ឧត្តរមានជ័យ៖ ព្រះគ្រូមេគុណខេត្តឧត្តរមានជ័យ បានសម្រេចធ្វើការផ្លាស់ប្តូរដំណែងព្រះគ្រូចៅអធិការវត្តមួយអង្គព្រះនាម ហូយ ធន់វុឌ្ឍ ព្រះជន្ម៥៦ព្រះវស្សា ជាធម្មធរគុណខេត្តឧត្តរមានជ័យ គង់នៅក្នុងវត្តប្រិយសុភមង្គលបន្សាយរ៉ាក់ស្ថិតនៅក្នុងភូមិ-សង្កាត់បន្សាយរ៉ាក់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោយពេលដែលស្រ្តីដូនជីម្នាក់បានចោទព្រះចៅអធិការវត្តរូបនោះ ពីបទប្រើដំបងត្នោតវាយមកលើគាត់ជាច្រើនដំបង បណ្តាលឲ្យស្រ្តីដូនជីរងរបួសជាំពេញខ្លួន ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ព្រះតេជគុណ ប៊ុន សាលួត មេគុណខេត្តឧត្តរមានជ័យបានមានថេរៈដីការកាលពីថ្ងៃទី៥ ខែកុម្ភៈថា ព្រះអង្គបានចេញថ្លៃសំណងព្យាបាលទៅឲ្យស្រ្តីរងគ្រោះ ខណៈពេលដែលព្រះអង្គបានធ្វើការសម្របសម្រួលជាមួយស្រ្តីកាលពីល្ងាចថ្ងៃពុធ ទើបស្រ្តីខាងលើសុខចិត្តដកពាក្យបណ្តឹងចេញវិញ។ ព្រះតេជគុណបញ្ជាក់ថា៖« ដោយសារតែព្រះចៅអធិការវត្ត ហូយ ធន់វុឌ្ឍ មានអាពាធវង្វេងវង្វាន់លែងដឹងអ្វីអស់ហើយ ទើបអាត្មាសម្រេចធ្វើការផ្លាស់ប្តូរដាក់ចៅអធិការវត្តថ្មី រឺឯគ្រូចៅអធិការវត្តចាស់អាត្មាសម្រេចប្តូរកាន់តំណែងផ្សេងទៀតនៅក្នុងខេត្តឧត្តរមានជ័យវិញ»។នៅក្នុងសំនុំរឿងប្រើដំបងវាយទៅលើយាយជីម្នាក់យ៉ាងចាស់ដៃ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានកើតឡើងកាលពីថ្ងៃទី៣ ខែកុម្ភៈ។ រំលងបានមួយថ្ងៃក្រោយមក សាច់ញាតិព្រះចៅអធិការ បាននាំគ្នាធ្វើការជំលៀសព្រះអង្គចេញពីវត្ត ក្រោយពីមានហេតុការណ៍កើតឡើងរហូតមកទល់សព្វថ្ងៃនេះ។
លោកនួន អេត អធិការក្រុងសំរោង ខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងថា ក្រោយពេលកើតហេតុរួចមក សមត្ថកិច្ចមិនបានធ្វើការឃាត់ខ្លួនព្រះគ្រូចៅអធិការវត្តអង្គនោះឡើយ ព្រោះបងប្អូនរបស់គាត់បាននិមន្តព្រះអង្គចេញពីវត្ត ដោយអះអាងថា ព្រះចៅអធិការកំពុងមានជំងឺវង្វេង ហើយត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ»។ លោកបន្តថា លោកមិនទាន់ដឹងថា ព្រះគ្រូចៅអធិការវត្តអាចនិងត្រូវប្រឈម និងការឃាត់ខ្លួន រឺយ៉ាងណានៅឡើយទេ ព្រោះករណីនេះមានតែខាងមន្ទីរធម្មការ មេគុណខេត្ត និងអនុគុណស្រុកប៉ុណ្ណោះ ដែលអាចដោះស្រាយបាន ដោយឡែកលោកគ្រាន់តែចូលខ្លួនមកដោះស្រាយក្នុងសំនុំរឿងរដ្ឋប្បវេណីប៉ុណ្ណោះ។
លោកឆឹម តឿ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា រយៈពេលថ្មីៗនេះ ព្រះចៅចូលចិត្តនិមន្តជេរគេជេរឯងរហូត ដោយគ្មានមូលហេតុ ហើយនៅថ្ងៃកើតហេតុ ព្រះអង្គបានចោទយាយជីខាងលើថា ជាអ្នកចាប់ផ្សឹកភិក្ខុជាច្រើនអង្គនៅក្នុងវត្ត ទើបព្រះអង្គខឹងកាន់ដំបងវាយយាយជីតែម្តង ប៉ុន្តែយើងជឿជាក់ថា យាយជីឯណាមានសិទ្ធហ៊ានចាប់ផ្សឹកព្រះសង្ឈនោះ។
ដោយ៖ អភិរក្ស