ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយរថយន្តក្រុងបុកជាមួយរថយន្ត កុងតីន័រ បណ្តាលឱ្យស្លាប់២នាក់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០
នាទីរសៀលថ្ងៃ ទី២៣ ខែមេសា តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ។
លោកអធិការស្រុកសំរោងទងបានឱ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជារថយន្តក្រុងដឹក
អ្នកដំណើរចំណុច៤៥កៅអីម៉ាក់ DAEWOO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-1768 អ្នកបើកបរបានរត់
គេចខ្លួនបាត់ មានអ្នករងរបួសធ្ងន់២នាក់ និងស្រាលប្រមាណជា៣០នាក់ ។ ចំណែករថយន្តមួយគ្រឿងទៀត
ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខបាត់ដំបង 3A-3437 ជាប្រភេទរថយន្តដឹកកុងតឺន័រមានអ្នកជិះ
ក្នុងនោះ៣នាក់ រងរបួសធ្ងន់ធ្ងរសង្ឃឹមរស់តិចតួចបំផុតត្រូវបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ។ មកដល់ព្រឹកថ្ងៃ
ទី២៤ ខែមេសា ទទួលព័ត៌មានថា អ្នកដែលរបួសធ្ងន់ពីរនាក់បានស្លាប់ហើយ ។
សាក្សីបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តក្រុងធ្វើដំណើរពីលិចទៅកើត ចំណែករថយន្តកុងទី
ន័រធ្វើដំណើរបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុរថយន្តក្រុងបានបើកជែងរថយន្តមួយគ្រឿង ផ្សេង
ទៀត ជ្រុលចូលទៅចំណែកផ្លូវរបស់រថយន្តកុងតឺន័រ ជាហេតុបណ្តាលឱ្យបុកគ្នាពេញទំហឹង ធ្វើឱ្យក្បាលរថយន្ត
កុងតឺន័រដាច់ចេញពីតួ អ្នកបើកបរកុងតឺន័ររងរបួសធ្ងន់ ។ ចំណែករថយន្តក្រុងបានរេចង្កូតធ្លាក់ចូលក្នុងប្រឡាយ
អមផ្លូវជាតិ លេខ៤ ។
លោក សែម សារិទ្ធ នាយរងការិយាល័យចរាចរខេត្តបានឱ្យដឹងថា រថយន្តក្រុងត្រូវអង្គការរបស់កូរ៉េមួយ នៅ
ខេត្តបាត់ដំបងជួលដឹកក្មេងកុមារកំព្រាទៅកម្សាន្តនៅខេត្តព្រះ សីហនុ ហើយត្រឡប់មកវិញក៏ជួបគ្រោះថ្នាក់
បែបនេះតែម្តង ។ កុមារកំព្រាទាំងអស់នៅក្នុងរថយន្តមាន៤០នាក់ រស់នៅក្នុងអង្គការអេសខេអូដែលមានទីតាំងស្ថិតក្នុងភូមិ អញ្ចាញ ឃុំអូរចា ស្រុក-ខេត្តបាត់ដំបង ។ រថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចហៅរថយន្តមក
ស្ទូចយកទៅរក្សា ទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ៕
ប្រភព៖កោះសន្តិភាព