ភ្នំពេញ៖ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលគេស្គាល់ថា ជាអតីតទីប្រឹក្សាព្រះមហាវីរក្សត្រ និងជា
អតីតប្រធានគណបក្ស ”រណសិរ្សសង្គមជាតិនិយម” នោះ ត្រូវបានមន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច
បង្ហើបថា ព្រះអង្គមានបំណងចង់ធ្វើប្រធានគណបក្សហ៊្វុនស៊ិនប៉ិចហើយប្រហែលជាបំណងនោះត្រូវបាន
បរាជ័យ ទើបព្រះអង្គទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ។
លោកញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចបានមានប្រសាសន៏ប្រាប់ក្រុមអ្នកសារព័ត៌មាននា
ព្រឹកថ្ងៃច័ន្ទទី៨ ខែមេសា ថា ការចាកចេញរបស់សែរាជវង្សម្នាក់គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ទៅចូល
រួមជាមួយគណបក្សសង្គ្រោះជាតិនោះ មិនបានធ្វើអោយប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សហ៊្វុនស៊ិន
ប៉ិចទេ ។ លោកបន្តថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិនដែលនៅក្នុងគណ បក្សហ៊្វុន ស៊ិនប៉ិច ទេ ពីមុនធ្លាប់បាននៅម្តងហើយចាកចេញទៅវិញ ហើយគ្រាន់តែមាន ទំនាក់ទំនងជាមួយព្រះអង្គម្ចាស់ កែវ
ពុទ្ធរស្មី ប៉ុន្តែមិនមានតំណែងអ្វីនៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិចទេ ។
លោកអគ្គលេខាធិការបញ្ជាក់យ៉ាងនេះថា “ខ្ញុំយល់ឃើញថាអត់មានប៉ះពាល់អ្វីទេដោយសារតែព្រះអង្គ
ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លោកមានការចេញចូលច្រើនលើកច្រើនសារណាស់មកហើយរហូតដល់លោក
ចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ប៉ុន្តែពីមុនមិនមានសំលេងទេ ដូច្នេះហើយមិនមានអ្វីដែលប៉ះពាល់
ដល់គណបក្សយើងខ្ញុំឡើយ ហើយលោកក៏មិនមានប្រជាប្រិយភាពអ្វីនោះដែរ នៅទូទាំងប្រទេសក្នុង
ការរកសំលេងឆ្នោត មានតិចតួចណាស់ដែលគេស្គាល់ព្រះអង្គម្ចាស់ធម្មិកោ” ។
ទោះជាយ៉ាងណាលោក ញឹក ប៊ុនឆៃ មិនបានបញ្ជាក់ថាការចូលរួមគណបក្សសង្គ្រោះជាតិរបស់ព្រះអង្គ
ម្ចាស់ ស៊ីសុវត្តិ ធម្មិកោ មកពីមូលហេតុអ្វីនោះទេ ប៉ុន្តែលោកញឹក ប៊ុនឆៃ អះអាងថាព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ មានបំណងចង់ធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចយូហើយ តែមិនបានសំរេច ហើយបំណងនេះ
បានកើតឡើងតាំងពីសម័យតស៊ូម្លេះ ។ លោកលើកឡើងយ៉ាងនេះថា “ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ
បានព្យាយាមម្តងហើយម្តងទៀតមកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយចង់បានតំណែងអគ្គលេខា
ធិការបក្សទៀតផង តែមិនបានសំរេច” ។
ទាក់ទងនឹងបញ្ហានេះដែរ កាលពីវេលាម៉ោង៣ សៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ អ្នកស្និទ្ធ នឹងព្រះអង្គ
ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ចំនួន២ នាក់បានចូលជួបជាមួយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដែលមាន
ព្រះអង្គម្ចាស់ ព្រះអនុជ នរោត្តម អរុណរស្មី ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច, លោក កែវ ពុទ្ធរស្មី
និងលោក ញឹក ប៊ុនឆៃ ហើយការចូលជួបថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចនេះក្នុងបំណងមួយបញ្ជាក់ថា ពួកគាត់រួមទាំងកូនចៅប្រមាណជាង៥០០ នាក់ ដោយមានទាំងបញ្ជីឈ្មោះផងនោះ ដែលធ្លាប់ស្និទ្ធជា
មួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិនបានទៅតាមព្រះអង្គទេ ។
អ្នកស្និទ្ធនោះ មានឈ្មោះលោក ទឹម ទិដ្ឋការ អតីតប្រធានប្រតិបត្តិមូលនិធិរាជវង្សខ្មែរ ប្រចាំខេត្តព្រៃ
វែង ហើយមូលនិធិនេះ មានព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ជាអនុប្រធាន និងលោកខាន់ សោភ័ណ្ឌ
ហើយលោក ទឹម ទិដ្ឋការ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមិនចង់ធ្វើនយោបាយបែបទេសចរ
ទេក្រោយពីហ៊្វុនស៊ិនប៉ិចបែកបាក់ ហើយបានរួបរួមគ្នាវិញនេះ ខ្ញុំនៅទីនេះហើយ” ។
ចំណែកព្រះអង្គម្ចាស់ព្រះអនុជ នរោត្តម អរុណរស្មី ដែលជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនោះ បាន
មានព្រះបន្ទូលថា មិនមានអ្នកណាទៅជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទេ គឺនៅជាមួយហ៊្វុនស៊ិនប៉ិចទាំងអស់គ្នា៕
ដោយ៖សស្អាត