ភ្នំពេញៈ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញសាទរចំពោះចំណាត់វិធានការបស់អាជ្ញាធរដែលបានធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមទីផ្សារមានលក្ខណៈល្អប្រសើរ ពិសេសការអនុវត្តបានត្រឹមត្រូវតាមសៀវភៅ បន្ទុកនៃសេវាកម្មផ្ញើរកង់ ម៉ូតូ និងឡានលោក ញាណ ដារារត្ន័ ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល ៤-៥ ថ្ងៃកន្លងមកនេះ ទាំងរូបលោក និងប្រជាពលរដ្ឋផ្សេងទៀតក្នុងទីក្រុងភ្នំពេញសុទ្ធតែមានអារម្មណ៍ ពេញចិត្តចំពោះអាជ្ញាធរ ដែលបានធ្វើឲ្យតម្លៃសេវាកម្មផ្ញើរកង់ ម៉ូតូ នៅតាមទីផ្សារនានា ងាកមកអនុ វត្តត្រឹមត្រូវតាមសៀវភៅបន្ទុកវិញ។
លោកបញ្ជាក់ថា នៅតាមកន្លែងចំណត់ផ្ញើរកង់ម៉ូតូនៅតាមផ្សារនានា គឺបានបង្ហាញតារាងបញ្ជាក់ពីតម្លៃត្រឹមត្រូវដោយការផ្ញើកង់ម្តងតម្លៃ ២០០រៀល ម៉ូតូ៣០០រៀល និងឡាន ៥០០រៀល ស្របតាមការកំណត់របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទោះជាយ៉ាងនេះក្តី លោក ដារារត្ន័ បានអំពាវនាវដល់អាជ្ញាធរត្រូវអនុវត្តចំណាត់វិធានការនេះឲ្យបានជារៀងរហូត ព្រោះវាជាយន្តការដ៏ល្អដែលបានជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងគ្មានភាពថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលជាដើម។
ការបង្ហាញតម្លាភាពនៃតម្លៃភាស៊ី និងសេវាកម្មផ្ញើរយានយន្តនៅតាមផ្សារនេះ សង្កេតឃើញថា បានកើតឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកុម្ភៈ បានប្រកាសឲ្យអភិបាលរាជធានី-ខេត្ត ត្រួតពិន្យិតឡើងវិញនូវសណ្តាប់ធា្នប់ ការកំណត់តម្លៃសេវាភាស៊ីតាមទីផ្សារ និងឥរិយាបថក្រុមហ៊ុនដេញភាស៊ី ដែលធ្វើឲ្យអាជីវករ និងអ្នកទិញ រិះគន់ស្តីបន្ទោស និងទម្លាក់កំហុសទាំងស្រុងលើរាជរដ្ឋាភិបាល។
ដោយឡែកតាមរយៈបទបញ្ជានេះ កាលពីថ្ងៃទី៥ ខែមីនា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានកោះប្រជុំជាមួយអភិបាលខណ្ឌទាំង៩ គណៈកម្មការផ្សារ និងមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ បានដាក់ឱសានវាទរយៈពេល១៥ថ្ងៃ ឲ្យមន្ត្រីថ្នាក់ក្រោមរៀបចំសណ្តាប់ ធ្នាប់តាមផ្សារគោលដៅ មួយចំនួន ក្នុងខណ្ឌទាំង៩ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងដើម្បីប្រឡងប្រណាំងដណ្ដើមពានរង្វាន់ "ផ្ការំដួល ៣ទង" ជាទីក្រុងស្អាត។
លោកអភិបាលបន្តថា ចាប់ពីពេលនេះទៅសណ្តាប់ធ្នាប់នៅតាមទីផ្សារពិសេសនៅក្រៅផ្សារត្រូវតែរៀបចំអោយប្រសើរឡើងដោយមិនឲ្យ មានភាពរញ៉េរញ៉ៃទៀតទេ។ សកម្មភាពនេះ រាជធានីភ្នំពេញមិនបណ្តែតបណ្តោយតទៅទៀតឡើយ បើប្រធានផ្សារ អភិបាលរងក្រុង អភិបាលខណ្ឌ អភិបាលរងខណ្ឌ និងមន្ត្រីចំណុះអោយសាលារាជធានីទាំងអស់ចាប់ពីពេលនេះតទៅបើធ្វើការងារនេះមិនកើតទេត្រូវតែដកចេញ។ ចំណែកកន្លែងផ្ញើកង់-ម៉ូតូតាមផ្សារនីមួយៗបើនៅតែយកលើសពីសៀវភៅបន្ទុក គឺត្រូវលុបចោលកិច្ចសន្យាតែម្ដង ហើយដាក់ពាក្យបណ្ដឹងទៅកាន់តុលាការទៀតផង ។
លោក គៀង លក្ខណៈ ប្រធានគណៈកម្មការផ្សារអូឬស្សីបានបញ្ជាក់ថា បច្ចុប្បន្នផ្សារអូឬស្សីត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងលើការងារសណ្តាប់ធ្នាប់ទាំងនូវក្នុងផ្សារ និងនៅក្រៅផ្សារ ដោយពុំឲ្យកើតឡើនូវ ភាពរញ៉េរញៃទៀតឡើយ។លោកអះអាងថា ចំពោះចំណតសេវាផ្ញើរកងម៉ូតូឡានទាំង២០កន្លែងនៅ ជុំវិញផ្សារអូឬស្សីត្រូវបានកំណត់ផែនការយ៉ាងតឹងរឹងមិនឲ្យយកលើសពីតម្លៃនៅក្នុងសៀវភៅបន្ទុកទៀតឡើយ ប៉ុន្តែបើក្នុងករណីកន្លែងណាមួយយកលើសពីគោលការណ៍នេះ ប្រជាពលរដ្ឋត្រូវរាយ ការណ៍ជាបន្ទាន់ ដើម្បីឲ្យគណៈកម្មការផ្សារចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលល្មើសនោះ។
សូមបញ្ជាក់ថា នៅទូទាំងរាជធានីមានផ្សាររដ្ឋទាំងអស់ចំនួន ២៦ផ្សារ ឯកជន១៦ផ្សារ ផ្សារទំនើបចំនួន៣៦ផ្សារ ផ្សារមិនរៀបរយចំនួន១៤ និងផ្សារមីនីម៉ាតចំនួន៩៦ដែលមានច្បាប់ ត្រឹមត្រូវពីអាជ្ញាធររាជធានីភ្នំពេញ៕ ដោយ៖ ភីន រ៉ា