ភ្នំពេញ៖ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យសិល្បៈទស្សនីយភាព និងល្ខោន នាដកម្ម ខ្មែរ បានជួបប្រទះនិងបញ្ហាប្រឈមចំពោះមុខយ៉ាងខ្លាំង ។ សិល្បករមួយចំនួនបានស្លាប់បាត់បង់ជីវិត អ្នកនៅសល់មានវ័យជរា និងអ្នកបង្កើតស្នាដៃផ្សេងៗមួយចំនួនកាន់តែចាស់ជរាទៅៗ ការបណ្តុះបណ្តាលសិល្បៈបន្តវេន និងការផ្ទេរចំណេះដឹងទាំងក្នុង និងក្រៅប្រព័ន្ធនៅមានកម្រិត។
រីឯចរន្តសកលភាវូបនីយកម្ម និងការរីកចំរើននៃបច្ចេកវិទ្យា កំពុងជំរុញឲ្យមានការហូរចូលនូវវប្បធម៌សិល្បៈមកពីខាងក្រៅក៏កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ថ្លែងនៅក្នុងឱកាស បើកមហោស្របសិល្បៈ មហាជនអភិវឌ្ឍន៍ថ្នាក់ជាតិ នាព្រឹកថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៤នេះ លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ដើម្បីទប់ស្កាត់និងឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការជំរុញការបង្ករបង្កើនផលិតផលវប្បធម៌ថ្មីៗបន្ថែមទៀតនោះទាមទារត្រូវមានវិធានការជាក់លាក់ និងសមស្របមួយចំនួន តាមរយៈការពអ្រឹងនិងអនិវត្តគោលគំនិត រដ្ឋគាំទ្រ ឯកជនអនុវត្ត និងជម្រុញឲ្យមានការ ចូលរួមឲ្យបានកាន់តែទូលំទូលាយពីសំណាក់ ក្រុមសិល្បៈមហាជន និងសមាគមន៍សិល្បក្រៅ រដ្ឋាភិបាល ដើម្បីលើកស្ទួយភាពជាម្ចាស់លើវិស័យនេះ។
កែលម្អរ បណ្តុះបណ្តាល ធ្វើទំនើបកម្ម សម្រាប់អ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកសំដែង និងអ្នកពាក់ព័ន្ធទាំងអស់ដោយឈរលើមូលដ្នានគ្រឹះនៃវប្បធម៌ប្រពៃណី និងអត្តសញ្ញាណជាតិ។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា គោលបំ ណងនៃការបើកមហោស្របឆ្នាំនេះ គឺដើម្បីជម្រុញធ្វើឲ្យសម្រេចគោលដៅ កម្ពុជា ព្រះរាជាណាចក្រវប្បធម៌ និងប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ឲ្យទៅជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរក្នុងបុព្វហេតុនៃការអភិរក្សនិងការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបិយ៍ជាតិឲ្យបានគង់វង់និងរីកចំរើនឡើងវិញនាថ្ងៃអនាគត។
លោកស្រីរដ្ឋមន្រ្តីបន្តថា ក្រសួង និងភាគីពាក់ព័ន្ធបានកសាងផែនការ និងសកម្មភាពប្រតិបត្តិរយៈពេល៥ឆ្នាំ ដោយផ្តោតលើការបណ្តុះបណ្តាល អ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកសំដែង អ្នកបច្ចេកទេស ការស្ថាបនាស្នាដៃថ្មី និងការបើកមហោស្រមមហាជនអភិវឌ្ឍន៍ថ្នាក់រាជធានី ខេត្ត ថា្នក់ភូមិភាគ និងថ្នាក់ជាតិ ដើម្បីអភិវឌ្ឍសិល្បៈមហាជនឲ្យក្លាយជាសិល្បៈអភិវឌ្ឍន៍ពិតប្រាកដ។
យ៉ាងណាក៏ដោយលោកស្រីរដ្ឋមន្រ្តី បានជម្រុញឲ្យសិល្បៈមហាជនទាំងអស់អភិវឌ្ឍន៍ខ្លួនប្រកបដោយគុណភាព និងមានលក្ខណៈសម្បត្តិ ដោយផ្តោតលើតួនាទីរូបវន្ត បម្រើឲ្យសេចក្តី សប្បាយរីករាយថ្លៃថ្នូរបស់មហាជន ប្រជាជន និងយុវជន ផ្តល់នូវសម្រស់វប្បធម៌ ២យ៉ាង គឺរូបសម្រស់ និងសារៈសម្រស់ និងបម្រើឲ្យមានការអប់រំ ការផ្សព្វផ្សាយឲ្យមានតម្លៃសិល្បៈ ព្រមទាំងការអភិវឌ្ឍន៍ចំណេះដឹងវប្បធម៌ជាតិផងដែរ។
លោកស្រី ភឿង សកុណា បានចាត់ទុកថា មហោស្រពលើកនេះ មានសារសំខាន់ ដល់ការលើកស្ទួយការចូលរួមរបស់មហាជន និងការលើកទឹកចិត្តសិល្បៈករ សិល្បៈការិនីទាំងអស់ក្នុងការប្រកួតប្រជែង សម្តែងសិល្បៈទស្សនីយភាពបង្កើនសមត្ថភាពនិងទេពកោសល្យច្នៃប្រឌិត សំដៅរួមចំណែកថែរក្សាការពារ តម្លៃ វប្បធម៌ប្រពៃណី ទំនៀមទំលាប់ ដែលជាបេតិកភណ្ឌអរូបីយរបស់ជាតិ ។ ឆ្លងតាមការបើកមហោស្រពនេះដែរ ក៏នឹងរកឃើញក្រុមសិល្បៈ មហាជនគំរូ ព្រមទាំងអាចប្រមូលផ្តុំបាននូវទិន្នន័យសិល្បៈមហាជនទូទាំងប្រទេស ដើម្បីចុះបញ្ជីសារពើភណ្ឌ បេតិកភណ្ឌអរូបីយជាតិ និងរក្សាទុកជាឯកសារសិក្សាស្រាវជ្រាវបន្តទៅអនាគត៕ ដោយ៖ សស្អាត