ឧត្តរមានជ័យ៖ ប្រភពពីអាជ្ញាធរច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យបានឲ្យដឹងថា អាជ្ញាធរថៃ បានធ្វើការដឹកបញ្ជូនសពពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោមមនុស្សឡើងទៅកាប់ឈើខុសច្បាប់នៅប្រទេសថៃជាច្រើននាក់ ហើយត្រូវបានទាហ៊ានថៃប្រើកំាភ្លើងបាញ់រះ កាលពីថ្ងៃទី១៩ ខែមករា បណ្តាលឲ្យមាន មនុស្សរត់គេចខ្លួនជាន់ជើងគ្នា ក្នុងនោះមានម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត។
ពាក់ពន្ធ័និងហេតុការណ៍ខាងលើនេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ មានមនុស្សប្រហែល៨នាក់បាននាំគ្នាលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ដើម្បីឡើងកាប់ឈើបេង ក្រញ៉ូង និងឈើមានតម្លៃផ្សេងៗទៀតនៅទីនោះ ប៉ុន្តែលុះមកដល់ចំណុចស្រុកកាប់ជើង ខេត្តសូរិន្ទ ប្រទេសថៃជនរងគ្រោះទាំង៨នាក់បានរត់គេចខ្លួនចែកផ្លូវគ្នា ខណៈពេលទាហ៊ានថៃការពារព្រំដែន បានប្រើកាំភ្លើងបាញ់រះមកលើពលរដ្ឋខ្មែរ បណ្តាលឲ្យឈ្មោះញឹម ឆក អាយុ៣៤ឆ្នាំ បានរងរបួសជើង ហើយរអិលធ្លាក់ចូលទៅក្នុងអាងទឹក១៥ ដែលមានជំរៅជ្រៅនិងស្លាប់បាត់បង់ជីវិតតែម្តង។
លោកផេម សំអាត ចៅសង្កាត់អូរស្មាច់បានឲ្យដឹងថា រហូតមកដល់វេលាម៉ោង១ និង៣០នាទី ថ្ងៃទី៥ ខែកុម្ភៈនេះ អាជ្ញាធរថៃបានបញ្ជូនសពបុរសម្នាក់មកដល់កម្ពុជាវិញ ដែលសពនោះមានភាពស្អុយហើមរលួយទៅហើយ។ លោកបន្តថា អាជ្ញាធរកម្ពុជាបានសម្រេចយកសាកសពជនរងគ្រោះទៅតំកល់នៅក្នុងវត្តអូស្មាច់ ដើម្បីរង់ចាំសាច់ញាតិមកទទួលយក។ លោកបញ្ជាក់ថា៖«នៅមិនទាន់ហ៊ានសន្និដ្ឋានថា មួយក្រុមនេះឡើងទៅប្រទេសថៃ ដើម្បីលួចកាប់ឈើគេរឺយ៉ាងណានៅ ឡើយទេ»។
លោកស្រី ណារ៉េន មន្ត្រីសម្របសម្រួលអង្គការអាដហុកខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងថា ក្នុងដើមខែមករា ឆ្នាំ២០១៤នេះអាដហុកបានទទួលករណីពាក់ពន្ធ័និងការបាញ់សម្លាប់ពលរដ្ឋខ្មែរមួយករណីហើយ រហូតមកដល់ថ្ងៃពុធនេះ ទើបកើតមានមួយករណីទៀត ដែលសរុបទាំងអស់ពីរករណីហើយ។
ពាក់ពន្ធ័និងករណីខាងលើនេះ លោកស្រី ណារ៉េន បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាត្រូវលុបបំបាត់ ឈ្មួញរកស៊ីឈើខុសច្បាប់នៅកម្ពុជាឲ្យអស់ ទើបអាចទប់ស្កាត់នូវករណីបាញ់ប្រហារពីទាហានថៃ ប៉ុន្តែ លោកបានបញ្ជាក់ដែរថា ការលុបបំបាត់ឈ្មួញឈើក្នុងពេលសព្វថ្ងៃគឺមិនមានប្រសិទ្ធភាពទេ ដោយចាប់ ហើយព្រលែងទៅវិញ ខណៈពេលអាជ្ញាធរទទួលបានលាភសក្តាៈរឺប្រយោជន៍ណាមួយ។
ដោយ៖ អភិរក្ស