កំពង់ធំ៖ ប្រជាពលរដ្ឋចំនួន ១១៧៤ គ្រួសារ នៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានទទួលអំណោយជាគ្រឿងឧបភោគ ពីលោកបណ្ឌិតងួន ញិល អនុប្រធានទី១រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ពិធីចែកអំណោយនៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំកាលពីម្សិលមិញនេះ ក៏មានការអញ្ជើញចូលរួមពី ប្រធានគណៈកម្មការកិច្ច ការមួយចំនួននៃរដ្ឋសភា អភិបាល មន្រ្តីរាជការខេត្តកំពង់ធំ និងអជ្ញាធរមូលដ្នានជាច្រើននាក់ទៀត ។
លោក អុច គឹមអន គណៈអភិបាល និងជាអភិបាលខេត្តកំពង់ធំ បានជំរាបថា ស្រុកប្រាសាទសំបូរ មានផ្ទៃដីសរុប ៧៣.៧៧៩ ហិកតា ក្នុងនោះផ្ទៃដីបង្កបង្កើនផល ៣២.៩៦៣ ហិកតា។ ចាប់តាំងពីឆ្នាំ២០០០មក ស្រុកប្រាសាទសំបូរដែលជាស្រុកមួយតែងជួបរងគ្រោះទឹកជំនន់ ដូចពេលនេះ បានទទួលនូវគ្រោះមហន្តរាយបង្កឡើងដោយទឹកជំនន់ ខ្យល់ព្យុះ ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងនោះផលដំណាំស្រូវ ដែលស្រុកសម្រេចបាន ១៦.១១៥ហិកតា ត្រូវជា១០១%លើផែនការ១៥ ៩៥០ហិកតា ត្រូវទទួលរងផលប៉ះពាល់ដោយទឹកជំនន់១.៣៥៥ ហិកតា ស្លាប់មនុស្ស ១នាក់ របួសដោយពស់ចិក ២នាក់ ទឹកលិចក្រោមផ្ទះ ៤.០៨៦ ខ្នង ទឹកលិចផ្ទះទាំងស្រុងដល់រនាបមិនអាចរស់នៅបាន ៩៩ខ្នង ហើយត្រូវអជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថភាព ។
ចំពោះហេដ្ឋារចសម្ព័នស្រុក ផ្លូវក្រាលគ្រួសក្រហមទឹកលិចប្រវែង ២០.៤០០ម៉ែត្រ អាចធ្វើចរាចរណ៍បាន ៥០% លិចសាលារៀន១៩កន្លែង មណ្ឌលសុខភាព ៣ កន្លែង ទីអារាម៨កន្លែង និងជម្លៀសគោក្របីចំនួន ៤.៤៣០ក្បាល ទៅកាន់ទីទួលសុវត្ថភាព។ ទន្ទឹមនិងនោះនាពេលកន្លងមកអជ្ញាធរខេត្ត និងអង្គការ ទស្សនៈពិភពលោក បាននាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនចំនួន ៩០ គ្រួសារទីទ័លក្រ និងដាច់ ស្បៀង ដោយមួយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម តី្រខ១០កំប៉ុង អំបិល០,៥០គីឡូក្រាម ហើយថ្ងៃនេះប្រជាពលរដ្ឋ ១.១៧៤ គ្រួសារបានទទួលអង្ករ ២៩តោន មី១១៧៤កេះ ទឹកត្រី១១៧៤យួរ ពីលោក បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ដែលបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ។
លោកបណ្ឌិត ងួន ញិល បាននាំការសាកសួរសុខទុក្ខពីសម្តេចប្រមុខរាជរដ្ឋាភិបាលដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទោះបីសម្តេចទាំងបីមិនបានមកក៏ដោយ តែបានបញ្ជូនមន្តី្រក្រាមឱវាទអោយមកចុះសួរសុខទុក្ខនិងដោះស្រាយរាល់កាលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ លោកអនុប្រធានទី១រដ្ឋសភាក៏បានផ្តំាផ្ញើដល់អជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកទុកដាក់ខ្ពស់ណែនាំប្រជាពលរដ្ឋ អោយចេះប្រុងប្រយ័ត្នការពារកូនចៅតូចៗកុំអោយលេងទឹកក្រែងមានការលង់ទឹកនាំអោយបាត់បង់ជីវិត។ ទន្ទឹមនិងនោះអាជ្ញាធរមូលដ្ឋានត្រូវត្រៀមពូជស្រូវបម្រុងទុកសម្រាប់ចែកជូនប្រជាពលរដ្ឋនៅរដូវទឹកសម្រក បង្កបង្កើនផលដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារអោយបានទាន់ពេលវេលា ៕ ដោយ៖ សស្អាត