ភ្នំពេញ៖ ជំរឿនប្រជាជនឆ្នាំ២០១៣បង្ហាញថា នៅកម្ពុជា មានជនពិការរហូតដល់ទៅជាង ៣០ ម៉ឺននាក់ ស្មើនឹង ២,០៦ភាគរយ នៃចំនួនប្រជាជនជិត១៥លាននាក់ (១៤.៦៧៦.៥៩១ នាក់)។ របាយការណ៍ថ្មីដែលបង្ហាញកាលពី ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៤នេះបានបញ្ជាក់ថា ជនពិការកើនឡើងរហូតដល់ទៅជាង១០ម៉ឺននាក់ បើធៀប និង ជំរឿន ឆ្នាំ២០០៨ ដែលមានជិត ២០ម៉ឺននាក់។
កំណើននៃពិការភាពនេះ ជាចំណោទបញ្ហាមួយដ៏ធំសម្រាប់ប្រទេសកម្ពុជាដែលកំពុងតែប្រឹងប្រែងរើខ្លួនចេញពី ភាពក្រីក្រ ។ ការកើនឡើងនៃពិការភាពរបស់កម្ពុជាគឺបណ្តាលមកពីបញ្ហាគ្រោះថ្នាក់ចរាចរ ដែលជាឃាតករលាក់ មុខដ៏គួរឲ្យបារម្ភ និងជាកង្វល់ដ៏ធំធេងនាពេលបច្ចុប្បន្ន ហើយក៏បណ្តាលមកពីករណីជាច្រើនទៀតដូចជាដោយ សារគ្រាប់មីននិងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ពីសម័យសង្រ្គាម និងពិការភាពពីកំណើត ដោយជំងឺផ្សេងៗផងដែរ។
យោងតាមការបញ្ជាក់ពីមន្រ្តីពាក់ព័ន្ធលើវិស័យនេះបានបង្ហាញថា ជនពិការជាច្រើននៅតែមានការរើសអើងពីសង្គម ហើយពួកគេហាក់កំពុងរស់នៅក្នុងពិភពមួយដាច់ដោយឡែក ។ បើទោះជាមានការអះអាងពីអង្គការពាក់ព័ន្ធ ក៏ដូច ជាជនពិការផ្ទាល់ថាជនពិការមិនមែនជាឧបសគ្គនៃការអភិវឌ្ឍន៍ប្រទេសក៏ដោយ ប៉ុន្តែពិការភាពក៏អាចនឹងក្លាយជាការរាំងស្ទះដល់ដំណើរការនៃអភិវឌ្ឍន៍សង្គមផងដែរ ដូច្នេះទាមទារឲ្យភាគីអ្នកពាក់ព័ន្ធ រាជរដ្ឋាភិបាលត្រូវតែគិតគូរនិងយកចិត្តដាក់ជាពិសេសលុបបំបាត់ការរើសអើងនិងជម្រុញឲ្យស្ថាប័នពាក់ព័ន្ធទទួលយកជនពិការធ្វើការងារទៅតាមលទ្ធភាពដោយមិនអាចមើលរំលងបានឡើយ។ដើម្បីឆ្លើយតបបញ្ហាពិការភាពនេះដែរក្នុងពេលកន្លងទៅនេះ មានព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីប្រកាស និងសារាចរណ៍ណែនាំ អំពីពិការភាពជាច្រើន ត្រូវបានដាក់ចេញ
។
ក៏ដូចជាវេទិកាជជែកពិភាក្សាពីភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀត ក៏ត្រូវបានបង្កើតឡើង ដើម្បីការពារ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការនៅកម្ពុជាផងដែរ។ ក្រៅពីនោះ មជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ជនពិការ ក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។សម្រាប់ឆ្នាំ២០១៤នេះ ក្រុមប្រឹក្សាសកម្មភាពជនពិការដែលជាសេនាធិការប្រតិបត្តិលើការងារពិការភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវផែនការបន្ថែមថ្មីៗជាច្រើនទៀត ដើម្បីជំរុញឲ្យជនពិការបានចូលរួមក្នុងកិច្ចការសង្គម និងការទទួលបានឱកាសស្មើភាពគ្នា ដូចជនមានការយសម្បទាធម្មតាដែរ។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងលើកទី១ ផែនការយុទ្ធសាស្រ្តជាតិស្តីអំពី ពិការភាព២០១៤-២០១៨ ដែលបានធ្វើឡើង កាលពីចុងឆ្នាំ២០១៣កន្លងទៅនេះ ដោយមានការចូលរួមពីលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីអង្គការរដៃគូជាតិ អន្តរជាតិជាច្រើនទៀត ។
សម្រាប់ផែនការយុទ្ធសាស្រ្តជាតិឆ្នាំ២០១៤-២០១៨វិញ មានរហូតដល់ទៅ៧ចំណុច ដែលសុទ្ធសឹងជាវិធានការ និងចំណាត់ការសំខាន់ៗ សម្រាប់ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ជនពិការ ដូចជា ការកាត់បន្ថយការរើសអើងនិងការរំលោភបំពានលើជនពិការ, កែលម្អលទ្ធភាពអាចប្រើប្រាស់បាន រួមទាំងបរិស្ថានរូបវ័ន្តនិងសង្គម សម្រាប់ជនពិការ, បន្តលើកកម្ពស់ជីវភាពរបស់ជនពិការឲ្យមានភាពល្អប្រសើរឡើង តាមរយៈការកាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូល, បន្តអនុវត្តច្បាប់ដែលមានស្រាប់ និង បង្កើតលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា, បង្កើតនិងពង្រឹងប្រព័ន្ធកិច្ចការពារសង្គម និងការផ្តល់សេវាសាធារណៈ ជូនជនពិការ រួមទាំងស្រ្តី និងកុមារ កំណែទម្រង់ និងជំរុញដំណើរការគ្រប់គ្រង ការអនុវត្តន៍ ក្នុងវិស័យពិការភាព ក៏ដូចការចងក្រងបណ្តាញ និងកិច្ចសហប្រតិបត្តិការនៅក្នុងកម្រិតជាតិ-អន្តរជាតិ ហើយឈានទៅពង្រីកក្នុងកម្រិតថ្នាក់ក្រោមជាតិ។
សូបបញ្ជាក់ថា នៅឆ្នាំ២០១៤នេះ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏នឹងចាប់ចេញយុទ្ធនាការពន្យល់សាធារណជនទូទៅឲ្យយល់កាន់តែច្បាស់ពីតួនាទីភារកិច្ចនិងជួយពង្រឹងការក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់រាជធានីខេត្ត តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងឈានទៅបង្កើតក្រុមការងារពិការភាពតាមក្រសួងស្ថាប័ន និងគណៈកម្មការ រាជធានី ខេត្ត ដើម្បីតាមដានសកម្មភាពជនពិការកម្ពុជា៕ដោយ៖ សស្អាត