ្ញាទាំងនោះបង្ហាញពីការត្រៀមបាញ់បន្ត បន្ទាប់គ្នានូវបណ្តាមីស៊ីល ។ រថយន្ត TEL អាចដឹកមីស៊ីលធុន SCUD ដែលអាចបាញ់បានចម្ងាយពី៣០០ទៅ៥០០គីឡូម៉ែត្រ និងមីស៊ីលធុន RODONG អាចបាញ់បានចម្ងាយពី១.៣០០ទៅ១.៥០០គីឡូម៉ែត្រ ។ ប្រភពរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបញ្ជាក់ថា មានសក្ខីភាពកាន់តែច្រើនឡើងដែលថា កូរ៉េខាងជើងអាចបាញ់មីស៊ីលធុន MUSUDAN និងធុន SCUD ក្នុងពេលជាមួយគ្នា ។ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៥ កក្កដា ឆ្នាំ២០០៦ បានបាញ់មីស៊ីលធុន TAEPODONG-2 មីស៊ីល SCUD 4 និងមីស៊ីល RODONG ២គ្រឿង រួចកាលពីថ្ងៃទី៤ កក្កដា ឆ្នាំ២០០៩ បានបាញ់មីស៊ីល SCUD 5 និងមីស៊ីល RODONG 2 ។
អាជ្ញាធរយោធាកូរ៉េខាងត្បូងបានប្រើប្រព័ន្ធ តាមដាននាពេលយប់នូវបណ្តាមីស៊ីលដោយវាយតម្លៃថា កូរ៉េខាងជើងបានបញ្ចូលប្រេងឥន្ធនៈដល់បណ្តាមីស៊ីលរួចហើយកាលពី យប់ថ្ងៃទី៩ មេសា ។ ក៏ប៉ុន្តែអ្នកទទួលខុសត្រូវរបស់កងទ័ពគូសបញ្ជាក់ថា ប្រសិនបើកូរ៉េខាងជើងបែរជាពុំបាញ់មីស៊ីលទាំងឡាយទេនោះ គេរង់ចាំមើលប៉ុន្មានថ្ងៃខាងមុខទៀតអាចនាថ្ងៃដែលរដ្ឋ មន្ត្រីការបរទេសអាមេរិកលោកចន គ័ររី មកបំពេញទស្សនកិច្ចផ្លូវការនៅក្រុងសេអ៊ូលនាថ្ងៃទី១២ មេសា ។
ទូរទស្សន៍អាមេរិក CNN រាយការណ៍ថា កូរ៉េខាងជើងដាក់ពង្រាយមីស៊ីលនៅកន្លែងមួយចម្ងាយ១៦គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខាងកើតរបស់ខ្លួន រួចបានបញ្ចូលប្រេងឥន្ធនៈដល់មីស៊ីលនោះរួចហើយ ។ ឧត្តមសេនីយ៍ SAMUEL LOCKLEAR ប្រមុខទីបញ្ជាការកងទ័ពអាមេរិកនៅប៉ាស៊ីហ្វិក PACOM អះអាងថា មីស៊ីលធុន MUSUDAN មួយរបស់កូរ៉េខាងជើងត្រូវបានបញ្ជូនមកកាន់ឆ្នេរសមុទ្រខាងកើត ដូចសេចក្តីរាយការណ៍ក្នុងម៉ាស៊ីនឃោសនា ក៏ប៉ុន្តែបើមីស៊ីលនោះពុំបាញ់សំដៅសហរដ្ឋអាមេរិក ឬសំដៅប្រទេសជាសម្ព័ន្ធមិត្តយើងណាមួយទេ នោះខ្ញុំនឹងមិនចេញបញ្ជាឱ្យបាញ់ស្ទាក់កម្ទេចឡើយ ។
អាមេរិក កូរ៉េខាងត្បូង ជប៉ុន ប្រកាសអាសន្នការគំរាមកំហែងរបស់កូរ៉េខាងជើង
ប្រទេសកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិកកាលពីថ្ងៃទី១០ មេសា បានដំឡើងកម្រិតនៃការប្រកាសអាសន្នប្រឈមមុខនឹងការគំរាមកំហែង ស្លាប់រស់របស់កូរ៉េខាងជើងដែលហាក់ដូចជាត្រៀមបាញ់សាកល្បងមីស៊ីល ជាច្រើន ខណៈជិតដល់ថ្ងៃខួបកំណើតនៃស្ថាបនិកកូរ៉េខាងជើងលោកគីម អីុលស៊ុង នាថ្ងៃទី១៥ មេសា ។
អ្នកទទួលខុសត្រូវយោធាម្នាក់គូសបញ្ជាក់ប្រាប់ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP ថា ទីបញ្ជាការរួមនៃកងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានបង្កើនកម្រិតប្រកាសអាសន្នពី៣មក២ ជាសញ្ញានៃការគំរាមកំហែងស្លាប់រស់។ ការប្រកាសអាសន្នកម្រិតទីមួយមានន័យថា ស្មើនឹងសង្គ្រាម ។
នៅមុខសភារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក YON BYUNG-SE ថ្លែងថា ការបាញ់មីស៊ីលអាចកើតមានគ្រប់ពេលចាប់ពីពេលនេះទៅ ។ លោកបានព្រមានក្រុងព្យុងយ៉ាងពីទណ្ឌកម្មថ្មីៗទៀតរបស់អ.ស.ប យោងតាមអំពើរបស់ខ្លួន ។
ខាងផ្នែកស៊ើបការណ៍យោធាកូរ៉េខាងត្បូងអះអាង ថា កូរ៉េខាងជើងពេលនេះត្រៀមបាញ់មីស៊ីលអាចក្នុងរង្វង់ថ្ងៃទី១៥ មេសា ជាថ្ងៃកំណើតរបស់លោកគីម អីុលស៊ុង ដែលទទួលមរណភាពកាលពីឆ្នាំ១៩៩៤ ។
ប្រទេសជប៉ុនកាលពីថ្ងៃទី១០ មេសា ក៏ប្រកាសអាសន្នដែរ ដោយត្រៀមស្ទាក់កម្ទេចរាល់មីស៊ីលដែលគំរាមកំហែងប្រទេសនោះ ។ មុននេះ បណ្តាមីស៊ីលប៉ាទ្រីយ៉ូតត្រូវបានដាក់ពង្រាយនៅកណ្តាលក្រុងតូ ក្យូ និងជុំវិញទីក្រុង។ មីស៊ីលស្ទាក់កម្ទេចក៏ត្រូវបានដាក់ពង្រាយនៅកោះអូគីណាវ៉ាដែរ ។
ពេលទៅកាន់ទីក្រុងរ៉ូម អគ្គលេខាធិការអ.ស.ប លោកបានគីមូន បានធ្វើការអំពាវនាវឱ្យសម្រាលភាពតានតឹងនៅឧបទ្វីបកូរ៉េដែលលោក យល់ថា កំពុងឡើងដល់កម្រិតប្រកបដោយគ្រោះថ្នាក់បំផុត ៕
ប្រភព៖កោះសន្តិភាព