ភ្នំពេញៈ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចំនួន២០២ នាក់ ដែលជាកម្លាំងចុងក្រោយទៅចុះបេសកម្ម ដោះមីន នៅប្រទេសម៉ាលី។ ដំណើរបេសកម្មដោះមីន នៅប្រទេម៉ាលីនេះគឺធ្វើឡើង តាមរយៈជើងយន្តហោះក្រុមហ៊ុន អាកាសចរណ៍ហ្សកដានី ដែលជួលដោយអង្គការសហប្រជាជាតិកាលពីថ្ងៃទី១១ ខែមីនា ។
កន្លងទៅថ្មីៗនេះ ប្រទេសកម្ពុជា បានបញ្ជូនកងទ័ព យោធាមួកខៀវកម្ពុជា ចំនួន៧០នាក់ ក្នុងបេសកកម្ម ជាលើកដំបូងទៅកាន់ប្រទេសម៉ាលី ដោយមានការប្រារព្ឋពិធីជូនដំណើរ ក្រោមវត្តមាន របស់លោកនាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា នៅឯព្រលានយន្តហោះកងទ័ពជើងអាកាសកម្ពុជា ពោធិចិនតុង រាជធានីភ្នំពេញ។ ហើយកាលពីថ្ងៃទី ៤ មីនាកន្លងទៅនេះ កងកម្លាំងមួកខៀវនាំមុខកម្ពុជា ចំនួន៣០ នាក់ទៀត ក៏បានចេញដំណើរតាមរយៈយន្តហោះពាណិជ្ជកម្ម ទៅកាន់ប្រទេសម៉ាលីជាលើកទី២ផងផងដែរ។
នេះមិនមែន ជាលើកទី១ ទេដែលកម្ពុជាបាន បញ្ជូនកងទ័ពយោធាមួកខៀវ ចុះបេសកម្ម ដោះមីននៅតាមបណ្តារប្រទេស តាមការស្នើសុំរបស់អង្គការសហប្រជាជាតិដែលបានស្នើសុំឲ្យកម្ពុជាជួយធ្វើអន្តរាគមន៏ដោះមីន នៅបណ្តារប្រទេសមានដូចជាប្រទេសលីបង់ ប្រទេសនេប៉ាល់ និងប្រទេសម៉ាលីជាដើមនោះ។
គួរកត់សម្គាល់ថា ដំណើរលើកទី៣ ដែលជាដំណើរចុងក្រោយរបស់ កងទ័ពយោធា មួកខៀវកម្ពុជាចំនួន២០២ នាក់នេះបានធ្វើឡើង ដោយជោគជ័យ បន្ទាប់ពីកម្ពុជាបានបញ្ជូនកងកម្លាំងជា បន្តបន្ទាប់ប្រកបដោយ សុវត្ថិភាព ក្រោមការជូនដំណើរដល់យន្តហោះពីសំណាក់ លោក នាយឧត្តមសេនីយ៍សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និង កាកសំណល់សង្គ្រាម៕ ដោយៈភីនរ៉ា