ភ្នំពេញ៖ មានសេចក្ដីរាយការណ៍ថាករណីអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជាមានការកើនឡើង។ កត្តាដែលនាំមកនូវកំណើននេះ រួមបញ្ចូលទាំងកាហូបអាហារ ក្នុងភាពសម្បូរបែប មនុស្សចូលវ័យជរាផង មនុស្សមិនសូវមានសកម្មភាពផ្នែករាងកាយ ដើម្បីសុខភាពល្អផងគឺជាបញ្ហាប្រឈមនៃការកើតជំងឺទឹកនោមផ្អែម។ ប៉ុន្តែបញ្ហាអត់ឃ្លានរឹតតែជាបញ្ហាប្រឈមខ្លាំងផងដែរ។
ព័ត៌មានអន្តរជាតិមួយបានរាយការណ៍ថា អ្នកជំនាញខាងវេជ្ជសាស្រ្តមួយរូប បានសន្និដ្ឋានថាបញ្ហាកង្វះអាហារូបត្ថម្ភក្នុងរបបខ្មែរក្រហមកាលពី ពាក់កណ្ដាលឆ្នាំ១៩៧៥ទល់នឹងឆ្នាំ១៩៧៩ មានការរួមចំណែកដល់ករណីកើតជំងឺទឹកនោមផ្អែមដ៏ច្រើនក្នុងស្រទាប់ ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន។ នេះបើតាមការអះអាងពីវិទ្យុអន្តរជាតិ PRI ចុះថ្ងៃទី២៩ខែមករាឆ្នាំ២០១៤ ដែលបានស្រង់ប្រសាសន៍របស់លោកសាស្រ្តាចារ្យ លឹម កើកគី ជាប្រធានសមាគមជំងឺទឹកនោមផ្អែមកម្ពុជា។ PRI បានលើកឡើងថា នៅក្នុងមណ្ឌលព្យាបាលភូមិមួយក្នុងខេត្តសៀមរាប មានសម្បូរទៅដោយអ្នកជំងឺទឹកនោមផ្អែម ក្នុងវ័យជិត៤០ឆ្នាំ ជាវ័យដែលជំងឺនេះចាប់ផ្ដើមយាយី។ លោក លឹម កើកគី បានសង្ស័យថា នេះគឺជាកេរ្តិ៍មរតកមួយដែលបានបន្សល់ទុកពីសម័យខ្មែរក្រហមដែល គ្រានោះមនុស្សរាប់លាននាក់អត់អាហារ រហូតដល់ស្លាប់។ លោកលើកឡើងទៀតថា ភស្ដុតាងមួយចំនួនអំពីទំនាក់ទំនងគ្នារវាង ភាពអត់ឃ្លាននិងការកើតជំងឺទឹកនោមផ្អែម នៅអឺរ៉ុបកាលពីសម័យ សង្គ្រាមលោកលើកទី២ និងក្នុងប្រទេសចិននៅឆ្នាំ១៩៥៩ និង១៩៦០ជាពេលដែលប្រទេសចិនបាន ជួបនឹងគ្រោះអត់ឃ្លាន។
ប៉ុន្តែសម្រាប់បច្ចប្បន្ននេះ ការសម្បូរអាហារពេលក៏ជាបញ្ហាប្រឈម ដោយពលរដ្ឋខ្មែរជាច្រើនមិនបានយកចិត្តដាក់នឹងរោគសញ្ញាដំបូងៗ នៃជំងឺទឹកនោមផ្អែម រួមមានការស្រែកទឹក ឬឃ្លានអាហារខ្លាំង, និងការអស់កម្លាំង ជាដើម។ ការមិនព្យាបាលនោះ អាចនាំឲ្យឈានទៅរកការខូចសុខភាពកាន់តែខ្លាំងដែលនឹងឈានទៅរក មរណភាព កាន់តែលឿន។ ជាមួយគ្នានោះលោកសាស្រ្តាចារ្យ លឹម កើកគី ធ្វើការបកស្រាយអំពីការចុះខ្សោយ រួមជាមួយនឹងការផ្ដល់ព័ត៌មានអំពីសមាគមទឹកនោមផ្អែមកម្ពុជា ក៏ដូចជាការឆ្លើយពន្យល់អំពីហេតុផលជាច្រើនទៀតដែលនាំឲ្យជំងឺនេះមានកំណើន ពិសេសការទម្លាប់មិនយកចិត្តទុកដាក់នឹងការហាត់ប្រាណ ហើយនឹងការបរិភោគអាហារច្រើនៗនៅពេលមុនសំរាន្ត៕
ដោយ៖ ស.ស្អាត