ភ្នំពេញ៖ សមាគម អតីត និស្សិតកម្ពុជា មកពីប្រទេសអូស្រ្តាលី អង់គ្លេស ជប៉ុន និងសហរដ្ឋអាមេរិក និងក្រុមនិស្សិត ដែលកំពុង សិក្សា នៅក្នុងប្រទេសអូស្ត្រាលី កាលពីដើមសប្តាហ៍ ខែវិច្ឆិកានេះ នាវិទ្យាស្ថានជាតិអប់រំ បានរៀបចំរាត្រីសប្បុរធម៌ ដើម្បីធ្វើការ រៃអង្គាសថវិកា ជួយដល់ជនរងគ្រោះ ដោយទឹកជំនន់ ដែលកំពុងជួបការលំបាក។
លោក ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ក្នុងពិធីនោះថា លោកសូមសម្តែង នូវអំណរ គុណចំពោះសមាគមអតីតនិស្សិកម្ពុជា មកពីប្រទេស អូស្រ្តាលី អង់គ្លេស ជប៉ុន និងសហរដ្ឋអាម៉េរិក និងក្រុមនិស្សិត ដែលកំពុង សិក្សា នៅក្នុងប្រទេស អូស្ត្រាលី ដែលបានខិតខំរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងប្រមែប្រមូលថវិកា ដើម្បីចុះជួយ សង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយសារគ្រោះទឹកជំនន់ ខេត្តឧត្តរមានជ័យ។
លោកបន្តថា គ្រោះទឹកជំនន់ក្នុងឆ្នាំ២០១៣នេះ បាននាំមកនូវការហិនហោច ជាពិសេសឈានដល់ ការធ្វើឲ្យបាត់បង់នូវអាយុជីវិតមនុស្សចំនួន១៦៨រូប ក្នុងនោះមានកុមារចំនួន៧០រូបហើយប្រជាពលរដ្ឋជាច្រើនគ្រួសារ បានបាត់បង់លំនៅឋាន និងទ្រព្យសម្បត្តិរបស់ពួកគេ ដែលធ្វើឲ្យ ជីវភាពរស់នៅរបស់ពួគេ ជួបនឹងបញ្ហាលំបាកយ៉ាងខ្លាំង ក្រោយពីគ្រោះទឹកជំនន់នេះ។
លោក ស៊ាង សុបញ្ញា ប្រធានសមាគម អតីតនិស្សិតមកពីអូស្រា្តលី បានលើកឡើងថា ថវិកាដែលប្រមូលពីការរៃអង្គាសពីសកម្មភាពសប្បុរធម៌នេះ នឹងយកទៅធ្វើសកម្មភាពបីសំខាន់ៗរួមមាន ៖ ទិញគ្រឿងឧបភោគបរិភោគ និងសម្ភារ ចាំបាច់មួយចំនួនសម្រាប់ជួយក្នុងគ្រាអាសន្ន ។ សមាគមនឹងធ្វើការ សហការជាមួយអ្នកជំនាញ សុខាភិបាលស្ម័គ្រចិត្ត ដើម្បីចុះជួយណែនាំពីការរក្សាអនាម័យ ការបង្ការជំងឺឆ្លង និងការបង្កាពីគ្រោះថ្នាក់នានា ក៏ដូចជាការត្រៀមលក្ខណៈ សម្រាប់ ទឹកជំនន់នា ពេលអនាគត និងមួយផ្នែកទៀតតាមលទ្ធភាពមូលនិធិជាក់ស្តែង សមាគមនឹងទិញជាគ្រាប់ពូជ ឬពូជសត្វចញ្ចឹម ដើម្បីផ្តល់ឲ្យពួកគេស្តារចំណូលឡើងវិញ។
ទាក់ទិននឹងកម្មវិធីនេះ លោក ជា កញ្ញារិទ្ធិ ប្រធានសមាគមនិស្សិត ពីអាម៉េរិក បានឲ្យដឹងថា យុទ្ធនាការនេះ មិនត្រឹមតែរួមចំណែក ជួយប្រជាពលរដ្ឋរងគ្រោះប៉ុណ្ណោះទេ តែវាក៏ជាការបង្ហាញពីវប្បធម៌ នៃការចែករំលែកនិងស្មារតីស្ម័គ្រចិត្តក្នុងសង្គមកម្ពុជា បង្ហាញឲ្យឃើញពីស្មារតីជួយគ្នា ក្នុងគ្រាអាសន្ន ដែលមានក្នុងទឹកចិត្ត និងវប្បធម៌ ខ្មែរតាំងពីយូរយាណាស់មកហើយ។
គួរបញ្ជាក់ថា យុទ្ធនាការនេះ មានការចូលរួមពីសប្បុរសជនមានដូចជា ធនាគារ ANZ Royal ក្រុមហ៊ុន Online ស្ថាប័នអប់រំ IDP ប្រចាំនៅកម្ពុជា ព្រមទាំងស្ថាប័នជាតិនិងអន្តរជាតិ និង សប្បុរសជនមួយចំនួនទៀត។ ថវិកានិងសម្ភារ ដែលប្រមូលបានពីយុទ្ធនាការនេះ នឹងយកទៅ ប្រើប្រាស់ក្នុងគំរោងស្តារឡើងវិញ របស់សហគមន៍ នៅក្នុង ឃុំ ជើងទៀន ស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ ៕ ដោយ៖ សស្អាត