ភ្នំពេញ៖ តម្លៃផ្កាអង្គាសិល្ប៍ហក់ឡើងប្រមាណជា២០ភាគរយ បើធៀបទៅនិងឆ្នាំកន្លងទៅប៉ុន្តែការលក់មិនសូវដាច់ ក្នុងឱកាសចូលឆ្នាំប្រពៃណីចិននៅកម្ពុជាឆ្នាំនេះដោយសារតែអាកាសធាតុត្រជាក់កាលពីដើមខែ ធ្វើឲ្យផ្កាអង្គាសិល្ប៍មិនសូវល្អ(ផ្កាតូចៗ)។ផ្កាអង្គាសិល្ប៍ ដែលជាវត្ថុដ៍សំខាន់ និងជាជំនឿថា ជាផ្កានាំសំណាងលាភសក្ការៈនិងសេចក្តីសុខ របស់បងប្អូនជនជាតិចិន និងបងប្អូនសែស្រលាយចិន ដែលអ្នកខ្លះមិនអាចខ្វះបានក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ ។
នៅរាជធានីភ្នំពេញ រៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំចិន គេសង្គេតឃើញ កន្លែងដែល សំបូរលក់ផ្កាអង្គាសិល្ប៍ នៅម្តុំផ្សារ ដីហុយ, ផ្លូវហាណូយ, ត្រើយខាងកើតស្ពាន ជ្រោយចង្វារ, ម្តុំវត្តសំពៅមាស, វត្តទួលទំពូង ជាដើមនោះ មានអតិថិជនចូលជាវច្រើន។ប៉ុន្តែសម្រាប់ឆ្នាំនេះ មិនសូវមាន អតិថិជន ចូលជាវច្រើនឡើយ។
លោក គុន ស៊ឹង អាជីវករដែលលក់ផ្កាអង្គាសិល្ប៍ នៅម្តុំវត្តសំពៅមាស បានឲ្យដឹងថា ផ្កាអង្គាសិល្ប៍មិនសូវសំបូរ ហើយតម្លៃឡើងខ្ពស់ជាងរាល់ឆ្នាំប្រហែលពី២០ទៅ៣០ភាគរយ បើធៀបទៅឆ្នាំទៅម៉ិញ បើទោះបីផ្កាវាមិនចេញល្អយ៉ាងណាក្តី។ បើតាមអ្នករកស៊ីលក់ផ្កាអង្គាសិល្ប៍នៅកន្លែងដទៃជាច្រើនទៀត ក៏បានអះអាងដូចៗគ្នាថាឆ្នាំនេះផ្កាអង្គារសិល្ប៍ មិនសម្បូរដូចឆ្នាំមុនៗទេ ហើយថែមទាំងមានតម្លៃថ្លៃជាងឆ្នាំមុនទៅទៀត។
ប៉ុន្តែសម្រាប់បុណ្យចូលឆ្នាំចិនឆ្នាំ២០១៤នេះ អ្វីដែលគេគត់សម្គាល់នោះ ទីតំាងកន្លែងដែលធ្លាប់សម្បូរទៅដោយផ្កាអង្គាសិល្ប៍នោះហាក់មិនសម្បូរអ្នកលក់ដូចមុននោះទេ គឺមានចំនួនតិចតួចប៉ុណ្ណោះ។
អ្នកមីង ជុំ ចាន់ធឿន អាជីវករលក់ផ្កាអង្គាសិល្ប៍នៅម្តុំវត្តចំពៅមាសរយៈពេលជា១០ឆ្នាំ បានសន្និដ្ឋានថា អាចមកពីកត្តាអាកាសធាតុហើយមិនសូវសំបូរធ្វើឲ្យតម្លៃឡើងខ្ពស់។ ម៉្យាងទៀតអតិថិជនមួយចំនួនងាក ទៅតាំងលម្អផ្កាអង្គាសិល្ប៍ដែលធ្វើពីជ័រ ជំនួសវិញក៏អាចថាបានដែរ ឬ មួយឆ្នាំនេះ ការរកប្រាក់ចំណូលមានការពិបាកជាងរាល់ឆ្នាំ ទើបធ្វើឲ្យការលក់មិនសូវដាច់។
ពលរដ្ឋម្នាក់ជាកូនខ្មែរកាត់ចិន ជារៀងរាល់ឆ្នាំតែងតែទិញផ្កាអង្គាសិល្ប៍ដាក់តាំង នៅផ្ទះថ្ងៃបុណ្យចូលឆ្នាំចិនបានឲ្យដឹងថា ផ្កាអង្គាសិល្ប៍ គឺស្ថិតក្នុងជំនឿអមតៈ របស់ជនជាតិចិនដោយ ពួកគេជឿជាក់ថា ជាផ្កានាំសំណាងប្រសិនបើថ្ងៃចូលឆ្នាំចិនផ្កាអង្គាសិល្ប៍រីកច្រើនល្អគឺ បានសេចក្តីថា ឆ្នាំនេះពួកគេនឹងរកស៊ីមានបានប្រាក់ហូរហៀរ តែប្រសិនបើផ្កានោះរីកមិនសូវល្អ ការរកស៊ីនៅឆ្នាំ នេះក៏ទៅតាមហ្នឹងដែរ។ ដោយមានជំនឿដូច្នេះ រួមផ្សំទាំងអង្គាសិល្ប៍ផ្កា មិនសូវល្អទៀត ទើបមិនសូវមានអ្នកទិញយកមកដាក់តាំងនៅតាមផ្ទះដូចឆ្នាំមុនៗ៕ ដោយ៖ សស្អាត