ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីអន១%ក្លឹប ជប៉ុននៅប្រទេសកម្ពុជា AEON (CAMBODIA) Co.,Ltd. នៅរសៀលថ្ងៃទី១៣ខែវិច្ឆិកា បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា នៅសាកលវិទ្យាល័យជាតិ គ្រប់គ្រងចំនួន៣នាក់និងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣នាក់ ដោយផ្តល់ជាប្រាក់ឧបត្ថម្ភសិក្សារយៈពេល៤ឆ្នាំ។
លោក Mashizawa តំណាងក្រុមហ៊ុនអ៊ីអនគ្រុបបានបញ្ចាក់ថា អ៊ីអនអាហារូបករណ៍ បានចាប់ផ្តើមតាំងពីឆ្នា២០០៦ ដើម្បីធ្វើការជួយឧបត្ថម្ភដល់និស្សិតនៅអាស៊ីក្នុងការអភិវឌ្ឍប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀតនៅអាស៊ី។ លោកបន្តថា ការផ្តល់អាហារូបករណ៍ទៅនិស្សិតទាំងអស់ និងពេលថ្មីៗនៅក្នុងឆ្នាំនេះ គឺមានចំនួន២.៨០២នាក់ ដែលមាន៣២ សាកលវិទ្យាល័យ ស្ថិតនៅក្នុង ០៦ ប្រទេសផ្សេងគ្នា គឺមាននៅប្រទេសជប៉ុន ចិន ថៃ វៀតណាម ឥណ្ឌូនេស៊ី និងកម្ពុជា។លោក Mashizawa បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នា ក្នុងនោះក្រុមហ៊ុនអ៊ីអនជប៉ុននៅកម្ពុជា មានសកម្មភាពជួយឧបត្ថម្ភផ្សេងៗមកដល់ពេលបច្ចុប្បន្ននេះ។ ចាប់ពីឆ្នាំ២០០០មក ក្នុងរយៈពេល៣ឆ្នាំ អ៊ីអន១%ក្លឹប បានធ្វើការឧបត្ថម្ភក្នុងវិស័យអប់រំកម្ពុជា ដូចជាការសាងសង់សាលាបឋមសិក្សា១៤៩ខ្នង។ លើសពីនេះទៀតក្រុមហ៊ុនអ៊ីអនជប៉ុន និងអង្គការយូនីសេហ្វ បានសហការគ្នាធ្វើយុទ្ធនាការដោយផ្តោតទៅលើអនាម័យទឹកស្អាត ដើម្បីសុខភាពប្រជាជនកម្ពុជា។ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣ បានធ្វើកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សាអគ្គរដ្ឋទូតវ័យក្មេងរវាងសិស្សវិទ្យាល័យកម្ពុជា និងសិស្សវិទ្យាល័យប្រទេសជប៉ុន។ នៅឆ្នាំ២០០៧ បានឧបត្ថម្ភសាងសង់សារៈមន្ទីរអ៊ីអនសីហនុ ហើយក៏មានយុទ្ធនាការដាំកូនឈើផ្សេងៗទៀត នៅជុំវិញប្រាសាទអង្គរវត្ត និងប្រាសាទ ចៅស្រីវិបុលជាដើម។
លោក Mashizawa បានប្រសាសន៍អះអាងថា អ៊ីអនជប៉ុន នៅតែបន្តផ្តល់ការគាំទ្រ ក្តីសុបិន្តថ្ងៃអនាគតរបស់យុវវ័យជំនាន់ក្រោយ ហើយនៅតែតាមអនុវត្តន៍តាមទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ លោកក៏បានផ្តាំផ្ញើដល់យុវវ័យកម្ពុជា យកចិត្តទុកដាក់សិក្សារៀនសូត្រដើម្បីអនាគតខ្លួនឯង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។លោក Mashizawa បានបញ្ជាក់ថា នៅឆ្នាំ២០១៤ខាងមុខនេះក្រុមហ៊ុនរបស់លោក នឹងដំណើរការសាងសង់ផ្សារទំនើបមួយនៅក្បែរសណ្ឋាគារ (សូហ្វីតែលភ្នំពេញ) ជាផ្សារទំនើបដែលធំជាងគេបង្អស់នៅកម្ពុជា មានតាំងពីរោងភាពយន្ត មានភោជនីដ្ឋាន និងមានកន្លែងលក់ដូរសព្វបែបយ៉ាង។ ការសាងសង់បើកផ្សារទំនើបនេះ ដែលនឹងជួយបំរើផ្នែកការងាររបស់ប្រជាជនកម្ពុជា បានមួយផ្នែកធំទៀត ជាពិសេសក្រុមហ៊ុនគឺត្រូវការយុវវ័យ ដែលជានិស្សិតទាំងអស់គ្នាជួយគាំទ្រ ប៉ុន្តែក្រុមហ៊ុនក៏សូមផ្តាំផ្ញើដែរថា សំខាន់យើងជាយុវវ័យត្រូវមានទស្សនវិស័យច្បាស់លាស់ក្នុងការសិក្សាផងដែរ។
លោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសកលវិទ្យាល័យជាតិគ្រប់គ្រង និងលោកបណ្ឌិត ចិត្ត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងនាមសាកលវិទ្យាល័យទាំងពីរ និងក្នុងនាមនិស្សិតទាំងអស់សូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុនអ៊ីអនក្លឹបជប៉ុន ដែលបានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជា។ លោកនាយកទាំងពីរក៏បានសំណូមពរដល់ក្រុមហ៊ុនអ៊ីអនជប៉ុនបន្តជួយបណ្តុះបណ្តាលដល់និស្សិតកម្ពុជា ដើម្បីចំណេះដឹងធ្វើការងារទៅថ្ងៃអនាគត។សូមបញ្ជាក់ដែរថា ក្នុងពិធីផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជានេះដែរ ក្រុមហ៊ុនអ៊ីអន ១%ជប៉ុនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងដៃគូ AEON 1% Club ជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ៕ ដោយ៖ ស.ស្អាត