ភ្នំពេញៈ ក្រសួងអប់រំយុវជននិងកីឡាបានបង្ហាញថា សាលារៀនតាមបណ្ដាខេត្ត ដែលរងគ្រោះដោយសារទឹកជំនន់ ដែលមិនអាចបើកទ្វារបង្រៀននោះ គិតមកដល់ពេល នេះ មានជាង៨០០សាលា តែទោះបីយ៉ាងនេះក្តីក្រសួងអប់រំនឹងខិតខំធ្វើយ៉ាងណា ដើម្បីសិស្សានុសិស្ស ដែលសិក្សានៅសាលារៀនដែលលិចទឹកនោះ បានរៀនទាន់កម្មវិធីសិក្សារបស់ក្រសួង។
លោក សំ សេរីរ័តុ្ន អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងនៅព្រឹកថ្ងៃអង្គារទី១៥ ខែតុលានេះថា មកដល់ពេលនេះ មានសាលារៀនដែលរងគ្រោះដោយសារទឹកជំនន់ ដែលបានបិទទ្វារមិនបានបង្រៀននោះ មានជាង៨០០សាលា ។លោកបានបន្តថាសាលា រៀនដែលរងគ្រោះដោយសារទឹកជំនន់នោះ នឹងនៅតែបន្តបិទទ្វារមិនអោយ បង្រៀន សិស្ស បានឡើយ ប្រសិនបើទឹកជំនន់នៅតែបន្តគម្រាងកំហែង ហើយថា ការសម្រេចបន្តឲ្យបិទទ្វារសាលានេះ គឺធ្វើឡើងដើម្បីរក្សាសុវត្ថិភាពដល់សិស្សានុសិស្សពិសេសក្មេងៗដែលសិក្សាថ្នាក់បឋមនោះតែម្ដង។ លោកបានបញ្ជាក់បន្ថែមថា ទោះបីយ៉ាងនេះក្តីក្រសួងអប់រំនឹងខិតខំធ្វើយ៉ាងណាដើម្បីអោយសិស្សានុសិស្ស ដែលសិក្សានៅសាលា រៀនដែលលិចទឹកនោះ បានរៀនទាន់កម្មវិធីសិក្សារបស់ក្រសួង។ក្នុងនោះក្រសួងនឹង ធ្វើការពិភាក្សានិងជំរុញដោយធ្វើជាសេចក្តីណែនាំដល់អ្នកពាក់ព័ន្ធអោយអនុវត្តតាម។សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា២០១៣-២០១៤នេះរួចទៅហើយ កាលពីថ្ងៃទី០១ ដើមខែតុលានេះ ខណៈសាលារៀនតាមបណ្ដាខេត្តមួយចំនួនរងគ្រោះដោយសារទឹកជំនន់៕ ដោយ៖ រតនា