ព្រះវិហារ៖ មនុស្ស៣នាក់ ដែលត្រូវបានទាហាថៃប្រើកាំភ្លើងបាញ់រះបាញ់ កាលពីចុងសប្តាហ៍មុន ខណៈពេលឡើងទៅកាប់ឈើមានតម្លៃនៅក្នុងប្រទេសថៃ ត្រូវបានរួចជីវិតត្រឡប់មកដល់ស្រុកកំណើតវិញហើយ។បើតាមប្រភពពីអាជ្ញាធរខេត្តព្រះវិហារបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ មានពលរដ្ឋខ្មែរប្រមាណជិត១០នាក់ បានឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃតាមច្រករបៀងតូច ដែលស្ថិតតំបន់ការពារព្រំដែននៃស្រុកជាំក្សាន្ត ដើម្បីលបចូលទៅកាប់ឈើក្រញ៉ូងមកឲ្យឈ្មួញនៅស្រុកខ្មែរ។
លោកស៊ី គីរីស្នងការខេត្តព្រះវិហារបានមានប្រសាសន៍ថា មកដល់ចំណុចមួយនៃខេត្តអ៊ូប៊ុន ប្រទេសថៃ ជនរងគ្រោះប្រមាណជិត១០នាក់ត្រូវបានអាជ្ញាធរថៃ ប្រើកាំភ្លើងបាញ់រះមកលើពួកគេ បណ្តាលមនុស្ស២នាក់រងរបួសធ្ងន់ និងប្រមាណ៥ទៅ៧នាក់ទៀត បានរត់គេចខ្លួនបាត់រហូតមកទល់ឥឡូវនេះ។ លោកបញ្ជាក់ថា៖«ខ្ញុំបានចាត់កម្លាំងឲ្យនគរបាលស្រុកជាំក្សាន្តបន្តចុះទៅពិនិត្យស្រាវជ្រាវទៅលើករណីខាងលើនេះ នៅតាមមន្ទីរពេទ្យខេត្តព្រះវិហារ ដើម្បីស្វែងរកជនរងរបួសនិងអ្នកដែលបាត់ខ្លួន។
រហូតមកដល់ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ អ្នករងរបួស២នាក់ខាងលើនេះ បាននាំគ្នាធ្វើដំណើរតាមរថយន្តតាក់ស៊ី ដើម្បីឆ្លងដែនត្រឡប់មកស្រុកខ្មែរវិញតាមច្រកព្រំដែនអូរជន់ ដែលស្ថិតនៅជិតតំបន់មុំបីនៃស្រុកជាំក្សាន្ត។
លោកម៉ៃ ពុធ អធិការរងស្រុកជាំក្សាន្តបានប្រាប់ឲ្យដឹងថា មានមនុស្ស២នាក់បានរងរបួសនៅក្នុងហេតុការណ៍បាញ់រះប្រហារខាងលើនេះ ប៉ុន្តែជាក់ស្តែងកម្លាំងសមត្ថកិច្ច នៅមិនទាន់ស្រាវជ្រាវរកឃើញជនសង្ស័យទាំងអស់នោះនៅឡើយទេ
លោកឡោ ចាន់មន្ត្រីសម្របសម្រួលអង្គការអាដហុកខេត្តព្រះវិហារបានឲ្យដឹងថា បើទោះបីជាពលរដ្ឋខ្មែរឡើងទៅកាប់ឈើនៅប្រទេសថៃក៏ដោយ ប៉ុន្តែអាជ្ញាធរថៃបានប្រើកាំភ្លើងបាញ់សម្លាប់ខ្មែរបែបនេះ គឺជាការរំលោភសិទ្ធមនុស្សដ៏ធ្ងន់ធ្ងរ។ យ៉ាងណាគួរតែចាប់ជនល្មើសទាំងនោះប្រគល់ឲ្យអ្នកជំនាញដាក់ទោសវិញ ដែលនេះគឺជាការគោរពសិទ្ធ។
កាលពីឆ្នាំ២០១៣កន្លងមកនេះ អង្គការសិទ្ធមនុស្សអាដហុកខេត្តព្រះវិហារបានទទួលបណ្តឹងពីប្រជាពលរដ្ឋ ដែលរងគ្រោះដោយ សារឡើងទៅកាប់ឈើហើយត្រូវទាហានថៃបាញ់មានចំនួន៥ករណី ក្នុងនោះស្លាប់៣នាក់និងជាប់ឃុំឃាំងចំនួន២នាក់ ដោយឡែកអ្នករង របួសមានចំនួនច្រើននាក់។ ដោយ៖ អភិរក្ស