ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះជាបន្ដបន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា នឹងខិតខំបន្ដចូលរួមប្រយុទ្ធប្រឆាំង និងកាត់បន្ថយអត្រាឈឺ និងស្លាប់ ដោយ សារជំងឺរបេងនេះនៅត្រឹមឆ្នាំ ២០២០ ខាងមុខនេះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងពិធីអបអរសាទរទិវាពិភពលោកកម្ចាត់រោគរបេង កាលពីព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៤ ដោយបានចាត់ទុកថា តាមរយៈ យុទ្ធនាការទិវាពិភពលោកកម្ចាត់ជំងឺរបេងនេះ នឹងជួយបំផុសឲ្យមនុស្សទាំងឡាយ នៅលើពិ ភពលោក ធ្វើការអំពាវនាវ ព្រមទាំងធ្វើសកម្មភាពដោយផ្ទាល់ ដើម្បីប្រយុទ្ធនឹងជំងឺរបេងក្នុងជីវិតរបស់ពួកគេក្នុង គោលបំណងដើម្បីឆ្ពោះទៅកាន់ពិភពលោកមួយ ដែលគ្មានការឈឺការស្លាប់ និងការរងទុក្ខដោយសារជំងឺរបេង ។
លោកបានបញ្ជាក់ថា ដើម្បីឲ្យកម្ពុជា សម្រេចបាន តាមទិសដៅនៃផែនការយុទ្ធសាស្រ្ដថ្មី ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺរបេងនៅឆ្នាំ ២០២០ ខាង មុខទាមទារឲ្យមានការចូលរួមគាំទ្រ និងផ្ដល់ធនធានថវិកាបន្ថែមពីភាគីពាក់ព័ន្ធ និងដៃគូអភិ វឌ្ឍ ពិសេសត្រូវបន្ដអនុវត្តន៍ការងារផ្ដល់សេវាថែទាំ ព្យាបាលតាមយុទ្ធសាស្រ្ដ ដូតស៍ដល់អ្នកជំ ងឺទាំងអស់ មិនថានៅតំបន់ឆ្ងាយជិត ឬដាច់ស្រយាលត្រូវពង្រីកនៅទូទាំង ប្រទេស ។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក Momoe Takeuchi ក៏បានសម្ដែងនូវកិច្ចគាំទ្រចំពោះការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមធ្វើឲ្យមានចុះ ថយក្នុងអ ត្រាប្រេវ៉ាឡង់អត្រាស្លាប់ និងអត្រាអាំងស៊ីដង់នៃជំងឺរបេង និងបានរក្សាឲ្យមានអត្រា ជាសះ ស្បើយដល់អ្នកជំងឺនៅមានកម្រិតខ្ពស់ដដែលនៅទូទាំងប្រទេស ។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និង ហង់សិន បានថ្លែងឱ្យដឹងដែរថា ប្រហែលជា ១០ ឆ្នាំចុងក្រោយនេះអត្រាស្លាប់ និងឈឺដោយសារជំងឺ របេងនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំងណាស់គួរឲ្យកត់សម្គាល់ ដែលកត្តាទាំងនេះបណ្ដាលមកពីការរៀបចំផែនការពង្រីកយុទ្ធសាស្រ្ដដូតស៍ នៅតាមសហគមន៍ និង មណ្ឌលសុខ ភាពនៅទូទាំងប្រទេស ។ ហើយអត្រាគ្របដណ្ដប់ការព្យាបាលជំងឺរបេងដោយ យុទ្ធសាស្រ្ដដូតស៍ គឺបានបានទទួលជោគជ័យ និងបានពង្រីក ១០០% នៅតាមមណ្ឌលសុខ ភាព និងនៅគ្រប់ស្រុកប្រតិបត្តិទាំងអស់ ព្រមទាំងជំរុញការអនុវត្តនៅតាមរោងចក្រសហគ្រាស និងតាមពន្ធនាគារ ពិសេសការរៀបចំទិសដៅក្នុងផែនការយុទ្ធសាស្រ្ដថ្មី ប្រយុទ្ធនឹងជំងឺរបេង របស់ក្រសួងសុខាភិបាល ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា នៅ ក្នុងឆ្នាំ ២០១២ ប្រជាជនទូទាំងពិភពលោកមាន ៨.៧ លាននាក់កើតជំងឺរបេង ដែលក្នុងនោះ ប្រមាណ ៣ លាននាក់ពុំបានទទួលសេវានៅឡើយ និងប្រមាណ ១.៣ លាននាក់សា្លប់ដោយ ជំងឺរបេង ក្នុងនោះប្រហែល ១/៤ នៃការស្លាប់ទាក់ទងនឹងជំងឺរបេងអេដស៍ ។ ចំណែកនៅក្នុង តំបន់អាស៊ី ប៉ាស៊ីហ្វិកខាងលិចមានប្រជាជនប្រមាណ ៤ ៥០០ នាក់ កើតជំងឺរបេងជារៀងរាល់ថ្ងៃ និងស្លាប់ ប្រមាណ ៣០០ នាក់ក្នុងមួយថ្ងៃៗ ។
គួរបញ្ជាក់ថា អត្រាស្លាប់នៃជំងឺរបេងនៅកម្ពុជាបានថយចុះពី ១៥៦ ករណីក្នុងចំ ណោម ១០ ម៉ឺននៅក្នុងឆ្នាំ ១៩៩០ មកដល់ ៦៣ ករណីក្នុងចំណោម ១០ ម៉ឺននៅឆ្នាំ ២០១២ ។ ចំណែកប្រេ វ៉ាឡង់របេងគ្រប់សណ្ឋានបានចុះពីកម្រិត ១ ៦៧០ ករណីមកត្រឹម ៧៦៤ ករណី ហើយរក្សា បានអត្រាជាសះស្បើយលើសពី ៨៥% និងស្រាវជ្រាវជំងឺរបេងបានជាង ៣៨ ០០០ ករណី នៅ ក្នុងឆ្នាំ ២០១៣៕
ដោយ៖ ភីនរ៉ា