ខេត្តព្រះសីហនុ ៖ ស្ត្រីជាឃាតករដែលបានយកសាំងចាក់ដុតផ្ទះអ្នកដទៃ ដោយសារតែខឹងប្តីរបស់ខ្លួន បណ្តាលអោយឆេះស្លាប់ទារកអាយុ១៥ខែម្នាក់ និងរងរបួសបុរសម្នាក់កាលពីដើមខែធ្នូ ឆ្នាំ២០១៣ ហើយរត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវរកឃើញ និងចាប់ខ្លួនបាននៅស្រុកឈូកខេត្តកំពត ព្រមទាំងបានបញ្ជូនមកកាន់ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ថ្មីៗនេះហើយ។
លោកវរសេនីយ៏ឯក កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌបានអោយដឹងថា រឿងហេតុនៃអំពើមនុស្សឃាតដោយគ្រោងទុកនេះ បានកើតឡើងតាំងពីថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៣វេលាម៉ោង៦ល្ងាចមកម្លេះ។ ទីកន្លែងកើតហេតុ ស្ថិតនៅផ្ទះ ឈ្មោះ សុខ តាល់ និងប្រពន្ធឈ្មោះ ថាវ គន្ធា ដែលត្រូវជាឪពុក ម្តាយក្មេងរងគ្រោះព្រមទាំងត្រូវជាបងថ្លៃស្ត្រីជាជនល្មើសនេះតែម្តង (ប្តីរបស់ជនល្មើសឈ្មោះ ថាវ វិថី ត្រូវជាប្អូនប្រុសរបស់អ្នកស្រី ថាវ គន្ធា) នៅក្រុមទី១៥ភូមិ២សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
រឿងហេតុដំបូងក្នុងពេលនោះស្ត្រីជាជនដៃដល់ឈ្មោះ ថៃ ស្រីរ៉ា បានមកតាមហៅប្តី និងឈ្លោះជេរបញ្ចោរប្តីនៅផ្ទះបងថ្លៃ មួយស្របក់ក្រោយមកឈ្មោះ ថៃ ស្រីរ៉ា បានមកម្តងទៀត ដោយកាន់ប្រេងសាំងដាក់ក្នុងដប់ទឹកសុទ្ធ មកចាក់ស្រោចលើពូក និងអង្រឹងដែលក្មេងប្រុសឈ្មោះ សុខ ចំរ៉ុង អាយុ១៥ខែកំពុងតែគេង និងបុរសម្នាក់ដែលអង្គុយក្បែរនោះឈ្មោះ អូន ចន ហើយយកដែកកេះ កេះដុតឆេះសន្ធោសន្ធៅតែម្តង បន្ទាប់មកមានការផ្អើលឆោឡោឡើង ឈ្មោះ ថៃ ស្រីរ៉ា បានគេចខ្លួនបាត់ ។
អំពើមនុស្សឃាតនេះបានបណ្តាលអោយឆេះក្មេងប្រុសឈ្មោះ ចំរ៉ុង រងរបួសធ្ងន់ ពេលយកមកព្យាបាលនៅភ្នំពេញ បានរយៈពេលមួយសប្តាហ៏ ក៏បានស្លាប់នៅថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៣ ។ រីឯបុរសម្នាក់ទៀតឈ្មោះ អូន ចនរងរបួសធ្ងន់ ។ លោក កុល ផាលី បានអោយដឹងបន្ថែមថា ដោយមានការសហការជួយឧបត្ថម្ភពីអង្គការការពារកុមារ ហៅ (CPU) យើងបានស្រាវជ្រាវរកឃើញ និងចាប់ជនសង្ស័យជាឃាតករបាននៅស្រុកឈូកខេត្តកំពត ព្រមទាំងនាំមកកាន់ខេត្តព្រះសីហនុ ដើម្បីបញ្ជូនទៅតុលាការអោយផ្តន្ទាទោសតាមច្បាប់ ៕ ដោយ៖ អភិរក្ស