កោះកុងៈ គណៈប្រតិភូក្រសួងបរិស្ថានដឹកនាំដោយលោក រដ្ឋមន្ត្រីសាយ សំអាល់ បានចុះបំពេញទស្សនកិច្ចនៅខេត្តកោះកុង ដើម្បីពិនិត្យដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Group Co., Ltd នៅស្រុកគីរីសាគរនិងស្រុកបុទមសាគរនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤។ លោករដ្ឋមន្ត្រីបរិស្ថានរូបនេះ បានសម្តែងនូវការគាំទ្រនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តគម្រោងក្នុងរយៈកាលកន្លងមក ហើយឯកឧត្តមក៏បានបញ្ជាក់ថា គម្រោងនេះនឹងជួយដល់ខឿនសេដ្ឋកិច្ចរបស់ខេត្តកោះកុងទាំងមូល និងជាពិសេសសម្រាប់បងប្អូនប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់អភិវឌ្ឍន៍ នេះផ្ទាល់។
ទន្ទឹមនឹងនោះ លោកក៏បានជម្រាបជូនអំពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ក្នុងការបន្តដោះស្រាយវិវាទដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់ តាមស្មារតីព្រមព្រៀងនិងយោគ យល់គ្នា។ ជាងនេះទៅទៀត ឯកឧត្តមបានជំរុញនិងលើកទឹកចិត្តឱ្យក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាលពាក់ព័ន្ធទាំងអស់បន្តជំរុញការអនុវត្តគម្រោង អភិវឌ្ឍន៍ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការ រៀបចំកសាងផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ការិយាល័យរដ្ឋបាល និងកំពង់ផែនៅក្នុងតំបន់អភិវឌ្ឍន៍ឱ្យបានតាមផែនការកំណត់ ជាពិសេស គឺជំរុញការកសាងផ្លូវមេទៅកាន់ភូមិនិងដីកសិកម្មរបស់ប្រជាពលរដ្ឋ នៅលើទីតាំងភូមិករថ្មី។
យោងតាមគេហទំព័ររបស់រដ្ឋមន្រ្តីបរិស្ថាន បានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់រួមចំណែកដល់ការថែរក្សា ធនធានធម្មជាតិ រួមទាំងបន្តដាំដើមឈើឡើងវិញនៅតាមតំបន់រិចរិល និងជួយកសាងភូមិជូនប្រជាពលរដ្ឋ ក្នុងគោលបំណងថែរក្សា ការពារ និងលើកកម្ពស់តម្លៃវប្បធម៌របស់ប្រជាជនក្នុងមូលដ្ឋាន។ គណៈប្រតិភូបានទៅទស្សនាភូមិថ្មី ការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅ ការដ្ឋានសាងសង់ផ្សារកសិផលនិងផលនេសាទ និងសាលាឃុំតានូន។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏ជួបសំណេះសំណាលនិងសួរសុខទុក្ខមន្ត្រីឧទ្យានុ រក្សនៅស្នាក់ការរកូនកុកនៃឧទ្យានជាតិបុទុមសាគរ៕
មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រចាំខេត្តកោះកុង លោក គង់ ចិត្រ ថ្លែងថា រដ្ឋាភិបាលបានផ្តល់ដី សម្បទានសេដ្ឋកិច្ចទំហំ៨៦០០០ហិតកា ទៅឲ្យក្រុមហ៊ុន Union Development ក្នុងខែ ឧសភា ឆ្នាំ២០០៨ ។ ក្រុមហ៊ុននេះ បានអភិវឌ្ឍន៍ជាតំបន់ពាណិជ្ជកម្ម ក្នុងស្រុកគិរីសាគរ និងបុទុមសាគរ ខេត្ត កោះកុង។ ប្រជាពលរដ្ឋចំនួន១១៤៣គ្រួសារ បានរងផលប៉ះពាល់ចំពោះគម្រោងនេះ ហើយមួយចំនួន ធំ បានទទួលយកសំណងជាផ្ទះ និងដីមួយចំនួន ពីក្រុមហ៊ុន។ គួររំលឹកថា កាលពីថ្ងៃទី២៣ ខែមករាកន្លងទៅ មានការដុតផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤៥ផ្ទះ ដែលកំពុងមានជម្លោះ។ ប្រជាពលរដ្ឋ បានចង្អុលទៅក្រុមហ៊ុន ថាជាអ្នកបង្កហេតុ ខណៈដែលក្រុមហ៊ុនប្រញាប់យកតំបន់នោះអភិវឌ្ឍន៍ និងព្យាយាមបណ្តេញអ្នកដែលមិនទាន់រុះរើផ្ទះ។ ប្រជា ពល រដ្ឋចំនួន២១៩គ្រួសារ ដែលមិនព្រមទទួលយក សំណងពីក្រុមហ៊ុន ចង់មានដំណោះស្រាយសមរម្យដល់ពួកគេ តាមរយៈជាដីនៅជិតតំបន់នោះ។ នៅថ្ងៃទី៤ដើមខែកុម្ភៈ ប្រជាពលរដ្ឋ បានធ្វើការបិទផ្លូវជាតិ ដើម្បីប្រឆាំងនឹងការអភិវឌ្ឍន៍របស់ក្រុមហ៊ុនផងដែរ៕
ដោយៈ ភីនរ៉ា