ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីសម្ពោធ ពិព័រណ៍ពាណិជ្ជកម្មថៃ ឆ្នាំ២០១៤ កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ថា នៅឆ្នាំ ២០១៣ តួលេខពាណិជ្ជកម្មសរុប រវាងកម្ពុជានិង ថៃ មានទឹកប្រាក់ប្រហែល ៤.៥០៤,៥១លានដុលា្លរអាមេរិក ដែលក្នុងនោះទំនិញថៃនំាចូលមកកម្ពុជា មានទឹកប្រាក់សរុបប្រហែល ៤.១៥៣លានដុលា្លរអាមេរិក ហើយទំនិញពីរកម្ពុជាទៅប្រទេសថៃ មានទឹកប្រាក់សរុប ៣៥១,៥១លានដុលា្លរអាមេរិក។
លោក ស៊ុន ចាន់ថុល បន្តថា តួលេខពាណិជ្ជកម្ម ដែលមានការកើនឡើងជារៀងរាល់ឆ្នាំនេះ គឺដោយសារតែមានការទំនាក់ទំនង សេដ្ឋកិច្ចពាណិជ្ជកម្មដ៏ល្អ ប្រសើររវវាងប្រទេសទាំងពីរ ព្រមទាំងការចូលរួមយ៉ាងសកម្មពីរផ្នែកឯកជន ជាពិសេសបណ្តាពាណិជ្ជករ នៃប្រទេសទាំងពីរ។ លោកជឿរជាក់ ទំនាក់ទំនង ពាណិជ្ជកម្ម កម្ពុជានិងថៃ ត្រូវបានថែរក្សាគ្នាយ៉ាងល្អប្រសើរ ដោយមានការចូលរួមយ៉ាងពេញលេញ និងសកម្មផ្នែកឯកជន និង រដ្ឋាភិបាលនៃប្រទេសទាំងពីរ។គួរបញ្ជាក់ថា ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចូលពីថៃ ភាគច្រើនជាផលិតផល សម្រេច ដូចជាប្រេងឥន្ធនៈ ជីកសិកម្ម ស៊ីម៉ងត៍ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បន្លែផ្លែឈើ និងគ្រឿងសម្អាង រីឯផលិតផលនាំចេញរបស់កម្ពុជាទៅថៃវិញ ភាគច្រើនជាផលិតផលកសិកម្មរួមមាន អង្ករ ពោត ដំឡូងមី សណ្តែក និងផលិតផលនេសាទជាដើម៕ ដោយ៖ ស.ស្អាត