ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់រដ្ឋាករស្វយ័តក្រុងភ្នំពេញនៅតែរក្សាតម្លៃថេរដដែលរយៈពេល១៤ឆ្នាំមកបានអះអាងថា រយៈពេល១៤ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០១៤នេះ តម្លៃទឹកនៅតែរក្សាបានតម្លៃថេរដដែលមិនមានការប្រែប្រួលទេ ទោះបីតម្លៃវត្ថុធាតុដើមក្នុងផលិតទឹកក្នុងពិភពលោកមានការឡើងថ្ងៃក៏ដោយ។
អំឡុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាន ទៅកាន់រដ្ឋាករទឹក នៅថ្ងៃនេះ លោក សំរិទ្ធ សុវិទ្យា អគ្គនាយករងទទួលបន្ទុកផែនការនិងវិនិយោគនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា ការរក្សាបានតម្លៃថេរនេះ ដោយសារគម្រោងផ្តួចផ្តើមដាក់ឱ្យប្រើប្រាស់ថាមពលស្អាត ក្នុងការផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យ របស់អង្គការ JICA ជប៉ុន បានជួយកាត់បន្ថយការចំណាយលើថាមពលអគ្គិសនីនៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលអាចឱ្យរដ្ឋាករទឹកអាចរក្សាតម្លៃដ៏សមស្របមួយ ដែលអតិថិជនទាំងអស់នៅទូទាំងរាជធានីភ្នំពេញអាចទទួលយកបាន។
លោកបញ្ជាក់ថា គម្រោងថាមពលស្អាតនេះមានអត្ថប្រយោជន៍ដល់រដ្ឋាករទឹកធ្វើឱ្យចំណាយលើថាមពលអគ្គិសនីពី៦ទៅ៨ភាគរយក្នុងមួយឆ្នាំគិតជាទឹកប្រាក់២០ម៉ឺនដុល្លារអាមេរិក កត្តាទាំងនេះហើយដែលធ្វើឱ្យរដ្ឋាទឹកអាចរក្សានៅតម្លៃថេរបានជាង១០ឆ្នាំមកនេះ លើតម្លៃស មរម្យ និងមានសេវាផ្គត់ផ្គង់ល្អ។
គួរបញ្ជាក់ថា គម្រោងផ្តួចផ្តើមដាក់ឱ្យប្រើប្រាស់ថាមពលស្អាត ក្នុងការផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យ ត្រូវបានរដ្ឋាភិបាលជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងមួយចុះថ្ងៃទី១៨ខែមិនាឆ្នាំ២០១០ ក្នុងបំណងកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនី និងរួមចំណែកអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់៕ ដោយ៖ រតនា