ភ្នំពេញ ៖នៅថ្ងៃអង្គារ ទី១១មីនា អង្គការពលកម្មអន្ដរជាតិ ហៅកាត់ថា អាយឡូ ILO សហការជាមួយ សម្ព័ន្ធនិយោជក និងសមាគមពាណិជ្ជករកម្ពុជា នឹងចេញផ្សាយរបាយការណ៍ចំនួនពីរ ស្ដីពីការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសការវិនិយោគនៅកម្ពុជា នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គការអាយឡូ ILO ចេញផ្សាយនៅថ្ងៃទី១០មីនា។ របាយការណ៍ទាំងពីរនេះ គឺជាផ្លែផ្កានៃភាពជាដៃគូរវាងអង្គការ ILO ជាមួយ សម្ព័ន្ធនិយោជក និងសមាគមពាណិជ្ជករកម្ពុជា។ របាយការណ៍ដែលនឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី១១មីនា នឹងពន្យល់អំពីស្ថានភាពបច្ចុប្បន្ន នៃការប្រកបអាជីវកម្មនៅកម្ពុជា ព្រមទាំងផ្ដល់ជាអនុសាសន៍ ដែលមានមូលដ្ឋាន ភស្តុតាងជាក់ស្ដែង អំពីវិធីដែលអាចជួយឲ្យបរិយាកាសការបើកអាជីវកម្មនៅកម្ពុជា ប្រសើរឡើង។ របាយការណ៍ទី១ ជារបស់អង្គការពលកម្មអន្ដរជាតិ ស្ដីពី ការសម្រួលបរិស្ថានដល់សហគ្រាស ប្រកបដោយនិរន្ដរភាពនៅកម្ពុជា។ ជារបាយការណ៍ ដែលវិភាគអំពី ស្ថានភាពនៅតំបន់ចំនួន១៧ ដែលមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍន៍សហគ្រាស ប្រកបដោយនិរន្ដរភាព ក៏មានផងដែរ លទ្ធផលនៃការស្រាវជ្រាវថ្នាក់ជាតិ អំពីនិយោជិត និងនិយោជក ដែលផ្ដោតលើវិស័យគន្លឹះមួយចំនួនរួមមាន ការអប់រំនិងបណ្ដុះបណ្ដាល ការកែទម្រង់ច្បាប់និងបទបញ្ញត្តិ ព្រមទាំងអភិបាលកិច្ចជាដើម។
ចំណែករបាយការណ៍ទី២ ជារបស់សម្ព័ន្ធនិយោជក និងសមាគមពាណិជ្ជករកម្ពុជា ស្ដីពី គោលនយោបាយអាទិភាព ដើម្បីបង្កើតនូវបរិយាកាសសមស្រប សម្រាប់បង្កើត និងអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្ដរភាពនៅកម្ពុជា។ ដោយផ្អែកលើរបាយការណ៍ទីមួយ របាយការណ៍ទីពីរនេះ ផ្តោតសំខាន់លើការផ្ដល់អនុសាសន៍ លើវិស័យចំនួនបួន គឺទំនាក់ទំនងនៅកន្លែងការងារ ជំនាញ អភិបាលកិច្ច និងចុងក្រោយគឺ ច្បាប់និងបទបញ្ញត្តិ។ សេចក្ដីប្រកាសព័ត៌មានដដែល ឲ្យដឹងទៀតថា ពិធីផ្សព្វផ្សាយរបាយការណ៍ នៅថ្ងៃពុធទី១២មីនានេះ នឹងមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងការងារ ប្រធានសម្ព័ន្ធនិយោជកនិងសមាគមពាណិជ្ជករកម្ពុជា ប្រធានការិយាល័យអង្គការពលកម្មពិភពលោកប្រចាំប្រទេសថៃ ឡាវ កម្ពុជា ព្រមទាំងវិនិយោគិន និងអ្នកបង្កើតគោលនយោបាយជាច្រើននាក់ផងដែរ៕
ដោយ៖ ភីនរ៉ា