ភ្នំពេញ៖ ក្រោយជំនួបជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ បានអះអាង ថា តំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិទាំង៥៥ នឹងមិនចូលរួមប្រជុំសភាដាច់ខាត ប្រសិនបើគ្មានដំណោះស្រាយណាមួយ ចំពោះការទាមទាររបស់គណបក្សប្រឆាំង។អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានបន្ថែម ថា”ព្រឹកមិញ អត់មានការជជែកគ្នា អំពីការប្រជុំសភាទេ ដរាបណាមិនទាន់ មានផែនការសកម្មភាព ច្បាស់លាស់ គឺគណបក្សសង្រ្គោះជាតិ សូមប្រកាស ជូនសាធារណៈជនថា អត់មានការចូលប្រជុំសភាដាច់ខាត”។
បើតាមអ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិរូបនេះ គណបក្សនៅតែទាមទាររកយុត្ដិធម៌ជូនម្ចាស់ឆ្នោតដដែល តាមគ្រប់រូបភាព បូករួមទាំងការធ្វើបាតុកម្មបន្ដទៀតផងដែរ។សូមបញ្ជាក់ថា ក្រុមការងារគណបក្សប្រជាជនកម្ពុជាចំនួន៥រូប និងគណបក្សសង្រ្គោះជាតិចំនួន៥រូប បានជួបពិភាក្សាគ្នារកដំណោះស្រាយ អំពីបញ្ហាជាប់គាំងនយោបាយ។ ជាលទ្ធផល ក្រុមការងារគណបក្សទាំងពីរ ប្រកាសបន្ដជួបគ្នាបន្ដទៀត នៅចុងសប្ហាហ៍នេះ។ពាក់ព័ន្ធនឹងការមិនចូលរួមប្រជុំសភារបស់បក្សប្រឆាំងនេះ តំណាងរាស្រ្ដបក្សកាន់អំណាច តែងតែអះអាងថា ដំណើរការរដ្ឋសភានៅតែបន្ដដំណើរការជាធម្មតា បើទោះបីជាគ្មានតំណាងបក្សប្រឆាំង៥៥រូបចូលរួមក៏ដោយ៕ ដោយ ៖ រតនា