ភ្នំពេញ៖ តំបន់ចំនួន៤ ដែលមានរាជធានីភ្នំពេញ ខេត្តព្រះវិហារ មណ្ឌលគិរី និងខេត្តកោះកុង ត្រូវបានរាយ ការណ៍អំពីចំនួន បទល្មើសកើនឡើងរហូតដល់ទៅ១ភាគរយ នៃចំនួនបទល្មើសសរុបដែលបានកើតឡើងនៅទូទាំងប្រទេស នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៣ និងលើកទិសដៅការងារឆ្នាំ២០១៤នៅក្រសួង មហាផ្ទៃ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើការវាយតម្លៃទៅលើករណីបទល្មើសខាងលើនេះថាមានការកើនឡើងតិចតួច។
ទាក់ទងនឹងបញ្ហាបទល្មើសទូទាំងប្រទេសក្នុងឆ្នាំ២០១៣មានការកើនឡើង១ភាគរយ ក្នុងឆ្នាំ២០១៣ បើធៀបនឹងឆ្នាំ២០១២ មូលហេតុនៃការកើនឡើងនេះគឺបណ្តាលមកពីសមត្ថកិច្ចបានដាក់កម្លាំងប្រឹងប្រែងទប់ស្កាត់ទៅលើក្រុមបង្កភាពវឹកវរអនាធិបតេយ្យក្នុងប្រទេស។
បើតាមរាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានអោយដឹងថា បទល្មើសព្រហ្មទណ្ឌរួមក្នុងឆ្នាំ២០១៣ មាន២ពាន់៧១៦លើក កើន២៧លើក ធៀបឆ្នាំ២០១២មានចំនួន ២ពាន់៦៨៩លើកស្មើនឹង១ភាគរយប៉ុណ្ណោះ។ កំណើន១ភាគរយនេះត្រូវគេរាយការណ៍ថា បានកើតមានតែក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ មណ្ឌលគិរី និងខេត្តកោះកុង ដោយហេតុផលនយោបាយ និងកំណើនចេញចូលរបស់ប្រជាពលរដ្ឋនិង អ្នកទេសចរ។
ពិធី បើកសន្នីបាតនៅថ្ងៃនេះដែរប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអាជ្ញាធរខេត្ត មន្ត្រីពាក់ព័ន្ធ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធប្រមាណជាង៧០០នាក់។ ជាមួយគ្នានេះ ឯកឧត្តម ស ខេង បានហៅកំណើនបទល្មើសតិចតួចនេះ ថាជាជោគជ័យរបស់កងកម្លាំង សមត្ថកិច្ចគ្រប់លំដាប់ក្នុងការថែរក្សាពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់រៀបរយក្នុងសង្គមទាំងមូលវិលមករកភាពប្រក្រតីវិញ។ លោកឯកឧត្តមឧបនាយករដ្ឋមន្ត្រីសខេងក៏បានមានប្រសាសន៍កោកសរសើរកងកម្លាំងនគរបាលជាតិកម្លាំងសមត្ថកិច្ចនានា ពិសេសកងរាជអាវុធហត្ថជាតិក្រសួងស្ថាបន័នានាអាជ្ញាធរគ្រប់ថ្នាក់ដែលបានប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលទាំងឡាយនេះ។
ដោយ៖ អភិរក្ស