មន្ត្រីរដ្ឋាភិបាលជាតិនិងអន្តរជាតិនៅកម្ពុជា បានចោទជាចម្ងល់សួរទៅកាន់អង្គវេទិការតុមូល កាលពីព្រឹកថ្ងៃសុក្រ នៅទីស្នាក់ការក្រសួងមហាផ្ទៃ ដោយផ្តោតលើចំនួនស្រ្តីមានតិចតួច បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលរៀនសូត្រក្រៅផ្លូវការ ខណៈដែលម្ចាស់ជំនួយបានខិតខំស្វែងរកយុទ្ធសាស្រ្តគ្រប់បែបយ៉ាង ដើម្បីធ្វើការជម្រុញ និងលើកទឹកចិត្តឲ្យស្រ្តីបានទទួលឱកាសរៀនសូត្រឲ្យបានពេញលេញ គឺយ៉ាងហោចណាស់៤០%។
លោកប៊ុត ជិ ប្រធានគំរោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកន្លងមកលោកតែងចុះអនុវត្តនូវគម្រោងបណ្តុះបណ្តាលទៅលើការកសាងសមត្ថភាពស្រ្តីស្ទើរគ្រប់ស្ថានប័ ប៉ុន្តែស្រ្តីបានចូលរួមតិចតួច ប៉ុណ្ណោះ ដែលខុសពីការរំពឹងទុក។ លោកបន្តថា មុនឈានមកដល់វគ្គបណ្តុះបណ្តាលលោកបានផ្ញើលិខិតអញ្ជើញ ទៅកាន់មន្ត្រីគ្រប់គ្រងនៃអង្គភាពនោះ ដើម្បីស្នើឲ្យមានស្រ្តីមកចូលរួមឲ្យបានច្រើន ប៉ុន្តែជាក់ស្តែងឃើញសុទ្ធតែ បុរសទៅវិញ។
លោកបញ្ជាក់ថា កន្លងមកនេះយើងសង្កេតឃើញថាស្រ្តីនៅតែមានចំនួនតិចតួចនៅឡើយទេក្នុងការចូលរួមវគ្គបណ្តុះបណ្តាលនេះ ដែលមិនដឹងថាតើមានបញ្ហាអ្វីដែលកើតឡើងនោះទេ ទើបធ្វើស្រ្តីមិនបានចូល រួមទទួលឱកាសរៀនសូត្របាន ដែនេះវាខុសនិងការកំណត់គោលដៅរបស់យើង ដែលខំជម្រុញឲ្យ មានស្រ្តីចូលរួមយ៉ាងហោចណាស់ចន្លោះពី៤០ទៅ៥០ភាគរយដែរ។
ជាមួយគ្នានេះលោកស្រីJanelle Plummer តំណាងធនាគារពិភពលោកបានប្រសាសន៍ថា ការជួប ជុំគ្នានៅ ក្នុង ថ្ងៃនេះគឺជាឱកាសដ៏ល្អបំផុត សម្រាប់ឲ្យអស់លោកទាំងអស់បានផ្លាស់ប្តូរបទពិសោធន៍នៅក្នុងរឿងនេះ ដើម្បីស្វែង រកឧបសគ្គដែលកើតមានចំពោះស្រ្តីពិតប្រាកដ។ លោកស្រីបញ្ជាក់ថា មកដល់ពេលនេះ យើងត្រូវតែនាំគ្នាធ្វើការ ផ្លាស់ប្តូរទៅលើឱកាស ដែលមានការរួមចំណែកប៉ះពាល់ដល់ស្រ្តី ពិសេសគឺការចោទសួរទៅលើបុរសដែលមាន ឱកាសគ្រប់គ្រាន់នៅក្នុងចូលរួមទៅវិញ ហើយនេះគឺជាបទពិសោធន៍ដែល ខ្ញុំ បាន ជួបប្រទះកន្លងមកនេះ។
លោកស្រី បន្តថា ជាការប្រជុំមួយសម្រាប់កិច្ចប្រជុំថ្ងៃនេះលោកស្រីបានធ្វើការស្នើអ្នកចូលរួម ត្រូវបើកបេះ ដូងដាក់ នៅ លើតុ ទាំង អស់គ្នា ដោយធ្វើយ៉ាងណាត្រូវស្វែងរកគន្លឹះដែលមានប្រសិទ្ធភាពមួយ សម្រាប់ផ្តល់ឱកាសឲ្យស្រ្តីជា អាទិភាព។
លោកជំទាវជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ភាពក្រីក្រត្រូវបាន ទទួល ស្គាល់ជាសកលថាជាឧបសគ្គគន្លឹះមួយចំពោះសិទ្ធមនុស្សហើយក្នុងនោះទិដ្ឋភាពនៃបញ្ហាយេនឌ័របានលេចឡើងយ៉ាងច្បាស់ផងដែរដូច្នេះការកសាងសមត្ថភាពស្រ្តីជាជំហានសំខាន់ ដើម្បីយកឈ្នះ លើភាពក្រីក្រ។ លោក ជំទាវ បន្តថា វិសមភាព និងភាពក្រីក្រ មិនមែនមិនអាចចៀសរួចនោះទេ ហើយការបដិសេធន៍ស្រ្តីមិនឲ្យមានសិទ្ធនិង ឱកាសរៀនសូត្រ មានន័យថា ដាក់ស្រ្តីឲ្យជាប់ក្នុងទ្រុងនៃភាពឈឺចាប់និងអាប់អោន ដែលនាំទៅរកការផាត់ចេញពី ទីផ្សា ការងារ និងការទទួលខុសត្រូវក្នុងសង្គម។
លោកជំទាវបញ្ជាក់ថា បញ្ហាខាងលើនេះ គឺជាការរុញច្រានស្រ្តីឲ្យ ធ្លាក់ទៅក្នុងភាពក្រីក្រ ហេតុនេះស្រ្តី គួរតែត្រូវបានគេយកចិត្តទុកដាក់ នៅក្នុងព្រឹត្តិការណ៍រៀនសូត្រនានា។ជាការពិតណាស់ ឱកាសរៀនសូត្រផ្តល់ឲ្យស្រ្តីនូវជម្រើសនិងអំណាចក្នុងការសម្រេចចិត្តលើជីវិត ផ្ទាល់ ខ្លួនរបស់ពួកគេ ដូច្នេះស្រ្តីដែលមានសមត្ថភាពអាចឈានទៅរកការរីកចម្រើនលូតលាស់ដោយផ្ទាល់ក្នុងគ្រួសារ និងសង្គម ដែលវាជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងការរើសអើងតួនាទីស្រ្តីក្នុង នយោបាយនិងអភិបាល កិច្ច របស់ ប្រទេស ផងដែរ។
ដោយ៖ អភិរក្ស