ភ្នំពេញ៖ យុវជន និងប្រជាជនកម្ពុជាជាច្រើនរយនាក់បាននាំគ្នាយកថ្ងៃទិវានៃក្តីស្រលាញ់ ទី១៤ កុម្ភៈ ធ្វើជាយុទ្ធនាការបរិច្ចាកឈាម និងទទួលឈាមពីសប្បុរសជននានា ដើម្បីជួយដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ក្នុងសង្គ្រោះជីវិតគឺផ្តល់ឈាមផ្តល់ក្តីស្រលាញ់។លោក សេង ម៉ារឌី តំណាងអង្គការសុខភាពពិភពលោក (WHO ) បានថ្លែងនៅក្នុងយុទ្ធនាការបរិច្ចាកឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមថា ឈាមរបស់អ្នក ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយសង្រ្គោះជិវិតជនរងគ្រោះ។ ខ្ញុំសូមកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះ ចំពោះយុវជន ប្រជាជនកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំយុទ្ធនាការនេះឡើង ក្នុងប្រធានបទដ៏មានអត្ថន័យ (ផ្តល់ឈាម ផ្តល់សេចក្តីស្រឡាញ់) ដើម្បីដាក់ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និងមិនគិតថ្លៃនៅក្នុងទិវា នៃសេចក្តីស្រឡាញ់នាថ្ងៃនេះ។
លោកសុំឲ្យថ្ងៃនេះក្លាយជាវប្បធម៌ដ៏ល្អបំផុតតរៀងទៅ ឆ្លើយតបទៅនឹងអត្រាបរិច្ចាគឈាម នៅកម្ពុជា នៅមានកម្រិត ដែលអនុសាសន៍របស់អង្គការសុខភាពពិភពលោកតម្រូវឲ្យបាន ១ភាគរយ នៃចំណុះប្រជាជនសរុប ប៉ុន្តែសមាមាត្រ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សរុប បានត្រឹមតែ ៣៥%ប៉ុណ្ណោះ នៅក្នុង ឆ្នាំ២០១៣កន្លងទៅ ។លោក វេជ្ជ.ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថាសកម្មភាពរបស់យុវជននាថ្ងៃនេះពិតជាវិសេសវិសាលខ្លាំងណាស់ក្នុងការជួយសង្គម លោកថាយុវជនកម្ពុជាកំពុងដើរលើផ្លូវត្រូវក្នុងការជួយជួយគ្នាក្នុងសង្គម ទាំងសក្មកភាពគាំទ្រ និងសកម្មភាពចូលរួមរបស់ពួកគេឃើញស្របគ្នាតែម្តង។ លោករំពឹងថា នៅថ្ងៃនេះនឹងផ្តល់ឈាមមិនតិចជាង៤០០ផ្លោក ហើយបើលើសពីនេះក៏មជ្ឈមណ្ឌលមានលទ្ធភាពអាចទទួលបានដែរ។
លោកប្រធានបញ្ជាក់ថា ជាមធ្យមក្នុងមួយថ្ងៃៗយើងត្រូវការឈាមពី៨០ទៅ១០០ផ្លោកនៅតាមមន្ទីពេទ្យនានាក្នុងរាជធានីភ្នំពេញនិង១៥០ផ្លោកនៅទូទាំងប្រទេស ដូច្នេះជារៀងរាល់ថ្ងៃដែលក្នុង១ម៉ោងៗមានឈាមប្រមាណជា៧ផ្លោកដែលត្រូវការផ្តល់ទៅដល់អ្នកជំងឺទាំងអស់។ រហូត មកដល់ថ្ងៃនេះមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានឈាមគ្រប់គ្រាន់ក្នុងការជួយសង្រ្គោះជីវិតមនុស្ស។លោកស្រី ឡាវ ខេង អនុប្រធានទី១ កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃផ្តល់នៃសេចក្តីស្រឡាញ់ ជាទិវាមួយ ដែលពិភពលោកគោរពទាំងអស់គ្នា រំលឹកអនុស្សាវរីយ៍ចំពោះ អ្នកដែលយើងស្រឡាញ់ ដែលគេច្រើនប្រើជាថ្ងៃបុណ្យសង្សារ។ ប៉ុន្តែប្រទេសកម្ពុជា យើងបានយកថ្ងៃនេះ ចូលរួមជាមួយ យុវជន ប្រជាជនទាំងអស់គ្នា ដោយការផ្តល់សេចក្តីស្រឡាញ់ តាមរយៈការផ្តល់ឈាមរបស់យើងទាំងអស់គ្នាឲ្យទៅអ្នកដែលត្រូវការឈាមជួយជីវិតមនុស្ស។
លោកស្រីបន្តថា ថ្ងៃនេះគឺជាកិត្តិយសណាស់ សម្រាប់យុវជន និងប្រជាជនកម្ពុជា ដែលមានឆន្ទៈដ៏មុះមុត ដើម្បីផ្លាស់ប្តូរនូវបរិបទចាស់ ដែលធ្លាប់មានសម្រាប់យុវជនពីមុនមក នៅលើថ្ងៃនេះ ដែលគេហៅថា ថ្ងៃបុណ្យសង្សារ ពួកគេតែងតែនាំគ្នាទៅដើរលេង នាំគ្នាទៅប្រព្រឹត្តអ្វីៗ ប្រាកចាកពីសីលធម៌ និងប្រពៃណី ហើយបានងាកមកធ្វើកិច្ចការមនុស្សធម៌ ដើម្បីមនុស្ស និង សង្គម ។សូមបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត និងមិនគិតកម្រៃនាថ្ងៃនេះ គឺមានការឧបត្ថម្ភពីសប្បុរសជននានា មានក្រុមហ៊ុនកូកាកូឡា, ក្រុមហ៊ុនទូរស័ព្ទLG ទឹកបរិសុទ្ធវីតាល់ និងអង្គការដៃគូរពាក់ព័ន្ធជាច្រើនទៀត៕
ដោយ៖ ស.ស្អាត